Friday, March 3, 2017

វិធីប្រមូល ឬទុកដាក់លុយ របៀបអ្នកមានតាមគន្លឹះ១៥ប្រការ ដែលគួរបង្រៀនដល់កូន


ការអប់រំកូនឲ្យចេះនូវវិធីប្រមូល ទុកដាក់លុយ របៀបអ្នកមាន ដើម្បីត្រៀមលក្ខណៈសាងអនាគតឲ្យកូន ប្រសិនបើអាណាព្យាបាល នឹងត្រៀមលក្ខណៈចាក់គ្រឹះទុកតាំងតែពីកូននៅតូចៗ ក៏មិនមែនជារឿងអ្វី គួរឲ្យចម្លែកដែរ។ ម្យ៉ាងទៀត ការអប់រំអំពីលុយកាក់ មាសប្រាក់ប្រាប់ដល់កូន ឲ្យចេះស្គាល់តម្លៃរបស់លុយកាក់ វាកាន់តែប្រសើរ នឹងឲ្យផលនៅក្នុងថ្ងៃអនាគតរបស់កូន។ ក្រុមការងារ Amarin Baby & Kids មានវិធីប្រមូលឬទុកដាក់លុយ របៀបអ្នកមាន តាមគន្លឹះ ១៥ប្រការ ដែលសមគួរដល់ការអប់រំកូនៗ របស់លោកអ្នក មកជម្រាបជូនដូចខាងក្រោម៖

វិធីប្រមូល ឬទុកដាក់លុយ របៀបអ្នកមាន តាមគន្លឹះ១៥ប្រការ ដ៏សមគួរដល់ការអប់រំដល់កូន


តើហេតុអ្វី យើងត្រូវអប់រំកូនឲ្យស្គាល់ពីតម្លៃរបស់លុយ?

ការចិញ្ចឹមកូនរបៀបតាមចិត្ត ចង់បានអ្វី អ្នកជាម្ដាយឪពុក ក៏រកមកផ្គាប់ផ្គុនឲ្យភ្លាមៗ ធ្វើតាមរបៀបនេះ មិនល្អទាន់តែសោះ ព្រោះរឿងទាំងអស់នេះ អាចទៅធ្វើបាបកូន ដោយប្រយោលបាន ឲ្យកូនធ្លាក់ខ្លួន ទៅជាមនុស្សមានទម្លាប់ និងព្រឹត្តិកម្មគិតពីអាត្មានិយម ធ្វើអ្វីដោយខ្លួនឯងមិនកើត ព្រោះគិតពីសប្បាយ គិតថាមានម្ដាយឪពុក ចាំធ្វើគ្រប់បែបយ៉ាងឲ្យជានិច្ច និងបើកូនចាស់រូប ចាស់រាងឡើងទៅ អាចក្លាយជាមនុស្ស ជាន់អាចម៍មាន់មិនបែក មិនចេះអត់ធ្មត់ចំពោះសេចក្ដីលំបាក ធ្ងន់មិនយក ស្រាលមិនស៊ូ!

អាណាព្យាបាល ដែលល្អ មិនថា មានជីវភាពមាន ឬក្រ  នៅវណ្ណៈថ្នាក់ណាក៏ដោយ ត្រូវចេះអប់រំទូន្មានប្រៀនប្រដៅ កូនឲ្យទៅតាមមាគ៌ាដ៏ត្រឹមត្រូវ ដ៏សមគួរដល់កូន អប់រំឲ្យកូនចេះស្គាល់ ពីតម្លៃរបស់របរប្រើប្រាស់ថា ទម្រាំនឹងបានវាមកនុ៎ះ វាលំបាកដល់កម្រិតណា កុំទៅអប់រំកូនថា គ្រាន់តែមានលុយ ទិញ រកមកបានហើយ ប៉ុន្តែគួរអប់រំកូនឲ្យដឹងថា បើចង់បានរបស់លេងមក ដឹងទេថា ម្ដាយឪពុកលះបង់កម្លាំងកាយចិត្តប៉ុនណា ហើយពេលពួកគាត់ទិញរបស់លេង ឲ្យកូនហើយ កូនត្រូវចេះលេង និងទុកដាក់រក្សារបស់លេងនោះឲ្យបានល្អ។

