Thursday, February 23, 2017

ការជ្រើសរើសដៃគូជីវិត


ការមានសង្សារ
សង្សារប្រែថា គ្រាន់ត្រឹមតែមិត្តម្នាក់ប៉ុណ្ណោះ
...ពុំមែនជារឿងអ្វីយ៉ាងដទៃ
ត្រូវមើលចិត្តគ្នាជាមុនសិន  
ពេលរៀបការជាមួយគ្នាហើយ ...
ចាំទៅមើលខ្លួនបន្ដទៀត។

ចាស់បុរាណ លោកតែងតែផ្ដល់ល័ក្ខគោលក្បួនច្បាប់ ក្នុងការជ្រើសរើសដៃគូជីវិត គួរឲ្យចាប់អារម្មណ៍ណាស់ ទុកក្នុងការគិតពិចារណា
ការស្អាត មានទ្រព្យ មានវិជ្ជា មានមារយាទ មានជាតិត្រកូលល្អ និងមានសីលធម៌
មានរូបស្អាត តើរូបសង្ហារទេ ស្អាតល្អទេ?
មានទ្រព្យ តើមានទេ បើមិនមាន វានឹងមានកម្លាំងសង្កត់សង្កិន សង្រ្គាមសេដ្ឋកិច្ច នឹងកើតមានឡើងនៅក្នុងផ្ទះ។
មានវិជ្ជា តើគេមានការរីកចម្រើនផ្នែកសិក្សាយ៉ាងម៉េចដែរ?
មានមារយាទ តើគេមានមារយាទយ៉ាងម៉េច ចូលក្នុងល័ក្ខគោលចាស់ទុំ មានភាពទន់ភ្លន់ សុភាពរាបសារ ចេះគោរពឱនលំទោនទេ? រឿងបែបនេះ ត្រូវត្រួតពិនិត្យមើលឲ្យបានច្បាស់លាស់។
មានជាតិត្រកូលល្អ មើលនូវវង្សត្រកូល តើគេមានខ្សែស្រឡាយជាតិល្អឬទេ? ស៊ើបអង្កេតតាមដានមើល តើខ្សែស្រឡាយជីដូនជីតា មាតាបិតា ជាអ្នកមានសីលធម៌ទេ? ជាអ្នកគោរពរាប់អានព្រះពុទ្ធសាសនា មានវប្បធម៌ជាពុទ្ធសាសនិក អ្នកស្រឡាញ់គ្នាចិត្តមួយថ្លើមមួយទេ ឬក៏មានអ្វីផ្សេងពីនេះ?
មានសីលធម៌ នឹងត្រូវត្រួតពិនិត្យមើលតទៅទៀតថា តើមនុស្ស ដែលយើងកំពុងសេពគប់នោះ មានសីលធម៌ ដូចជាបុព្វបុរសគេទេ? មើលដំរី គេឲ្យមើលកន្ទុយ មើលនាង គេឲ្យមើលចិត្តមុនសិន តើចិត្តនាងដូចជាផ្លូវរថឬទេ?
កុំភ្លេចថា យើងកំពុងនឹងជ្រើសរើសឪពុករបស់កូន ឬម្ដាយរបស់កូនណ៎ា ហើយជ្រើសរើសដៃគូជីវិត ដែលគេមកនៅក្បែរខាងយើង តើនឹងកសាងបំពេញបារមីរួមគ្នា មានសទ្ធា មានសីល មានទិដ្ឋិ ស្មើគ្នាឬទេ? តើមានសទ្ធាក្នុងគុណព្រះរតនត្រៃដូចគ្នាទេ? តើសីល៥ មានដូចគ្នាទេ? ចុះមានសម្មាទិដ្ឋិដូចគ្នាទេ? តើជឿរឿងបាបបុណ្យ គុណទោស មានប្រយោជន៍ និងឥតប្រយោជន៍ ក្នុងរឿងទាំងអស់នេះទេ?
ព្រោះដូចនោះ យើងត្រូវមើលចិត្តគ្នាមុន ពេលណា វាត្រូវតាមល័ក្ខគោលក្បួនច្បាប់ហើយ រៀបការ ចុះសំបុត្រអាពាហ៍ពិពាហ៍រួមគ្នារៀបរយហើយ សម្រេចចិត្ត នឹងមានដៃគូជីវិតជាមួយគ្នាហើយ ទើបចាំមើលខ្លួនជាបន្ត។
បើមើលចិត្ត មើលឲ្យបានយូរបន្តិច ព្រោះបើមើលឆាប់ពេក វាអាចជាការសាងរូបភាពមាយាបាន គឺឲ្យគេមកស្រឡាញ់យើង វាក៏ធ្វើខ្លួនគួរឲ្យស្រឡាញ់ ព្រោះដូចនោះ ត្រូវមើលគេឲ្យបានយូរ មើលក្នុងពេលដែលគេភ្លេចខ្លួន មើលឲ្យបានរឿយៗ ហើយមានរយៈ កុំឲ្យសត្រូវរុលចូលមកជិតស្និត យើងត្រូវប្រើកម្លាំងស្រ្តី ឬកម្លាំងទប់ទល់ឲ្យបានមុន។
ហើយវប្បធម៌សាកល្បងនៅរួមរស់ជាមួយគ្នា មុនពេលរៀបការយ៉ាងនេះ ជារឿងមិនត្រឹមត្រូវទេ មិនមែនជាការសាកល្បងវិទ្យាសាស្ត្រទេ រឿងនោះអាចយកជាការពិតបាន មានន័យថា នៅមិនទាន់យល់ថា ការណ៍ដែលមនុស្សយើងស្រឡាញ់គ្នា តើដើម្បីអ្វី?
ជីវិតដៃគូមិនមែនជារបស់សាកល្បង វាជារឿងប្រសើរថ្លៃថ្លា ជារឿងសំខាន់ និងជារឿងសក្ដិសិទ្ធិ។ សំខាន់ ត្រង់យើងធ្វើជាផ្លូវឆ្លងកាត់មករបស់កាយល្អិតសុខុម ជាមនុស្សមកសាងបារមី និងលើកជីវភាពរបស់យើងឡើង ទៅធ្វើជាឪពុកម្ដាយ ដែលក្រៅពីប្រពន្ធប្ដី វាត្រូវមានថ្នាក់មានកម្រិត វាជាគូស្នេហ៍ ជាស្វាមីភរិយា និងជាមាតាបិតា ជាគ្រូ ជាទេវតា រហូតដល់ជាព្រហ្ម និងព្រះអរហន្ដ(ព្រះរស់)ក្នុងផ្ទះរបស់កូនៗ ត្រូវតែលើកតម្កើងឡើងនូវចំណុចទាំងអស់នោះ វាត្រូវមានថ្នាក់ មានកម្រិត យ៉ាងនេះ ទើបនឹងត្រូវតាមគោលការណ៍ច្បាប់ក្បួន៕

លោកគ្រូតូច





No comments:

Post a Comment