Tuesday, February 7, 2017

ព្រះនាមរបស់ព្រះពុទ្ធជាម្ចាស់


 សិទ្ធត្ថៈ       
សិទ្ធត្ថៈ មកពីពាក្យបាលីពីរម៉ាត់គឺ សិទ្ធៈ ប្រែថា សម្រេចហើយ ជាមួយពាក្យថា អត្ថៈ ប្រែថា សេចក្ដីប្រាថ្នា ឬប្រយោជន៍។ រួមសព្ទទាំងពីរនេះបញ្ចូលគ្នា មានន័យសេចក្ដីថា អ្នកដែលសមសេចក្ដីប្រាថ្នាហើយ ឬអ្នកដែលសម្រេចតាមសេចក្ដីប្រាថ្នាហើយ។
មិនមានអ្នកណាជ្រាបឲ្យច្បាស់ប្រាកដថា ព្រះពុទ្ធជាម្ចាស់ មានព្រះនាមដើមថាជាអ្វីទេ ប៉ុន្តែត្រង់ការព្រមទទួលយកទាំងអស់គ្នាជាទូទៅថា សិទ្ធត្ថៈ ជាព្រះនាមដើមរបស់ព្រះពុទ្ធអង្គ ក្រៅពីមានឈ្មោះដែលបានជួបក្នុងគម្ពីរព្រះត្រៃបិដក និងអត្ថកថា ដែលបានកត់ត្រាទុកមក ក្នុងសម័យក្រោយ មានខ្លឹមសារថា៖
ពេលព្រះនាងសិរិមហាមាយាទេវី ទ្រង់ប្រសូតព្រះរាជកុមារ មនុស្សដែលមានលក្ខណៈជាមហាបុរសបាន ៥ថ្ងៃ។ ព្រះបាទសិរីសុទ្ធោធនៈបានកោះប្រជុំហៅពួកព្រាហ្មណ៍ហោរា អ្នកដែលមានសមត្ថភាពផ្នែកទោះទាយ មកទោះទាយព្រះជោគជតា និងថ្វាយព្រះនាមព្រះរាជកុមារ។ ព្រាហ្មណ៍ទាំងឡាយបានឃើញលក្ខណមង្គលរបស់ព្រះរាជកុមារ ទើបថ្វាយពាក្យទំនាយថា ប្រសិនបើព្រះរាជកុមារនេះ មិនចេញទៅសាងផ្នួសទេ នឹងបានជាស្ដេចមហាចក្រពត្តិនៃលោក បើទ្រង់ចេញសាងផ្នួស ក៏នឹងបានជាសាស្ដាដ៏ធំក្រៃលែង ទើបព្រមចិត្តគ្នា ថ្វាយព្រះពរ ព្រះនាមថា សិទ្ធត្ថៈ ដែលប្រែថា សូមទ្រង់ជាអ្នកសមសេចក្ដីប្រាថ្នាចុះ។ ពាក្យនេះ បើប្រើពាក្យសព្ទសំស្រ្កឹត និងប្រើពាក្យថា សិទ្ធារថៈ ឬសិទ្ធារថ។

សមណគោតម
គោតម មកពីពាក្យបាលី សំស្ក្រឹតថា គោតមៈ មានន័យសេចក្ដីតាមរូបសព្ទថា ព្រះអាទិត្យដ៏ធំបំផុត ឬគោដែលមានទំហំធំបំផុត។ គោតមៈ ជាឈ្មោះរបស់ឥសីបុរាណម្នាក់ មានតឹកតាងមកពីគម្ពីរវេទពោលថា គោតមៈ ជាឈ្មោះបុព្វបុរសជំនាន់ដំបូង របស់មនុស្ស មានកូនចៅច្រើន ប្រហែលជាឈ្មោះមេកុលសម្ព័ន្ធមួយ ដែលបន្តវង្សត្រកូលសែស្រឡាយមកពីឥសីគោតមៈ ទើបប្រើឈ្មោះថា គោតម ឬគោតមគោត្រ។ ភស្ដុតាងនៅកន្លែងខ្លះក៏ប្រើថា អាទិត្យគោត្រ ព្រោះពាក្យថា គោ ប្រែថា គោ ឬព្រះអាទិត្យក៏បាន។
ការណ៍ដែលហៅព្រះនាម សមណគោតម ដើម្បីបញ្ជាក់ចង្អុលបង្ហាញថា ព្រះពុទ្ធជាម្ចាស់ អង្គដែលបន្តសែស្រឡាយមកពីបុព្វបុរស ដែលមានឈ្មោះថា គោតមៈ។ ពេលប្រើថា សិទ្ធត្ថ គោតម គោត្រ ក៏មានន័យថា ព្រះរាជ សិទ្ធត្ថៈ អ្នកដែលជាកូនចៅរបស់ឥសីគោតមនោះឯង។ ពាក្យថា សមណគោតម ជាពាក្យដែលមនុស្សទូទៅ ប្រើហៅព្រះពុទ្ធជាម្ចាស់ ដើម្បីជាការលើកតម្កើងវង្សត្រកូលរបស់ព្រះអង្គផង។

