Sunday, February 5, 2017

បើនៅម្នាក់ឯង អ្នកនឹងទទួលបានអត្ថប្រយោជន៍១០យ៉ាង


មនុស្សមួយចំនួនបានប្រាប់ថា ការរស់នៅម្នាក់ឯងគឺជារឿងមួយដែលពិបាក រស់នៅមិនកើត ព្រោះតែអ្នកទប់ទល់ជាមួយអ្នកដទៃ ទប់ទល់ជាមួយសង្គម មិនអ៊ីចឹងទេ អ្នកមិនមានមនុស្សណាមករាប់អានខ្លួនឡើយ។ មិនថាយ៉ាងណាមួយនោះទេ ការរស់នៅម្នាក់ឯង វាមើលទៅរៀងដូចជាមិនសូវទំនងសោះ ប៉ុន្តែវាមិនមែនជារឿងអាក្រក់អ្វីឡើយ បែរជាទទួលបានផលប្រយោជន៍១០យ៉ាងទៅវិញ។

រឿងការរស់នៅម្នាក់ឯង ត្រូវបានគេមើលឃើញថា វាមិនសូវជាទំនងប៉ុនណាទេ ប៉ុន្តែតាមការពិត ការរស់នៅម្នាក់ឯង មិនមែនជារឿងពិបាក ដូចអ្វីដែលបានគិតទុកឡើយ មិនមែនជារឿងដែលអាក្រក់ ប៉ុន្តែវាបែរជាមាន ផលប្រយោជន៍ ដល់អ្នកទៅវិញ។ វាប្រាកដណាស់ថា យើងមិនបានប្រាប់អ្នកថា ក្រោយពីថ្ងៃនេះ ឲ្យអ្នកចេញធ្វើដំណើរ និងជាប់គាំងនៅលើកោះ តុម ហែង (Tom Hanks) ក្នុងរឿង  Cast Away ព្រោះយ៉ាងណាក៏ដោយ ការមានស្នេហា ការមានដៃគូ ការរស់នៅរួមគ្នាជាមួយអ្នកដទៃ ក៏ត្រូវមានរឿងមិនល្អប្រកែកទាស់ កើតមានច្រើនណាស់ ប៉ុន្តែត្រង់យើងនឹងប្រាប់ក្នុងថ្ងៃនេះគឺ ប្រសិនបើថ្ងៃមួយ អ្នកចេះរៀន ត្រង់ការរស់នៅម្នាក់ឯង និងមានសេចក្ដីសុខជាមួយវាបាននុ៎ះ  ជារឿងដែលអ្នកត្រូវទទួលបានគឺ ភាពធំធាត់ដោយខ្លួនឯង ហើយរឿង១០យ៉ាង ដែលអ្នកទទួលបាន នឹងសរសេរទុកនៅខាងក្រោមនេះ គឺជារឿងល្អៗ ដែលនឹងកើតឡើង ប្រសិនបើអ្នករស់នៅម្នាក់ឯងបាន។

១. អ្នកដូចជាសាកថ្មពេញបានម្ដងទៀត
អ្នកត្រូវប្រាប់ថា ការរស់នៅជាមួយមនុស្សដទៃ ជាពិសេសក្រុមមនុស្សមានគ្នាច្រើន អ្នកបាត់បង់ថាមពលយ៉ាងច្រើន ត្រូវធ្វើឲ្យអ្នកដទៃមានសេចក្ដីសុខ ធ្វើឲ្យអ្នកដទៃពេញចិត្ត រក្សារូបភាពលក្ខណៈខ្លួនឯង និងមានច្រើនយ៉ាងទៀត ដូចអ្វីដែលអ្នកត្រូវធ្វើ ពេលនៅជាមួយមនុស្សដទៃ ហើយរឿងនេះត្រូវការថាមពលយ៉ាងខ្ពស់ ព្រោះហេតុដូច្នោះ ការបានរស់នៅម្នាក់ឯង អ្នកនឹងដូចជាបានឈប់នឹងន និងបំពេញថាមពលចូលដល់រាងកាយសម្រាកពិតមែន។

