Tuesday, February 14, 2017

គិតចង់មានដៃគូជីវិត ត្រូវរៀនស្គាល់ (គតិធម៌សម្រាប់ដៃគូជីវិត)សិន


- ចូរស្រឡាញ់ប្រកបដោយបញ្ញា តែកុំស្រឡាញ់ដោយរាគៈតណ្ហា
- ទីណាមានស្នេហា (ខ្វះសតិ) ទីនោះមានក្តីទុក្ខ
- ទីណាមានស្នេហា (ដោយមានសតិ) ទីនោះមានក្តីសុខ
- ស្នេហា គួរណាតែគេនាំយកមកប្រើ ជាកម្លាំងបណ្ដាលចិត្ត ក្នុងការកសាងអនាគត ដ៏ល្អផូរផង់រួមគ្នា មិនមែនធ្វើខ្លួន បំផ្លាញអនាគតទេ
- ស្នេហាបរិសុទ្ធដែលមានស្ថេរភាព គួរផ្ដោតទៅលើមូលដ្ឋានគ្រឹះ ទ្រឹស្ដី ៤ប្រការ ពោលគឺ
១. សមសទ្ធា មានសទ្ធាស្មើគ្នា (ជឿជាក់លើវត្ថុតែមួយដូចគ្នា ដូចជាមានសទ្ធាជឿងលើកម្មផលដូចគ្នា)
២. សមសីលា មានសីលស្មើគ្មា (មិនក្បត់ចិត្តគ្នាទៅវិញទៅមក ដូចជាប្រពន្ធមួយម្តីមួយមិនខ្លាចខ្វះសុភមង្គលក្នុងជីវិត)
        ៣. សមចាគា មានការលះប៉ងស្មើគ្នា (ជាមនុស្សចូលចិត្តបំពេញសេចក្ដីល្អ និងគិតចេះលះបង់សេចក្ដីសុខផ្ទាល់ខ្លួន ដើម្បីសេចក្ដីសុខរួមគ្នា)
៤. សមបញ្ញា មានបញ្ញាស្មើគ្នា (មានកម្រិតសតិបញ្ញាស្មើគ្នា ឬប្រហាក់ប្រហែលគ្នា)។
- កុំស្រឡាញ់ដល់ថ្នាក់ភ្នែកខ្វាក់ងងឹតមុខ ដល់មើលអ្វីៗលែងឃើញច្បាប់ទម្លាប់ចរិយធម៌របស់សង្គមជាតិខ្លួន។
- កុំស្រឡាញ់ដល់ខ្វាក់ភ្នែក ពិការចិត្ត ដល់លែងមើលឃើញ រំលងក្បាលឪពុកម្ដាយ ដែលខំបង្កើតចិញ្ចឹមថែរក្សាខ្លួនយ៉ាងលំបាកមក។
- គ្រប់ពេលដែលមានស្នេហា  គួរបង្ការចិត្តទុកឲ្យហើយ សម្រាប់ការខូចចិត្ត ដែលកើតឡើងគ្រប់ពេលជានិច្ច។
- ទីណាមានស្នេហា ទីនោះ (អាចមានទុក្ខសោក), ទីណាមានការក្បត់ចិត្តគ្នា ទីនោះមានកម្មពៀរ, ទីណាមានសហាយស្មន់ ទីនោះមានការគ្រាំគ្រាចិត្ត។
- មនុស្សគ្រប់រូប ដែលមានស្នេហា គួរភាវនាគាថាការពារទឹកភ្នែកស្រក់ ត្រង់ពាក្យថា មិនប្រាកដ មិនសមដូចចិត្ត មិនមានអ្វីគ្រប់១០០% ទាំងអស់ទេទុកជានិច្ចនិរន្ដរ៍។
- ជ្រើសរើសមនុស្សធ្វើជាដៃគូជីវិត កុំមើលតែមុខមាត់ ទ្រព្យធន់ តែគួរពិចារណាទៅដល់និស្ស័យ សតិបញ្ញា និងគុណធម៌ដែលគេមានផង។
- បុរសចូលពេចពិលរមិលមើលឲ្យឃើញពីភាពជាម្ដាយ ដែលមាននៅក្នុងស្រ្តីគ្រប់រូប ចំណែកនារី ក៏ចូរពេចពិលរមិលមើលឲ្យឃើញពីភាពជាឪពុក ដែលមាននៅក្នុងបុរសគ្រប់រូប។
- ស្នេហាមិនមែនជាជីវិតទាំងមូលទេ កុំបូជាគ្រប់យ៉ាង ដើម្បីស្នេហា ដល់អស់ភាពជាមនុស្សអី។
- ចូរចេះរៀន ត្រង់ការអភិវឌ្ឍស្នេហាពីថ្នាក់ទាប ទៅកាន់សេ្នហា ដែលកសាងដើម្បីស្រោចស្រង់ពិភពលោក ព្រោះមនុស្សគ្រប់រូបមានសមត្ថភាព ត្រង់នឹងស្រឡាញ់បានច្រើនជាង ការស្រឡាញ់ខ្លួន, ស្រឡាញ់ស្មោះសរ គួរណាស់ សាងឲ្យបាន ៤ កម្រិតគឺ៖
       ១) ស្រឡាញ់ខ្លួនខ្លាចស្លាប់ (ស្រឡាញ់ជាមូលដ្ឋានគ្រឹះលំដាប់សញ្ជាតិញាណ)
       ២) ស្រឡាញ់ប៉ងប្រាថ្នា (ស្រឡាញ់ផ្អែកលើកាមារម្មណ៍)
       ៣) ស្រឡាញ់មេត្តាករុណា (ស្រឡាញ់ផ្អែកលើការបន្ដពូជពង្ស និងសម្ព័ន្ធភាព)
       ៤) ស្រឡាញ់ក្នុងការឲ្យ (ស្រឡាញ់ចេញផុតពីអត្តា ត្រូវការអភិវឌ្ឍទាំងពិភពលោក ឲ្យមានសេចក្ដីសុខ)៕

អរគុណទិន្នន័យ dhammatoday.com



1 comment:

  1. អានចប់ហើយជក់ចិត្តណាស់

    ReplyDelete