តថាគត
ជាពាក្យដែលព្រះពុទ្ធជាម្ចាស់ ទ្រង់ប្រើ ជាសព្វនាមហៅព្រះអង្គឯងផ្ទាល់ ។ ពាក្យនេះមានន័យពិតថា ជាអ្វី មិនមានអ្នកណាជ្រាបទេ ប៉ុន្តែនិយមប្រែបន្តគ្នាមកថា អ្នកទៅហើយយ៉ាងនោះ វាអាស្រ័យលើពាក្យ តថា ប្រែថា យ៉ាងនោះ ដូចនោះ ដូច្នោះ។ គតៈ ប្រែថា ទៅហើយនោះឯង។
 “អ្នកដែលទៅហើយដូចនោះសន្និដ្ឋានថា អាចនឹងមានន័យថា អ្នកដែលបានដំណើរទៅកាន់ផ្លូវត្រូវ នោះគឺ អ្នកដែលកំពុងនឹងដំណើរទៅកាន់ដែននៃព្រះនិព្វាន អាស្រ័យដោយបានកំចាត់បង់នូវអាសវកិលេស ដែលដេកត្រាំនៅក្នុងខន្ធសន្តានចេញអស់ហើយ។ ភស្ដុតាំងដែលយកធ្វើជាទឡ្ហីករណ៍ក្នុងពាក្យប្រែ គឺខ្លឹមសារនៅក្នុងព្រះសូត្រជាច្រើនអន្លើ បានប្រើពាក្យថា តថាគត ជាសមញ្ញានាមហៅព្រះអរហន្តផងដែរ។ រឿងនេះ អាចញែកសព្ទបានថា តថា+អាគត ប្រែថា អ្នកមកហើយយ៉ាងនោះ មានន័យថា អ្នកមកដើម្បីចង្អុលប្រាប់ផ្លូវទៅកាន់ទីដ៏ត្រឹមត្រូវ គឺផ្លូវព្រះនិព្វាន។
ក្នុងសម័យពុទ្ធកាល ពាក្យថា តថាគត ជាពាក្យសាមញ្ញ ដែលយល់គ្នាច្បាស់ ក្នុងក្រុមនិកាយព្រះពុទ្ធសាសនិកជន និងពួកនិកាយសាសនាផ្សេងៗ។ នៅត្រង់ពាក្យថា តថាគត ជាពាក្យដែលកើតឡើង ក្នុងសម័យពុទ្ធកាល ព្រោះរកមិនឃើញពាក្យនេះ នៅក្នុងកិច្ចការកំណត់ត្រា មានមុនសម័យពុទ្ធកាលឡើយ។ ភាសាចិនប្រែថា តថាគត ថា យូឡាយ តាមរូបសព្ទ ប្រែថា អ្នកមកហើយយ៉ាងនោះ ជនជាតិតំបន់អាស៊ីអាគ្នេយ៍ ស្គាល់សំនៀងថា យូឡៃ។ ព្រះយូឡៃ ជាព្រះពុទ្ធមួយអង្គនៅក្នុងនិកាយសាសនាមហាយាន៕

ប្រភព៖ https://m.pantip.com/topic
 ប្រែ.ចាន់

No comments:

Post a Comment