នៅព្រឹកថ្ងៃមួយនោះ
មានស្ត្រីម្នាក់អ្នកនគរជីម៉ តំបន់ឈី កាន់កន្ត្រកដើរផ្សារ
គ្រួសាររបស់នាងមានទ្រព្យសម្បត្តិស្តុបស្ដម្ភ ហើយនាងជាមនុស្ស ដែលចូលចិត្តតុបតែងខ្លួន
ដោយគ្រឿងលំអ សំលៀកបំពាក់ ដែលនាងស្លៀកពាក់ ទើបជាឈុត ដែលស្អាតទាន់សម័យកាល
ត្រង់កដៃខាងស្ដាំរបស់នាង ពាក់កងដៃមាសមួយគូ ដែលឆ្លុះពន្លឺរស្មីព្រះអាទិត្យព្រិចៗ។
នាងបានដើរចេញពីផ្ទះមិនយូរប៉ុន្មាន ក៏ដឹងថា
មានប្រុសម្នាក់ដើរតាមនាងជាប់ពីក្រោយ រក្សាចម្ងាយពីខ្លួននាងមិនឆ្ងាយ
នាងមានមន្ទិលសង្ស័យខ្លះដែរ ប៉ុន្តែពេលនាងគិតមើលប្រុសម្នាក់នោះ ពីការស្លៀកពាក់សុភាពរាបសា
មានឫកពាជាសុភាពបុរស មិនដូចជាជនខិលខូចឡើយ ដូចនោះ ទើបនាងលែងគិតខ្វល់លែងព្រួយបារម្ភអ្វីទាំងអស់។
ពេលនាងដើរជិតដល់ផ្សារ
សងខាងផ្លូវមានហាងលក់ដូរជាហូរហែ មនុស្សដើរទៅមកលើផ្លូវខ្វាត់ខ្វែងពពាក់ពពួនគ្នា
នឹកស្មានមិនដល់ ក្នុងខណៈពេលនោះឯង ប្រុសម្នាក់នោះក៏ចាប់ផ្ដើម កញ្ឆក់ទាញកងដៃមាសត្រង់កដៃរបស់នាង
ហើយរត់គេចទៅបាត់យ៉ាងឆាប់រហ័ស។ នាងប្រញាប់ស្រែកឆរឡោឡើងភ្លាមថា៖ “ជួយផង
ជួយចាប់ចោរផង គេឆក់លួយកងដៃមាសរបស់ខ្ញុំទៅហើយ”។
មនុស្សម្នាដែលកំពុងចារាចរណ៍ទៅមក ម្នាក់ៗក៏ជួយដេញចាប់ចោរម្នាក់នោះទៅ
អស់ពេលមួយសន្ទុះក៏ចាប់បានចោរនោះ បាននាំយកចោរនោះ ទៅប្រគល់ឲ្យប៉ូលិស នៅឯបុស្ដិ៍ប៉ូលិស។
ចោរម្នាក់ក៏បានសារភាពដោយស្រួលថា ខ្លួនពិតជាបានលួចឆក់ដណ្ដើមរបស់របរអ្នកដទៃមែន
ព្រមទាំងប្រគល់សងកងដៃមាសនោះ ឲ្យទៅប៉ូលិសវិញ។ ប៉ូលិសសួរគេថា៖
“ខ្ញុំមានអារម្មណ៍ចម្លែកចិត្តខ្លាំងណាស់ កន្លែងដែលកើតហេតុជាតំបន់លក់ដូរមួយ
ដែលមានមនុស្សកកកុញពពាក់ពពូនគ្នា អ្នកដឹងច្បាស់ស្រាប់ហើយថា វាមិនអាចរត់គេចបាន
ចុះហេតុអីនៅតែប្រព្រឹត្ត នូវការឆក់របស់របរអ្នកដទៃទៀត?”
