Monday, February 6, 2017

១០ ពាក្យក្នុងព្រះពុទ្ធសាសនា ដែលគេជឿថា មានមនុស្សជាច្រើនបានយល់ច្រឡំ


មានគេជឿថា មានពាក្យជាច្រើនក្នុងព្រះពុទ្ធសាសនា ដែលប្រិយមិត្តអ្នកអានបានយល់ច្រឡំជានិច្ច ពេលខ្លះ អាចកើតមាន ព្រោះក្នុងបរិបទភាសាខេមរយាន្ត  និងក្នុងផ្លូវព្រះពុទ្ធសាសនា មានន័យមួយបែបៗផ្សេងគ្នា ពេលខ្លះអាចកើត ព្រោះយើងបានឮបានស្ដាប់ មកបែបភាន់ច្រឡំតគ្នា។

១. កាមៈ មនុស្សភាគច្រើនយល់ច្រឡំថា កាមគឺជាគ្រឿងលាមក អាសភាស រឿងភេទសម្ព័ន្ធប៉ុណ្ណោះ ប៉ុន្តែតាមការពិតនោះ កាមមានន័យថា សេចក្ដីប្រាថ្នា, សេចក្ដីចង់បាន, សេចក្ដីប៉ុនបង, វត្ថុដែលគួរប្រាថ្នា គួរប៉ុនបង់។ កាម មានពីរលក្ខណៈ ១) កិលេសកាម កិលេសដែលធ្វើឲ្យកើតសេចក្ដីប្រាថ្នាបានដល់រាគៈ លោភៈ ច្រណែន (ចង់បាន) ជាដើម។ ២) វត្ថុកាម វត្ថុដែលគួរប្រាថ្នា បានដល់ កាមគុណប្រាំ គឺរូប (វត្ថុដែលភ្នែកមើលឃើញ) សំឡេង ក្លិន រស ផោដ្ឋព្វៈ (វត្ថុដែលកាយប៉ះពាល់ត្រូវ)។

២. វាសនាៈ អ្នកកាន់ព្រះពុទ្ធសាសនា ប្រកាន់ថា វាសនាជាពាក្យវិជ្ជមាន មានន័យថា លាភយស បារមី ទើបមិនមានភាពចាំបាច់ ដែលមនុស្សយើង នឹងត្រូវលះបង់ទៅយ៉ាងណាមួយទេ ប៉ុន្តែក្នុងព្រះពុទ្ធសាសនា ពាក្យថា វាសនា ឬវាស្នាពុំមែនមានន័យ ដូចភាសាអ្នកស្រុកយើងយល់ឡើយ តែវាមានន័យទៅដល់ផ្លូវកាយ វាចា ដែលជាលក្ខណៈពិសេសរបស់បុគ្គល ដែលបណ្ដាលមកពីកិលេសម្យ៉ាង ហើយបានសន្សំអប់រំបន្ទំមកអស់កាលដ៏យូរ ជាប់ជាទំនៀម ឬនិយាមប្រចាំខ្លួន ទោះបីជា លះបង់កិលេសនោះបានហើយក៏ដោយ តែក៏អាចលះបង់អាការកាយ វាចា ដែលជាទំនៀមមិនបាន ដូចជា និយាយជាប់មាត់តតាត់ អាការដើរត្រង់លឿនស្លេវៗ ដើរលោតផ្លោះ ឬដើរដោយតេះតះៗ ជាដើម។

