Tuesday, February 14, 2017

ទិវានៃក្ដីស្រឡាញ់.. គឺជាថ្ងៃនៃក្ដីស្រឡាញ់សាកល


ថ្ងៃនេះ គឺជាថ្ងៃទិវានៃក្ដីស្រឡាញ់ ១៤កម្ភៈ ២០១៧ ហើយយុវ័យមួយចំនួន ជាពិសេសចំពោះយុវ័យខ្មែរ ក៏កំពុងពុះកញ្ជ្រោលភ្លើតភ្លើនអារម្មណ៍ ទៅតាមប្រពៃណីជាតិលោកខាងលិច ដែលគ្មានអ្វីជាប់ទាក់ទង់ ជាមួយរឿងប្រពៃណីរបស់ជាតិខ្លួន សូម្បីតែបន្តិច។
ថ្ងៃទិវានៃក្ដីស្រឡាញ់ពិត គឺជាទិវានៃក្ដីស្រឡាញ់សាកល គឺថាស្រឡាញ់គ្រប់មនុស្សទូទាំងសាកលលោក ដោយមានបំណងល្អ មិនមានកិលេសតណ្ហា រាគៈតម្រេកកាមគុណ ចូលមកឡូកឡំច្របូកច្របល់ជាមួយទេ ជាសេចក្ដីស្រឡាញ់ ដើម្បីមនុស្សជាតិនៃបុគ្គល ដែលមានចិត្តខ្ពស់ ចង់ឲ្យមនុស្សជាតិមានសេចក្ដីសុខ ឲ្យមនុស្សចេះស្រឡាញ់គ្នា មិនឈ្លោះវិវាទទាស់ទែងគ្នា មិនប្រឆាំងដណ្ដើមកិបកេងប្រវ័ញ្ចគ្នា ធនធានមានក្នុងលោកនេះ អាចបែងចែករំលែកដល់គ្នាបាន។ 
ក៏ប៉ុន្តែមើលពីភាពជាក់ស្ដែង គេយកមកបក់ស្រាយទៅជារឿងខុសអស់ ប្រែចូលទៅខាងកិលេសចិត្ត ប្រាសចាកអត្ថន័យដើម តាមពិត គេសំដៅទៅរកសេចក្ដីបរិសុទ្ធរបស់កាយវាចាចិត្ត ហើយគេប្រែក្លាយវាទៅជាទិវា ដែលមិនបរិសុទ្ធកាយវាចាចិត្តទៅវិញ។ ឥឡូវនេះ វាកំពុងបានរាតល្បាតពេញស្រុកទេសអស់ទៅហើយ វាកើតទៅជារឿងការចូលចិត្តណាស់ អារឿងទុំមុនស្រគាលហ្នឹង ហើយក៏មិនមានអាជ្ញាណាមួយ ទៅការពារ ហាមប្រាម ឬក៏បកស្រាយពន្យល់ ឲ្យដឹងអំពីបញ្ហាទាំងអស់នេះដែរ។
ហាមប្រាមបុគ្គល ដែលជាមេនាំរឿង គឺនាំរឿងមិនល្អ តាមរយៈមេនាំភ្លើង ចូលស្រុកទេស ហើយយុវ័យទើបនឹងកើតមកថ្មីៗក្នុងលោកនេះ មិនទាន់រឹងមាំល្អនៅឡើយ ពួកគេនឹងចង់ដឹងចង់ចេះរឿងរ៉ាវ អ្វីៗច្រើនយ៉ាងទៀត ក៏នឹកថា វាជារឿងដែលត្រូវ ព្រោះមិនឃើញចាស់ទុំណា ទៅហាមឃាត់ខារខាំងគ្នា មិនទៅហាមឃាត់គ្នា ក៏យល់ធ្វើជារឿយៗទៅ រហូតដល់វាមិនរួច មិនអាច ម្លោះហើយទើបនាំគ្នាហាមប្រាមពួកគេ ហើយក៏ហាមប្រាមលែងបាន។