២. អ្នកមានពេលសម្លឹងត្រឡប់ទៅមើលជីវិតខ្លួនឯង
ជួនកាលជីវិតយើង ដើរលឿនពេក ព្រោះពិភពលោកវិលលឿនពេក សង្គមវាវិលលឿនពេក គ្រប់យ៉ាងត្រូវដើរប្រណាំងជាមួយពេលវេលា ធ្វើឲ្យពេលខ្លះ យើងគ្មានពេលវេលាណាបានឈប់សម្រាក និងត្រឡប់បែរមកមើលខ្លួនឯងសោះ។  ការសំយោគការប្រព្រឹត្តទៅនៃជីវិតខ្លួនយើង ព្រោះគិតរវល់យកចិត្តទុកដាក់ តែលើអ្វីៗដែលនៅជុំវិញខាង និងមនុស្សដទៃច្រើនហួសហេតុពេក ព្រោះហេតុដូច្នោះ ការនៅជាមួយខ្លួនឯង គឺជាពេលវេលាដ៏សាកសមបំផុត ដែលអ្នកនឹងបានគិតអំពីខ្លួនឯង មើលពីខ្លួនបានល្អបំផុត។

៣. អ្នកមានចំណាប់អារម្មណ៍ចំពោះខ្លួនឯងច្រើនឡើង
ជានិច្ចកាល ដែលយើងទៅចាប់អារម្មណ៍រឿងរបស់អ្នកដទៃ ខ្វល់អារម្មណ៍ និងចាប់អារម្មណ៍អ្នកដទៃ ទាល់តែភ្លេចឈឹងថា យើងនៅមានមនុស្សម្នាក់ ដែលយើងគួរខ្វល់ នៅមានអារម្មណ៍មួយទៀត ដែលយើងគួរយកចិត្តទុកដាក់ នោះគឺខ្លួនយើងផ្ទាល់ ហើយប្រសិនបើ អ្នកមិនបាននៅជាមួយខ្លួនឯងទេ អ្នកនឹងឈប់ ដើម្បីខ្វល់ចំពោះអារម្មណ៍របស់អ្នកបានពេញទី តើវាគួរប្រព្រឹត្តទៅបានយ៉ាងម៉េចដែរ?

៤. អ្នកនឹងចាប់ផ្តើមធ្វើក្នុងរឿងដែលអ្នកបានធ្វើហើយ ខ្លួនអ្នកផ្ទាល់នឹងមានសេចក្ដីសុខ
វេលាដែលអ្នកនៅជាមួយអ្នកដទៃ អ្នកនឹងនៅក្នុងចំណុចដែលថា សំរបសំរួលធ្វើក្នុងរឿងដែលគ្រប់គ្នាអូខេ គ្រប់គ្នាទៅព្រមគ្នាបាន អាចនឹងមិនសូវមានសេចក្ដីសុខប៉ុណ្ណាទេ ប៉ុន្តែក៏ត្រូវព្រម ព្រោះពេលខ្លះរឿង ដែលអ្នកចូលចិត្តខ្លាំងបំផុត គឺមនុស្សទាំងក្រុមមិនសូវយកចិត្ត យកភ្នែកមើល ឬមនុស្សនៅជុំវិញខាងមិនត្រូវការ បែរជាអ្នកត្រូវការ ព្រោះហេតុដូច្នោះ ពេលណាក៏ដោយ ដែលអ្នកបាននៅម្នាក់ឯង នោះគឺជាពេលវេលា នៃសេចក្ដីសុខ ដែលអ្នកនឹងបានធ្វើតាមចិត្តរបស់ខ្លួនឯង។
      