មានអាណាព្យាបាលមួយចំនួន មានគំនិតចង់សួរថា  បើនឹងអប់រំរឿងការចាយលុយឲ្យកូន គួរនឹងអប់រំកូននៅពេលណា ទើបនឹងបានផលល្អបំផុត? ចម្លើយគឺអប់រំពេលដែលកូននៅតូចៗ នេះឯងល្អបំផុតហើយ ប៉ុន្តែរឿងទាំងនេះ អាណាព្យាបាលត្រូវធ្វើខ្លួន ជាឧទាហរណ៍ការចាយ ដ៏មានក្រិត្យក្រម ឲ្យកូនបានស្គាល់ អំពីតម្លៃរបស់លុយពិតប្រាកដផងសិន ព្រោះបើអាណាព្យាបាល មិនបានធ្វើជាគំរូដ៏ល្អ ដល់កូនឲ្យកូនបានមើលឃើញទេ ទោះជាអប់រំយ៉ាងណា ក៏មិនបានជ្រោតជ្រាប ទទួលយកចំណេះនេះមិនបានដែរ។

ដើម្បីជាការចាក់គ្រឹះក្នុងរឿងលុយកាក់ មាសប្រាក់ ដល់កូនឲ្យបានជោគជ័យ ដែលនឹងហុចផលទៅដល់ថ្ងៃអនាគត ពេលកូនធំឡើង។ ស្មេរមានគោលគំនិតខ្លះៗ ក្នុងការអប់រំកូនអំពីរឿង វិធីប្រមូល ឬទុកដាក់លុយ របៀបអ្នកមាន ដែលជាវិធីសាស្ត្រអប់រំដ៏មានតម្លៃ យល់ងាយ និងអាណាព្យាបាល អាចនាំយកទៅប្រើប្រាស់ ក្នុងការអប់រំកូនៗ ឲ្យស្គាល់វិធីទុកដាក់លុយបាន គ្មានអ្វីពិបាកឡើយ ដូចតទៅ៖

១) ពេលកូនរាប់លេខកើត ឲ្យចាប់ផ្ដើមអប់រំរឿងលុយ
ឲ្យអាណាព្យាបាល ត្រៀមលក្ខណៈព្រមស្រេច នូវទស្សនគតិ ក្នុងការចាយលុយតាមបែបងាយៗ មកអប់រំកូនៗ ដូចជា លុយមួយរយ ប្រាំរយ មួយពាន់រៀល តើវាមានលក្ខណៈផ្សេងគ្នាយ៉ាងម៉េច? តើហេតុផលទិញរបស់របរ ថ្នាក់ដល់ត្រូវចាយលុយ?

២) និយាយជាមួយកូនពេលគេធំល្មម នឹងយកចិត្តទុកដាក់រឿងលុយបានហើយ
អប់រំថា មានវិធីទុកដាក់លុយយ៉ាងដូចម្ដេច? តើនឹងធ្វើឲ្យលុយបានច្រើនយ៉ាងដូចម្ដេច? ហើយសំខាន់បំផុតគឺ វិធីសាស្ត្រចាយលុយ យ៉ាងសន្សំសំចៃនោះ គេធ្វើយ៉ាងដូចម្ដេច? ចាំទុកណាថា វិធីការចាយលុយ របស់ឪពុកម្ដាយ និងមានឥទ្ធិពល ដល់ការចាយវាយ របស់កូនណាស់ ក្មេងនឹងចេះរៀនសង្កេត និងការធ្វើរឿយៗ មិនមែនអប់រំកូនឲ្យចេះសន្សំលុយ តែបែរជាខ្លួនឯង ទិញរបស់គ្រឹកគ្រេង ឡួយឆាយទាន់សម័យនិយម ឲ្យកូនមើលឃើញទេ។