ក្នុងទីបំផុត ក៏រកវិធីការពារ ដោយវិធីអប់រំសិក្សាផ្លូវភេទ តាមសាលារៀន គ្រូតូចខ្មាសអៀន ខ្មាសជំនួសឲ្យ លោកតា លោកយាយ ពុក ម៉ែ ពូ មីង និងពួកទេវតាដែលនៅលើភពផែនដីមួយនេះ ហើយរហូតដល់ថ្នាក់ ទៅលក់ស្រោមអនាម័យ ចែកស្រោមអានាម័យ ឈរចែកក៏មាន ឈរលក់ក៏មាន ហើយថែមទាំងប្រូម៉ូសិន ឃោសនា ការទំនាក់ទំនងសាធារណៈ វាច្រួលច្របល់ ឡូកឡំបល់គ្នា ទៅជារឿងធំអស់ហើយ គ្រូតូចយល់ថា វាមិនត្រឹមត្រូវឡើយ។
ប្រសិនបើ និយាយពី ផ្ទះ វត្ត សាលារៀន ផ្ដល់ការសហការគ្នា គឺបុគ្គលអ្នកគ្រប់គ្រងផ្ទះ ក៏ប្រិតប្រៀនឲ្យបានល្អ ទោះបីថា យើងនឹងហត់នឿយមក ពីបំពេញការងាររកស៊ីក៏ដោយ ប៉ុន្តែនោះ ជាកូនចៅ កូនក្មួយរបស់យើង ដែលត្រូវបន្តទៅថ្ងៃអនាគតរបស់ជាតិ ជាអ្នកតំណាងឲ្យវង្សត្រកូល ដែលជាអ្នកទទួលខុសត្រូវ ទាក់ទងជាមួយរឿងនេះ ជាតិ សង្គម ប្រទេសជាតិ និងក្រុមមនុស្សក្នុងជាតិទាំងមូល ត្រូវប្រិតប្រៀនឲ្យបានល្អ។
នៅតាមសាលារៀន លោកគ្រូអ្នកគ្រូ ត្រូវបានគេប្រដូចជាឪពុកម្ដាយ ទីពីរ ត្រូវស្រឡាញ់ដូចជាកូនជាចៅបង្កើត ទុកណាជាមិនបានផ្ដល់កំណើតឲ្យពួកគេក៏ដោយ ក៏ត្រូវចាំការពារ ដោយការយកចិត្តទុកដាក់ឲ្យបានមែនទែន ដោយការចាប់ផ្ដើមពីលោកគ្រូអ្នកគ្រូជាមុនសិន។
លោកគ្រូអ្នកគ្រូត្រូវជាដើមបុណ្យ ជាគំរូដ៏ល្អ ជាឧទាហរណ៍យ៉ាងប្រពៃ ឲ្យសិស្សានុសិស្សរៀនមើល រៀនធ្វើតាម ជាអ្នកមិនទទួលទានគ្រឿងស្រវឹង ពិសារបារី មិនមែនជាព្រាន មិនលេងល្បែងស៊ីសង ហើយមានចំណេះដឹង បង្ហាត់បង្ហាញពីទោស ពីភ័យ ទាំងក្នុងបច្ចុប្បន្ន និងក្នុងសង្សារវដ្ដ ដែលមានអ្វីៗគ្រប់សព្វបែបយ៉ាង។ រឿងទាំងអស់នេះ ត្រូវទៅសិក្សា ស្វែងរកចំណេះដឹងមក រួចហើយផ្ទេរចំណេះដឹងទាំងអស់ហ្នឹង ទៅដល់កូនសិស្ស ប្រកបដោយក្ដីស្រឡាញ់ ដូចជាកូនជាចៅបង្កើតខ្លួន ដោយរួមសហការគ្នាឲ្យបានល្អ ដើម្បីសង្គម ដើម្បីមនុស្សជាតិ។
ព្រះភិក្ខុសង្ឃ អង្គសាមណេរ ក៏ត្រូវធ្វើតួនាទី ជាគ្រូបង្ហាត់បង្រៀនអប់រំសីលធម៌ ត្រូវនាំយកពុទ្ធិ ការចេះចាំរឿងច្បាប់នៃកម្ម មកនិយាយបរិយាយ យកមកអប់រំគ្នាគ្រប់វត្តអារាម។ បើផ្ទះ វត្ត សាលារៀន អ្នកគ្រប់គ្រងស្ថាប័នផ្សេងៗ និងខាងរដ្ឋបាល បានរួមសហការគ្នា វាងាយស្រួល វាមិនបាកអ្វីទេ ដោះស្រាយបានងាយ៕

អប់រំដោយ
លោកគ្រូតូច

No comments:

Post a Comment