       ៣. អបាយមុខៈ និយាយដល់ពាក្យនេះម្ដងណា មនុស្សម្នាច្រើនតែនឹកឃើញដល់ សុរា ឬគ្រឿងស្រវឹង។ តាមពិតនោះ ក្នុងព្រះពុទ្ធសាសនា អបាយមុខ គឺមាត់ផ្លូវនៃសេចក្ដីអាប់អោន ឬប្រធាននៃសេចក្ដីវិនាស មាន៤យ៉ាងគឺ ១) ជាអ្នកលេងស្រី ២) ជាអ្នកលេងសុរា ៣) ជាអ្នកលេងល្បែងស៊ីសង និង ៤) សេពគប់រាប់អានបាបមិត្ត(មិត្តអាក្រក់)។ ម្យ៉ាងទៀត អបាយមុខ នេះមាន៦យ៉ាងក៏មាន បានដល់គឺ ១) ញៀនសុរា និងគ្រឿងស្រវឹងផ្សេងៗ ២) ចូលចិត្តដើរលេងយប់ ៣) ចូលចិត្តដើរមើលប្រគុំតន្ត្រី ៤) លេងល្បែងស៊ីសង ៥) សេពគប់មិត្តអាក្រក់ និង ៦) ខ្ជិលច្រអូសក្នុងការប្រកបការងារ ជាដើម។

៤.) សន្តោសៈ មនុស្សច្រើនណាស់ យល់ថា ពាក្យនេះមានន័យថា ការនៅម្នាក់ឯង មិនពឹងអាស្រ័យលើវត្ថុជាជំនួយ ដល់ភាពងាយស្រួលអ្វីឡើយ ប៉ុន្តែតាមពិតនោះ ពាក្យថា សន្តោស មានន័យថា សេចក្ដីត្រេកអរ, សេចក្ដីពេញចិត្តដោយបច្ច័យ៤ គឺសំពត់ខោអាវស្លៀកពាក់ គ្រឿងឧបភោគបរិភោគ ទីដេកទីអង្គុយ និងថ្នាំដង្កូវតាមមានតាមបាន, ត្រេកអរក្នុងរបស់របរជារបស់ខ្លួន, ការមានសេចក្ដីសុខ សេចក្ដីពេញចិត្ត ដោយគ្រឿងចិញ្ចឹមជីពជន ដែលរកមកបានដោយសេចក្ដីព្យាយាម ដ៏ត្រឹមត្រូវរបស់ខ្លួន មិនលោភ មិនច្រណែនឈ្នានីស អ្នកណាមួយឡើយ។

៥. សង្ខារៈ មនុស្សជាច្រើនបានឮរឿយៗថា សង្ខារទាំងឡាយទាំងពួងមិនទៀងរហូតដល់បានយល់ជ្រោតជ្រាប់អស់ទៅហើយថា សង្ខារ នៅក្នុងព្រះពុទ្ធសាសនាមានន័យថា រាងកាយដែលចាស់ទ្រុឌទ្រោមគ្រាំគ្រា ទៅតាមអាយុក្ខ័យ។ តាមសភាពពិតនោះ មិនមែនមានន័យ ចំពោះតែរាងកាយម្យ៉ាងនោះទេ តែនៅមាន័យថា ការតាក់តែងឡើង ឬវត្ថុដែលត្រូវមានបច្ច័យមកតាក់តែងបានផងដែរ ដែលជាការតាក់តែងនេះ មានទាំងតាក់តែងការគិត ការនិយាយ និងការធ្វើ ទាំងជាកុសលផង និងទាំងជាអកុសលផង។

៦) វេទនាៈ ពាក្យថា វេទនា ជាមួយសង្ខារ ច្រើនមកជាគូរណ្ដំត្រសងគ្នាជានិច្ច ធ្វើឲ្យមនុស្សភាគច្រើនយល់ច្រឡំបល់ថា វេទនាប្រែថា អាណិតអាសូរ ទៅវិញ។ ត្រង់ការពិតនោះ វេទនា (ខាងពុទ្ធអានថា វេ-ទៈ-នា) មានន័យថា អារម្មណ៍ដឹងសុខនិងទុក្ខ មាន៣ប្រការគឺ៖ ១) សុខវេទនា មានអារម្មណ៍ដឹងថាសុខសប្បាយ ២) ទុក្ខវេទនា មានអារម្មណ៍ដឹងថាមិនសុខសប្បាយ និង៣) ឧបេក្ខាវេទនា មានអារម្មណ៍ដឹងថាមិនសុខមិនទុក្ខ គឺមានសភាពព្រងើយកន្តើយ។

