Monday, February 6, 2017

វិបាកកម្ម១១ប្រការ ពីការធ្វើខុសសីលកាមេ ក្នុងសិក្ខាបទី៣


សីលសិក្ខាបទទី៣ កាមេសុមិច្ឆាចារ មានន័យថា ការលូកលាន់ទៅលើប្រពន្ធកូនអ្នកដទៃ នឹងអារកាត់សម្រេចថា បានធ្វើខុសក្នុងសិក្ខាបទនេះ ដោយមានអង្គប្រកបគ្រប់ថា បុគ្គលនោះ មិនគួរទៅលូកលាន់ប្រពន្ធកូនអ្នកដទៃ ក្រៅតែពីសាច់ឈាមខ្លួនឯងទេ។

 តេជគុណ វជីរមេធី មានថេរដីកាថា មួយផ្នែកធំ ការប្រព្រឹត្តខុសក្នុងសិក្ខាបទនេះ មនុស្សភាគច្រើន នឹងនឹកដល់ការប្រព្រឹត្តខុសក្នុងកាម ឬការប្រព្រឹត្តខុសប្រពៃណី ដែលជាការធ្វើបាបលាមក ដែលបណ្ឌិតទាំងឡាយគប្បីទិដៀលនោះ គឺការធ្វើខុសលើកូនប្រពន្ធជននានា ដែលជាប្រព្រឹត្តិកម្មមួយ ដែលមនុស្សក្នុងសង្គមទូទៅ មិនអាចទទួលយកបាន។ បុគ្គលដែលបានប្រព្រឹត្តធ្វើរឿងនេះ ទើបត្រូវមានប្រព្រឹត្តិកម្ម ដែលត្រូវបានបិទបាំង និងលាក់លៀមទុក។ ការធ្វើអកុសលដូចនេះ នឹងបានទទួលក្នុងបវត្តិកាល(ខាងក្រោយការកើត) គឺ៖

១) មានមនុស្សស្អប់ខ្ពើមខ្លាំង
ព្រោះការធ្វើខុសទៅលើប្រពន្ធកូនគេ រមែងសាងភាពខឹងសម្បាឈឺចាប់ ឲ្យដល់បុគ្គល ដែលមានការពាក់ព័ន្ធជាមួយការខូចខាតនេះ។ ផលដែលទទួលបានគឺ បង្កឲ្យមានសត្រូវ និងមានមនុស្សស្អប់ខ្ពើមខ្លាំង។ ក្នុងសិក្ខាបទនេះ មនុស្សគ្រប់គ្នា ក៏ធ្លាប់បានជួបប្រទះកន្លងមកហើយ ប៉ុន្តែអាចកើតមានត្រឹមតែវិបាកកម្ម ដែលនៅសេសសល់ប៉ុណ្ណោះ ដូចជា ពេលដែលមានរឿងទាស់ចិត្ត ថ្នាំងថ្នាក់អាក់អន់ស្រពន់ចិត្ត ឬឃ្នើសចិត្តជាមួយអ្នកណា ហើយឈ្លោះទាស់ប្រកែកគ្នា ដែលឈានទៅរកមើលមុខគ្នាមិនចំ ឬអ្នកខ្លះទៀត អាចមានតំណែងតួនាទីការងារខ្ពស់ៗ មានសក្ដិយស ប៉ុន្តែមិនជាទីគាប់ចិត្តរបស់កូនចៅ ជាដើម។

២) មានអ្នកប៉ុនប៉ងធ្វើបាប
ព្រោះខ្លួនធ្លាប់បានសាងសត្រូវ សាងរូបភាពឈឺចាប់ ក្រៀមក្រំចិត្តដាក់លើបុគ្គលដទៃ។ ឧទាហរណ៍ ដូចជាសិស្សមួយចំនួនមានអាកប្បកិរិយារាបសារ មិនធ្លាប់មានរឿងរ៉ាវអ្វីជាមួយអ្នកណាទេ ប៉ុន្តែត្រូវសិស្សសាលាផ្សេងគ្នា មកចោមរោមវាយធ្វើបាប រហូតដល់រងស្នាមរបួសឈឺចាប់ នេះគឺជាផលវិបាក ដែលត្រូវបានគេធ្វើបាប ក៏ព្រោះអតីតជាតិធ្លាប់ធ្វើបាប ខុសក្នុងសិក្ខាបទី៣ ការប្រព្រឹត្តខុសលើប្រពន្ធកូនជនដទៃ និងត្រូវទទួលបានការឈឺចាប់មកវិញ ក៏ព្រោះតែធ្លាប់ធ្វើបាប លើសិក្ខាបទទីមួយគឺសម្លាប់សត្វមកនោះឯង ទោះបីជាគូស្វាមីភរិយា មានរឿងល្អូកល្អើននឹងគ្នាក៏ដោយ ការប្រើក្រសែភ្នែក និងពាក្យសម្ដីធ្វើបាបចិត្តគ្នា ក៏រាប់ថា ជាផលវិបាកនៃការធ្វើអកុសល ក្នុងសិក្ខាបទនេះ ដូចគ្នា។