៥. អ្នកធ្វើអ្វីបានច្រើនយ៉ាងមានប្រសិទ្ធភាពជាងមុន
ពេលនៅជាមួយមិត្ត២ នៅជាមួយមនុស្សសំណប់ចិត្ត ធ្លាប់បានឬអត់ អានសៀវភៅទៅមិនដឹងថា អានថាម៉េច ចេះតែអានៗទៅ កិច្ចការមិនដើរ គិតតែលេង រវល់តែនិយាយ ផ្អែមល្ហែមជាមួយមនុស្សជាទីស្រឡាញ់ ហើយមានច្រើនយ៉ាងទៀតនឹងកើតមាន។ ដូចនោះ ការបានប្រើពេលវេលានៅម្នាក់ឯងខ្លះ នោះគឺជាពេល ដែលការងាររបស់អ្នក នឹងដើរលឿនបំផុត សាកលោមើល៍ អ្នកនឹងទទួលបានប្រសិទ្ធភាព ក្នុងកិច្ចការច្រើនបំផុតតែម្ដង។

 “ស្រឡាញ់ខ្លួនឯង មើលថែរក្សាដោយខ្លួនឯង

៦. អ្នកនឹងមានអារម្មណ៍ថា នៅជាមួយមនុស្សជាទីស្រឡាញ់ មានសេចក្ដីសុខច្រើនឡើង
តើព្រោះអ្វី? ព្រោះបើអ្នកនៅម្នាក់ឯង តាមប្រក្រតីធម្មតា ហើយនឹងមានសេចក្ដីសុខជាមួយវា ពេលណាដែលអ្នកប្រើពេល នៅជាមួយសង្សារ វាក៏ជាពេលវេលាមួយ ដែលមានសេចក្ដីសុខមួយបែបដែរ។ ជាពិសេសសុខនោះឯង អាចកើតមានព្រោះតែបាននៅម្នាក់ឯង អ្នកនឹងមានឱកាស បានឈ្វេងយល់ពីខ្លួនឯងច្រើនឡើង មើលពីខ្លួនឯងបានច្រើនឡើង ហើយអ្នកនឹងបានដឹងថា តើក្ដីស្រឡាញ់ សម្ព័ន្ធភាពក្នុងក្រសែភ្នែកអ្នកគឺជាអ្វី? ហើយអ្នកនឹងមានសេចក្ដីសុខច្រើនឡើង ទៅ​តាមនោះដែរ។ 

៧. អ្នកនឹងចេះទីពឹងពំនាក់លើខ្លួនឯងច្រើនឡើង
អ្នកនឹងជឿជាក់ក្នុងចិត្តខ្លាំងឡើងថា អ្នកអាចនៅបានដោយកម្លាំងខ្លួនឯង ពឹងពាក់លើខ្លួនឯងបាន មិនមានកង្វល់ចិត្ត មិនខូចខកចិត្ត មិនកើតទុក្ខព្រួយ ប្រសិនបើមិត្តមិនមានពេលទំនេរទៅញ៉ាំបាយកំដរអ្នក សង្សារបានចេញទៅប្រទេសក្រៅ ឬទៅទីក្រុង អ្នកក៏អាចប្រើជីវិតម្នាក់ឯងបាន ដោយមានសេចក្ដីសុខផងដែរ។

