Tuesday, January 31, 2017

គតិអប់រំ ពីសត្វស្វា ជាមួយសត្វលា


មានស្ត្រីម្ចាស់ខ្ទមម្នាក់អាស្រ័យរស់នៅតែម្នាក់ឯង ក្នុងខ្ទមមួយ ដោយភាពឯកោ នាងទើបរកសត្វមកចិញ្ចឹមទុកជាគ្នា បានពីរក្បាល គឺសត្វស្វានិងសត្វលា។

ថ្ងៃមួយស្រ្តីម្ចាស់ខ្ទមម្នាក់នេះ ត្រូវចេញទៅផ្សារ ដើម្បីទិញអាហារ មុននឹងចាកចេញពីខ្ទម នាងបានយកខ្សែមកចងកសត្វស្វា  និងចងជើងរបស់សត្វលាជាប់ទាំងពីរ ដើម្បីការពារមិនឲ្យសត្វចិញ្ចឹមទាំងពីរក្បាលនោះ ដើរទន្រ្ទានទៅមកក្នុងខ្ទម រហូតដល់ធ្វើឲ្យរបស់របរបាក់បែកខូចខាតអស់។

ភ្លាមៗ ពេលដែលស្រ្តីម្ចាស់ខ្ទមចេញពីខ្ទមផុត ស្វាដែលមានភាពឆ្លាត និងរប៉ិលរប៉ូច ជាគុណលក្ខណៈប្រចាំខ្លួននោះ ក៏ស្រាយចំណងចេញពីករបស់វាសន្សឹមៗ ថែមទាំងរពិស ទៅស្រាយខ្សែចងជើងឲ្យដល់សត្វលាផងទៀត ក្រៅពីនោះ សត្វស្វាក៏លោតកញ្ជ្រោល លោតបោះពួយពេញទាំងខ្ទម ទាល់តែធ្វើឲ្យរបស់របរផ្សេងៗ ជ្រុះរតាតរតាយពាសពេញទាំងខ្ទម មិនតែប៉ុណ្ណោះសោត ថែមទាំងទៅកកូរកកាយរុះរើ សម្លៀកបំពាក់របស់ស្ត្រីម្ចាស់ខ្ទម មកហែកខាំទាល់តែខូតខ្ទេចខ្មុក។ ក្នុងខណៈនោះដែរ សត្វលាបានតែឈរសម្លឹងមើលការលោតហក់របស់សត្វស្វានៅធម្មតាៗ។

មួយសន្ទុះមក ស្ត្រីម្ចាស់ខ្ទមម្នាក់នោះ ក៏ត្រឡប់មកពីផ្សារវិញ សត្វស្វាក្រឡេកមើលឃើញម្ចាស់កំពុងដើរមកតែពីចម្ងាយ ទៅតាមមាត់បង្អួច ក៏ប្រញាប់យកខ្សែមកចងកខ្លួនឯងជាប់ ដូចដើម និងនៅសង្ងំស្ងៀមឈឹង។

ចំណែកឯស្រ្តីម្ចាស់ខ្ទម ពេលបើទ្វារខ្ទមចូលមក ឃើញរបស់របររបស់ខ្លួន ត្រូវរុះរើកកូរកកាយរាត់រាយរតាតរតាយដូចនោះ កើតមានកំហឹងឡើងភ្លាម បែរមកមើលសត្វស្វា និងសត្វលា ដើម្បីឲ្យដឹងថា អាមួយណាជាអ្នកបង្ករឿង និងឃើញសត្វលារបូតចំណងចេញពីជើង មិនមានលក្ខណៈដូចដើម នាងក៏គិតក្នុងចិត្តថា សត្វលានេះឯង គឺជាសត្វបង្កបញ្ហា ធ្វើឲ្យខ្ទមរបស់នាងមានសភាពមិនខុសពីរោងដាក់សម្រាម។ ដូចនោះ ស្រ្តីម្ចាស់ផ្ទះ ទើបរត់ទៅយកកំណាត់ឈើ នៅខាងក្រៅផ្ទះ មកវាយទំពងយ៉ាងអស់ទំហឹង ហើយសត្វលាដែលគួរឲ្យអាណិត បានតែស្រែកយំ ដោយភាពឈឺចាប់ ទាល់តែដាច់ខ្យល់ស្លាប់ ដោយមិនអាចធ្វើអ្វីបានឡើយ។

       ប្រហែលជាមានមនុស្សច្រើនណាស់ មិនសូវជាចូលចិត្តវគ្គបញ្ចប់នៃរឿងនិទាននេះណាស់ណ៎ាទេ ដោយសារតែអាណិតសត្វលា ដែលមិនបានធ្វើអ្វីខុស តែបែរជាត្រូវម្ចាស់ធ្វើទោសដល់ស្លាប់ខ្លួន ចំណែកឯសត្វស្វាជាដើមហេតុពិតប្រាកដ ត្រឡប់បែរជារួចផុតពីទោស និងមិនបានទទួលផលកម្មអ្វីសោះ។

តែតាមការពិតទៅ និទានរឿងនេះ ចង់ចង្អុលបង្ហាញឲ្យឃើញ អំពីភាពជាដឹកនាំរបស់ស្រ្តីម្ចាស់ខ្ទម ដែលមិនបានគិតពិចារណាមើលហេតុការណ៍ ឲ្យបានច្បាស់លាស់ ជឿលើត្រឹមតែខ្លួនឯងបានឃើញហើយ ដាក់ទោសទៅតាមអារម្មណ៍ និងបទពិសោធផ្ទាល់ខ្លួន។ នាងមើលឃើញទៅលើតែរបស់របរបាត់បង់ខូចខាត និងមើលឃើញសត្វលាដែលរបូតខ្សែចំណង ហើយសម្រេចចិត្តថា សត្វលាប្រហែលជាអ្នកធ្វើ ដោយមិនបានមើលឃើញថា សត្វលាមិនមានបញ្ញា និងស្រាយខ្សែចំណងបាន និងមិនមាននិស្ស័យចូលចិត្តរុះរើបំផ្លិចបំផ្លាញ នាងមើលឃើញសត្វស្វានៅមានចំណងមាំដូចដើម ក៏គិតថាសត្វស្វាប្រហែលជាមិនមែនអ្នកបង្កបញ្ហានេះទេ តែមើលមិនឃើញមិនយល់ថា អ្នកដែលគួរនឹងស្រាយចំណងខ្សែនោះបាន និងមាននិស្ស័យរប៉ិលរប៉ូចរុះរើបំផ្លិចបំផ្លាញបាននោះគឺ សត្វស្វា។ តាមពិត បើនាងចេះត្រួតពិនិត្យស្នាកស្នាមភាពខាតបង់បន្តិចនុ៎ះ នាងនឹងមើលឃើញដានជើង និងធ្មេញរបស់សត្វស្វាខាំខ្ចាត់ខ្ចាយពាសពេញបន្ទប់ហើយ ប្រហែលជាមិនមើលឃើញដានជើងរបស់សត្វលាឡើយ ព្រោះសត្វលាមិនបានដើរចេញទៅណា។ 

ការសរសេរប្រែដាក់បង្ហោះនេះ ទុកជាគតិក្នុងការគិតពិចារណាសម្រាប់ថ្នាក់ដឹកនាំអង្គភាព ឬស្ថាប័ន កុំបណ្ដោយឲ្យសត្វស្វាបង្កបញ្ហា តែសត្វលាទទួលរងគ្រោះជំនួសទៅវិញ
---------------------------------
ប្រភព៖ Winne.ws 
ប្រែ. ចាន់

No comments:

Post a Comment