៣) ខ្សត់ទ្រព្យសម្បត្តិ
មិនថានឹងធ្វើអ្វី ក៏មានតែភាពក្ដៅក្រហាយ ប្រាក់ខែចាយវាយមិនគ្រប់ ដូចអ្វីដែលយើងបានឃើញមនុស្សមួយចំនួន ត្រូវចូលហាងប្រចាំរបស់របរជាអចិន្ត្រៃយ៍ ព្រោះក្នុងអតីតកាលធ្លាប់បានសាងភាពមិនចេះគ្រប់ មិនចេះស្កប់ស្កល់ចិត្ត នោះឯង។

៤) ស៊ីអត់ស៊ីឃ្លាន មានជីវភាពក្រក្រី
ព្រោះតែការប្រព្រឹត្តខុសក្នុងកាម ឬការធ្វើឲ្យកន្លងនូវប្រពៃណីនោះ ជាទង្វើដែលខ្លួនឯង ជាមនុស្សមិនចេះស្កប់ស្កល់ មិនពេញចិត្តក្នុងវត្ថុ ដែលខ្លួនឯងមានស្រាប់ (ស្វាមីភរិយារបស់ខ្លួនឯង) ហើយថែមទាំងទៅបៀតបៀនអ្នកដទៃ ទើបជាការត្រួសត្រាយផ្លូវឲ្យខ្លួនឯង ត្រូវស៊ីអត់ស៊ីឃ្លាន មានជីវភាពក្រីក្របែបនេះ។

៥) កើតមកជាស្រ្ដីភេទ
ព្រោះការធ្វើអកុសលកម្មបទក្នុងសិក្ខាបទនេះ នឹងប្រព្រឹត្តទៅជាបែបបិទបាំង លាក់បំពួន មិនហ៊ានបើកចំហ។ ទង្វើដែលត្រូវលបគេចដូចនេះ ចាត់ទុកជាអំណាចទន់ខ្សោយ បែបដែលគេហៅថា សសង្ខារិក  ដែលដឹកនាំឲ្យទៅកើតជានារីភេទ ដែលជាភេទ មានសេចក្ដីលំបាកច្រើនជាងបុរស មានសេចក្ដីខ្មាសអៀន ក្នុងរឿងច្រើនយ៉ាងជាងបុរសភេទ មានរឿងដែលត្រូវលាក់កំបាំងច្រើនបែបយ៉ាងនោះឯង។

៦) កើតជាខ្ទើយ
ភេទខ្ទើយជាភេទមួយ ដែលសង្គមភាគច្រើន មិនសូវទទួលយកបាន ព្រោះហេតុដែលធ្លាប់បានប្រព្រឹត្តខុសក្នុងកាម ដែលសង្គមមនុស្សមិនសូវទទួលយកបាននោះឯង។

៧) បើកើតជាប្រុស ក៏កើតក្នុងត្រកូលទាប
ព្រោះតែក្នុងខណៈ ដែលខ្លួនស្លាប់ទៅ ចិត្តចាប់យកអារម្មណ៍ដែលល្អ និងជាអំណាចរបស់អសង្ខារិក គឺជាអំណាចដែលដាច់ខាតមួយ ធ្វើឲ្យកើតជាប្រុស ប៉ុន្តែហេតុដែលនាំឲ្យប្រព្រឹត្តខុសក្នុងកាម នៅហុចផលឲ្យ ទើបត្រូវកើតក្នុងត្រកូលទាប និងមានផល ធ្វើឲ្យខ្វះខាត់ទ្រព្យសម្បត្តិ និងស៊ីអត់ស៊ីឃ្លាន ក្រីក្រលំបាកតោកយ៉ាក ក៏តាមមកជាមួយ។