ចោរឆក់កងដៃនោះឆ្លើយតបថា “តាំងតែពីចេះលួចឆក់មក
ខ្ញុំក៏មិនបានមើលឃើញមនុស្សម្នា ដែលដើរទៅមកអ្វីទាំងអស់ទេ ភ្នែករបស់ខ្ញុំមើលឃើញតែកងដៃមាស
ដែលដេញពន្លឺថ្ងៃផ្លេកៗមួយគូនេះប៉ុណ្ណោះ។
ប្រិយមិត្តបានអានរឿងនេះចប់ហើយ មើលពីសំបកក្រៅ
អាចមើលទៅរៀង គួរឲ្យអស់សំណើចបន្តិចមែនថា ចោរអីក៏ល្ងង់យ៉ាងនេះ មាននៅក្នុងលោកមួយនេះដែរ
ប៉ុន្តែសូមមេត្តាឲ្យសាកគិតពិចារណាឲ្យគ្រប់ជ្រុងជ្រោយ ល្អិតល្អន់សិន
ប្រិយមិត្តអាចនឹងរកឃើញថា មនុស្សក្នុងលោកនេះ
ដូចជាចោរឆក់កងដៃមាសម្នាក់នេះ មានច្រើនណាស់ សូម្បីតែខ្លួនយើង
ពេលខ្លះក៏អាចធ្លាប់បានធ្វើ អាចមិនខ្លាំងដល់ទៅ ថ្នាក់កញ្ឆក់ដណ្តើមរត់គេចពីនរណា
ប៉ុន្តែរឿងរ៉ាវខ្លះ អាចប្រព្រឹត្ត ធ្វើតាមទំនងនេះបានដូចគ្នា នៅពេលណាកើតមានសេចក្ដីលោភលន់ ចូលមកគ្របសង្កត់ចិត្ត
ពេលនោះសតិសម្បជញ្ញៈ ភាពសមុតុល្យ ការត្រិះរិះគិតពិចារណានូវហេតុផល ដោយហ្មត់ចត់វែងឆ្ងាយក៏នឹងរលាយបាត់អស់
មើលឃើញតែពីបាន អត់បានមើលឃើញពីក្ដីវិនាសទេ ទម្រាំនឹងភ្ញាក់ខ្លួនឡើងវិញបាន ក៏យឺតពេលបាត់ទៅហើយ
ត្រូវមកអង្គុយខូចចិត្តមានវិប្បដិសារីនៅខាងក្រោយ។
ដូចនោះក្រៅពីនេះ
សូមឲ្យយើងកុំបណ្ដែតបណ្ដោយធ្វេសប្រហែស ឲ្យសេចក្ដីលោភលន់មកគ្របសង្កត់ចិត្តរបស់យើងបាន
កុំគិតមានឆាប់លេងតាមផ្លូវកាត់ឲ្យសោះ។ ចូរហ្វឹកហាត់ឲ្យជាមនុស្សដែលមានចិត្តសន្ដោសគឺ
ត្រេកអរក្នុងវត្ថុដែលខ្លួនមាន ត្រេកអរក្នុងវត្ថុដែលខ្លួនបាន
មកដោយកម្លាំងញើសឈាមរបស់ខ្លួនឯង
និងត្រេកអរតែក្នុងវត្ថុ ដែលត្រឹមត្រូវតាមសុចរិតភាពប៉ុណ្ណោះ
សេចក្ដីសុខកាយសប្បាយចិត្ត នឹងកើតឡើងដល់យើងគ្រប់ពេល៕
ចាតុទ្ទិសោ
អប្បដិឃោ ចហោតិ សន្តុស្សមានោ ឥតរីតរេន។
បុគ្គលសន្តោសរមែងនៅជាសុខក្នុងទិសទាំងបួន
និងជាអ្នកគ្មានវិប្បដិសារី។
(អ.ចតុក្កៈ
៣៥/៥៣២)
-----------------------------------
ប្រភព៖ winne.ws
Cr. ព្រះមហាសំឆាយ ឋានវុឌ្ឍោ
ប្រែ.ចាន់
No comments:
Post a Comment