៨. អ្នកនឹងបានសម្រាកខ្លះ ពីការព្យាយាមធ្វើឲ្យអ្នកដទៃមានសេចក្ដីសុខ
ជីវិតមនុស្សកើតមក ត្រូវមកជួបជាមួយមនុស្សម្នាជាច្រើន ចាប់ពីមនុស្សជាសមាជិក ក្នុងគ្រួសារ មិត្តភក្ត្រិ មនុស្សជាទីស្រឡាញ់ មិត្តរួមការងាររួមអាជីព ប្រធាន បុគ្គលិក និងគ្រប់សព្វសារពើដែលយើងជួបរាល់ថ្ងៃ ប៉ុន្តែរឿងតែមួយគត់ ដែលកើតមានដូចគ្នា នៅគ្រប់សម្ព័ន្ធភាពគឺ ការណ៍ដែលយើងត្រូវព្យាយាមធ្វើឲ្យអ្នកដទៃ មានអារម្មណ៍ល្អៗជាមួយយើង ហើយវាច្បាស់ណាស់ថា វាល្អជាជាងធ្វើឲ្យមនុស្សដទៃមកស្អប់ខ្ពើមយើងដែរ។ យើងត្រូវធ្វើឲ្យពួកគេមានមានសេចក្ដីសុខ និងពេញចិត្តពេញថ្លើម ហើយរឿងទាំងអស់នោះ ជួលកាលពេលខ្លះ វាក៏ធ្វើឲ្យអ្នកមានការហត់នឿយខ្លាំងណាស់ដែរ។ ការរស់នៅម្នាក់ឯង វាក៏ធ្វើឲ្យអ្នកបានសម្រាកពីរឿងទាំងអស់ហ្នឹងខ្លះ ព្រោះរឿងដែលត្រូវខ្វល់ចិត្ត មានតែខ្លួនឯងម្នាក់គត់ប៉ុណ្ណោះ។
    
៩. អ្នកមិនចាំបាច់សុំទោសអ្វីឡើយ ប្រសិនបើអ្នកធ្វើខុស
ប្រសិនបើអ្នកនៅម្នាក់ឯង មិនថាអ្នកធ្វើអ្វីខុសទេ អ្នកមិនចាំបាច់សុំទោស។ ប្រសិនបើអ្នកមិនបានធ្វើអ្វីខុស  អ្នកមិនចាំបាច់ប្រុងប្រយ័ត្នពាក្យសម្ដី មិនចាំបាច់ភ័យខ្លាចអ្នកណា ខូចចិត្តខូចថ្លើម និងត្រូវសុំទោសសុំពៃអ្វីឡើយ ហើយយើងចង់ប្រាប់ថា វាបានកាត់បន្ថយកម្លាំងសម្ពាធ ដែលអ្នកនឹងមានក្នុងជីវិតបានច្រើនឡើង។

១០. អ្នកមិនចាំបាច់រង់ចាំពាក្យ “OK” ពីអ្នកណាមួយ
ជានិច្ចកាល យើងនឹងធ្វើអ្វី នឹងទិញអ្វី យើងមានអារម្មណ៍ថា យើងត្រូវប្រាប់មិត្ត ប្រាប់ឪពុកម្ដាយ ប្រាប់បងប្អូន និងត្រូវការស្តាប់មតិយោបល់ពីពាក្យថា OK ពីពួកគេ ដើម្បីបញ្ជាក់ថា រឿងដែលអ្នកគិត រឿងដែលអ្នកនឹងធ្វើ គឺជារឿងមួយដ៏ត្រឹមត្រូវ។ យ៉ាងណាក៏ដោយ វាច្បាស់ណាស់ថា ជារឿយៗ ដែលជីវិតយើងត្រូវការពាក្យណែនាំ ពីមនុស្សដែលធ្លាប់មានបទពិសោធច្រើនសិន ប៉ុន្តែនោះ មិនមែនមានន័យដូចគ្នាទេថា គ្រប់ពេលត្រូវជាបែបនោះ ហើយការណ៍ដែលអ្នកបាននៅម្នាក់ឯង បានសម្រេចចិត្តម្នាក់ឯង វាក៏ជាសេចក្ដីសុខម្យ៉ាង ដែលគួរឲ្យចង់សាកល្បងលោមើលផងដែរ៕
-------------------------------------------- 
អានអត្ថបទបន្ថែមបាន http://www.kiitdoo.com
ប្រែ. លឿង ចាន់


No comments:

Post a Comment