៨) បានទទួលភាពអាម៉ាសមុខជានិច្ច
គឺជាមនុស្សដែលធ្វើអ្វីៗមានការឆ្គាំឆ្គង មិនថានឹងធ្វើអ្វី ក៏នឹងប្រព្រឹត្តទៅ ដែលគួរឲ្យអស់សំណើចនៃជននានា ប្រព្រឹត្តិកម្មដែលស្ដែងឡើងឲ្យឃើញ ទើបធ្វើឲ្យខ្លួនឯង ត្រូវខ្មាសអៀន  ព្រោះហេតុដែលធ្លាប់សាងភាពអាម៉ាស ទុកឲ្យអ្នកដទៃនោះឯង។

៩) មានរាងកាយមិនសមប្រកប
គឺមានរាងកាយពិការ ឬជាមនុស្សមានផ្នែកណាមួយរបស់រាងកាយខុសប្រក្រតី ខុសពីអ្នកដទៃ ដូចជា មានអវៈយវៈធំខុសប្រក្រតី មានមនុស្សម្នានាំគ្នាទៅមើលច្រើនកុះករ ព្រោះតែមានរាងកាយមិនសមប្រកប ដែលអាចធ្វើឲ្យ ត្រូវមកទទួលបានភាពខ្មាសជាមួយ។ ទាំងនេះ កើតព្រោះក្នុងអតីត ធ្លាប់បានលូកលាន់បៀតបៀនកេរខ្មាសរបស់អ្នកដទៃ។

១០) ច្រើនទៅដោយក្តីវិបត្តិ
ព្រោះហេតុដែលធ្លាប់បានធ្វើកម្ម ដែលត្រូវបិទបាំង ខ្លាចក្រែងគេនឹងដឹងរឿងរ៉ាវ ដែលខ្លួនឯងធ្វើកន្លងមក ទើបធ្វើឲ្យកើតមក ត្រូវកើតមកជាមនុស្ស ដែលជួបតែក្ដីវិបត្តិក្នុងជីវិត មនុស្សមួយចំនួន ពេលមានតួនាទី ត្រូវទទួលខុសត្រូវការងារមួយ ក៏មានតែក្ដីវិបត្តិនៅគ្រប់ពេល រហូតដល់ការងារនោះសម្រេច។

សិស្សសាលាមួយចំនួន ពេលជិតប្រឡង ក៏កើតនូវអាការចុកសៀតស្អល់ពោះខ្លះ ឈឺពោះខ្លះ ប៉ុន្តែពេលប្រឡងចប់អាការឈឺពោះទាំងនោះ ក៏បានជាធេងបាត់ទៅវិញ។ រឿងទាំងអស់នេះ ក៏ជាផលនៃភាពស្រ្តេស ឬភាពក្ដីវិបត្តិនោះឯង។

១១) មានការព្រាត់ប្រាសពីមនុស្សដែលខ្លួនស្រឡាញ់
ព្រោះតែ ធ្លាប់បានប្រព្រឹត្តធ្វើកម្ម ដូចជាការទៅពង្រាត់បង្រាសមនុស្ស ដែលអ្នកដទៃគេស្រឡាញ់ពេញចិត្ត ឬអ្នកដែលមានម្ចាស់រួចហើយ ទើបមកទទួលផលកម្ម នូវការបាត់បង់ ឬការព្រាត់ប្រាសពីមនុស្សដែលខ្លួនឯងស្រឡាញ់ ខ្លួនពេញចិត្ត  ដូចជាស្វាមីភរិយា ដែលធ្លាប់ស្រឡាញ់គ្នា ប៉ុន្តែត្រូវមានរឿងមិនយល់ចិត្ត ទាល់តែកើតមានការលែងលះគ្នា នៅពេលគ្រាចុងក្រោយ ឬកម្លោះក្រមុំ ដែលត្រូវក្បត់គ្នា  ហើយបើជាក្មេងវិញ ក៏ត្រូវកើតមកកំព្រាឪពុក ម្ដាយ នេះសុទ្ធតែជាផលកម្ម ដែលទទួលបាន ពីការប្រព្រឹត្តខុសក្នុងសិក្ខាបទកាមេទាំងអស់៕


No comments:

Post a Comment