 ៣) អប់រំឲ្យយល់ដល់ភាពផ្សេងគ្នា រវាង ភាពចាំបាច់/ តម្រូវការ និងការចង់បាន
ការណ៍ដែលក្មេងញែកចែញពីភាពផ្សេងគ្នា រវាងពាក្យសំនួនទាំងបីនេះបាន នឹងជាមូលដ្ឋានគ្រឹះ ក្នុងការសម្រេចចិត្ត ចាយវាយលុយកាក់របស់គេ ក្នុងពេលអនាគត។

៤) អប់រំឲ្យចេះ ការដាក់គោលដៅ+ រៀនស្គាល់គុណតម្លៃរបស់លុយកាក់+ការចេះសន្សំ
រៀនចាប់ផ្ដើមពីចំណុចងាយៗ ដោយការអប់រំរឿងការតាំងគោលដៅរយៈពេលខ្លី ឲ្យដល់ក្មេងៗ ដូចជា បង្កើតគោលដៅសន្សំលុយ ដើម្បីទិញរបស់លេង តុកតា មិនមែនថា ដល់ពេលចង់បាន ក៏លាបាតដៃសុំទេ បើអាណាព្យាបាលមិនឲ្យ ក៏ក្លែងធ្វើជាស្រែជំទាលយំ ក្និកក្នក់ងរង៉ក់ (ប្រការនេះគ្រូណែនាំថា អាណាព្យាបាលត្រូវតែចិត្តរឹងបន្តិច មិនដូច្នោះទេ នឹងខូចកូនអស់ហើយ) ប៉ុន្តែបើកូន ចង់បានរបស់តម្លៃថ្លៃៗ ដូចជា ទូរស័ព្ទដៃ ក៏បង្កើតលក្ខខណ្ខថា បើសន្សំលុយបានប៉ុនណា ឪពុកម្តាយនឹងជួយចេញលុយបង្គ្រប់ ហើយតទៅអាចបំផ្លាស់ប្តូរ គោលដៅរយៈពេលវែងឡើង ដោយការតាំងគោលដៅ នឹងជួយឲ្យក្មេងៗចេះរៀន ពីការទទួលខុសត្រូវចំពោះខ្លួនឯង។

        ៥) ណែនាំរឿងការសន្សំ និងការចាយវាយ
អប់រំវិធីសាស្ត្ររកចំណូលបន្ថែម ពីការប្រាក់លុយសន្សំ។ លោកឪពុកអ្នកម្ដាយត្រូវចាប់ផ្ដើម ពីការចាយការប្រាក់សន្សំ ដែលក្មេងៗសន្សំនៅឯផ្ទះ ឲ្យកូនៗ មានចំណែក ក្នុងការគិតចំនួនការប្រាក់ ដែលគេនឹងបាន ហើយកូននឹងចាប់ផ្ដើមយល់ឃើញ ពីប្រយោជន៍ នៃការសន្សំលុយ។ គេនឹងចេះរៀនដឹង ពីការសាងប្រវត្តិ ផ្នែកការប្រាក់ដ៏ល្អ និងការរក្សាភាពទំនុកចិត្ត ផ្នែកការប្រាក់ ជាពិសេសកូននឹងដឹងថា ការសន្សំលុយយ៉ាងម៉េច ទើបនឹងជោគជ័យ។