៧) អធិដ្ឋានៈ មនុស្សច្រើនណាស់ យល់ថា ការអធិដ្ឋាន គឺជាការតាំងចិត្តប្រាថ្នា ត្រឹមតែម្យ៉ាងប៉ុណ្ណោះ តាមការពិតទៅ ការអធិដ្ឋាន នៅមានពីរន័យទៀតគឺ ១) បែងខាងព្រះវិន័យ ប្រែថា ការតាំងចិត្តកំណត់យកទុក ដូចជា បានដុំក្រណាត់មួយផ្ទាំងមក តាំងចិត្តថា ប្រើប្រាស់ជាអ្វី គឺនឹងប្រើជាសង្ឃាដិ ឧត្តរាសង្គ អន្តរវាសក ក៏អធិដ្ឋានជាយ៉ាងនោះទៅ ពេលអធិដ្ឋានហើយ របស់នោះហៅថា ជារបស់អធិដ្ឋាន ដូចជា សង្ឃាដិអធិដ្ឋាន ចីវរអធិដ្ឋាន(និយមហៅតគ្នាថា ចីវរគ្រង) រហូតដល់បាត្រអធិដ្ឋាន។ ២) សេចក្ដីតាំងចិត្តផ្គងមុតមាំ, ការសម្រេចចិត្តដាច់ខាត, គង់វង់ប្រាកដ ជាក់លាក់ក្នុងផ្លូវដំណើរ និងគោលដៅរបស់ខ្លួន។

៨. បារមីៈ ពាក្យនេះ មនុស្សម្នាជាច្រើនបានយល់ថា មានន័យថា អំណាច តែក្នុងព្រះពុទ្ធសាសនា មានន័យ គុណសម្បត្តិដែលបានបំពេញមកយ៉ាងក្រៃលែង ដើម្បីសម្រេចគោលដៅយ៉ាងខ្ពស់មួយ មានបារមី ១០គឺ៖ ទាន, សីល, នេក្ខម្ម, បញ្ញា, វិរិយ, ខន្តី, សច្ច, អធិដ្ឋាន, មេត្តា និង ឧបេក្ខា។

៩) កម្មៈ គេជឿថា មនុស្សម្នាជាច្រើនយល់ច្រឡំថា កម្ម គឺរឿងដែលធ្លាប់បានធ្វើពីជាតិណាជាតិណីមកនោះ ហើយវាឲ្យផលមកដល់ជាតិនេះ។ តាមការពិតនោះ កម្ម មានន័យថា ទង្វើដែលប្រកបព្រមដោយចេតនាគឺ ធ្វើដោយសេចក្ដីទាញចិត្ត ឬទាញចិត្តធ្វើល្អក្ដី អាក្រក់ក្ដី ឲ្យផលបានទាំងអស់ក្នុងពេលបច្ចុប្បន្ន និងភពជាតិខាងមុខ រួមទាំងកម្មឈប់ឲ្យផលផង (អហោសិកម្ម)។

១០. មានះ ក្នុងភាសាខេមរយាន្ត យើងប្រើពាក្យថា មានះ ប្រែថា អំណត់ ឧស្សហ៍ព្យាយាម ប៉ុន្តែក្នុងព្រះពុទ្ធសាសនា មានះ ប្រែថា ការប្រកាន់ខ្លួន, ភាពសំខាន់ខ្លួនថា ជានេះជានោះ ប្រើជាគូជាមួយនឹងទិដ្ឋិ ដែលប្រែថា ការយល់ឃើញរឹងត្អឹង ទោះជាខុស ក៏មិនព្រមកែខៃដែរ។ ពេលណាហៅរួមគ្នា មានន័យសេចក្ដីថា ប្រកាន់រឹង អំណួតអួតអាង ឬអស្មិមានះការប្រកាន់ខ្លួន៕


ប្រភព៖ វចនានុក្រមពុទ្ធសាសន៍ ច្បាប់ប្រមូលវក្យសព្ទ ប.អ.បយុត្តោ
ប្រែ.ចាន់
រូបភាពផេកហ្វេសប៊ូក

No comments:

Post a Comment