៦) ឲ្យលុយតម្លៃនំ ឬលុយលើកចិត្តនៅពេលដែលគេប្រមូលទុកដាក់របស់របរមានកម្មវិធី
ដូចជា តម្លៃនំ ២០០០រៀល គួរឲ្យ ២០០០+៥០០រៀល និងអប់រំឲ្យចេះរៀនសន្សំ យ៉ាងហោចណាស់មួយថ្ងៃ ៥០០រៀលដែរ ហើយប្រាប់បង្ហាញឲ្យឃើញថា តើក្នុងមួយឆ្នាំ កូននឹងមានលុយដើម រួមសរុបទាំងការប្រាក់ប៉ុន្មាន? ដើម្បីសម្ដែងឲ្យឃើញ អំពីផលប្រយោជន៍នៃការសន្សំលុយ។

៧) ពេលដល់វេលា ក៏នាំកូនទៅបើកបត្រធនាគារ
ដើម្បីជាការទម្លាប់ផ្នែកការសន្សំលុយ តាំងពីតូច ប៉ុន្តែកុំនិយាយបន្ទច់បង្អាក់កូន ដើម្បីហាមប្រាមកូន ពេលនឹងបើកលុយទៅទិញរបស់ ដែលត្រូវការ ព្រោះអាចធ្វើឲ្យគេមិនចូលចិត្ត ការសន្សំលុយឡើងមកបាន។

៨) សាងទម្លាប់កំណត់ត្រាការសន្សំលុយ ការបណ្ដាក់ទុន និងការចាយវាយ
អាណាព្យាបាល គួររកកូនសៀវភៅតូចមួយក្បាល ទុកសម្រាប់ឲ្យកូនបានកត់ត្រាការសន្សំលុយ ការបណ្ដាក់ទុន និងការចាយវាយ រួចហើយសរុបបញ្ជីរបៀបងាយៗ មួយខែម្ដងថា ដើម្បីបន្ថែមឡើង ឬក៏ថយចុះ ពេលបានមួយឆ្នាំ ក៏នាំគ្នាមកមើលទាំងអស់គ្នា។

៩) ប្រើប្រាស់ចាយវាយក្នុងផ្ទះ អប់រំកូនរឿងតម្លៃរបស់លុយ
ការទៅទិញរបស់ ដូចជា សាប៊ូ ថ្នាំដុសធ្មេញ ប្រេងម្សៅ។ល។ ជាឱកាសដ៏ល្អ ដែលក្មេង នឹងបានមានបទពិសោធ រឿងការចាយវាយ លុយកាក់ ព្រោះក្នុងមួយថ្ងៃៗ យើងនឹងត្រូវប្រើលុយ ជាមួយការចូលផ្សារញឹកញាប់បំផុត ប្រើឱកាសនេះអប់រំកូនឲ្យឆ្លាត ក្នុងការចាយលុយ ទាំងការដាក់ផែនការមុនទិញ ការប្រើប័ណ្ណបញ្ចុះតម្លៃ ការប្រៀបធៀបតម្លៃ អប់រំគេអំពីវិធីត្រួតពិនិត្យតម្លៃ និងគុណភាពមុនទិញ។

១០) បណ្ដោយឲ្យក្មេងសម្រេចចិត្ត ចាយលុយដោយខ្លួនឯង
មិនថាល្អ ឬអាក្រក់ទេ កូននឹងបានរៀនដឹង ពីការចាយវាយលុយកាក់របស់គេផ្ទាល់ខ្លួន អាណាព្យាបាលអាចផ្ដល់នូវពាក្យណែនាំ ពីខាងដើម  និងបាននិយាយគ្នា អំពីគុណសម្បត្តិ និងគុណវិបត្តិផ្សេងៗ មុនដែលគេនឹងចាយវាយលុយដើម្បីទិញ ព្យាយាមឲ្យកូន ប្រើហេតុផល ក្នុងការចាយវាយលុយកាក់ រួមទាំងការស្រាវជ្រាវរកទិន្នន័យ ឲ្យបានច្បាស់លាស់ មុននឹងទិញរបស់របរខ្នាតធំៗ ហើយកូនក៏គួរនឹងបានរៀនដឹង នៅការអត់ធ្មត់ រង់ចាំទិញក្នុងចង្វាក់ដ៏សមរម្យ ដូចជារង់ចាំដល់ពេលគេបញ្ចុះតម្លៃ ឬក៏មានប្រូម៉ូសិនផ្សេងៗទៀត។

១១) បង្ហាញឲ្យឃើញពីការឃោសនាទាក់ទាញ ក្នុងទូរទស្សន៍ វិទ្យុ ខិតប័ណ្ណ និងអនឡាញផ្សេងៗ
តើទំនិញធ្វើបានល្អ ដូចអ្វីដែលបាននិយាយពិតទេ? តើតម្លៃដែលឃោសនានោះពិតឬអត់? ទំនិញប្រភេទដូចគ្នា មានយីហោដទៃ ដែលមានតម្លៃថោកជាង និងល្អជាងខ្លះដែរទេ? ដាស់តឿនកើនរំលឹកឲ្យកូនស្ដាប់ជារឿយៗថា ពាក្យសម្ដីខ្លះ អាចមើលទៅពិរោះ លើកសរសើរហួសពីការពិត។

១២) ដាស់តឿនកូនអំពីគ្រោះថ្នាក់ ពីការខ្ចីលុយ និងការប្រាក់បន្ថែមតាមក្រោយ
ពេលកូនធំឡើង គេនឹងបានជួបប្រទះជាមួយរឿងការបង្ខំចិត្ត ផ្នែកហិរញ្ញវត្ថុ ដែលតាមទាក់ភ្នែកអង្រួនចិត្ត ដូចជាក្រេឌិតកាត វិក័យបត្រលុយសុត ហើយមិនសូវបានគិតពីការប្រាក់ និងប្រាក់សរុបនៃចំណូលដែលបានទេ នៅពេលត្រូវគេទូទាត់។ រឿងនេះត្រូវអប់រំក្មេងតាំងតែពីតូចៗ អំពីភាពគួរឲ្យភ័យខ្លាចនៃការខ្ចីបុល និងភាពកង្វល់ចិត្តពីការជាប់បំណុលនេះ។

១៣) អប់រំអំពីក្រេឌិតកាត
ពេលដែលអាណាព្យាបាលចេញថ្លៃអាហារ ក៏ឲ្យកូនជួយពិនិត្យម៉ានុយអាហារ ការគិតលុយ ថ្លៃសេវ៉ា ភាស៊ីតម្លៃបន្ថែម ប្រសិនបើប្រើប័ណ្ណក្រេឌិតកាត ក៏អប់រំកូនទាក់ទង ជាមួយការប្រើប្រាស់ក្រេឌិតកាត អប់រំវិធីគិត កម្រៃសេវា ការប្រាក់ តម្លៃធានារ៉ាប់រង បើសិនប្រើមិនទាន់ដល់កំណត់ទេ។

១៤) ប្រយ័ត្នត្រង់នឹងឲ្យកូនប្រើក្រេឌិតកាតទាល់តែនឹងធំឡើង
អាណាព្យាបាល ត្រូវអប់រំឲ្យកូនយល់អំពីផលប្រយោជន៍ និងហានីភ័យរបស់ក្រេឌិតកាត ព្រមទាំងបកស្រាយពន្យល់ឲ្យកូន បានយល់ផងថា យើងប្រើប្រាស់ក្រេឌិតកាត ពេលមានការបន្ទាន់ចាំបាច់ មិនមែនប្រើទិញ សម្រាប់ងាយស្រួលសប្បាយទេ។

១៥) ចាត់ចែងពេលវេលារបស់គ្រួសារក្នុងការជជែកពិភាក្សាគ្នារឿងលុយ
ការបានជជែកគ្នាក្នុងក្រុមគ្រួសារ នឹងមានផលប្រយោជន៍ សម្រាប់ក្មេងៗ ណាស់ ទាំងរឿងវិធីការប្រើប្រាស់លុយ របស់មនុស្សម្នាក់ៗ។ បញ្ហារឿងលុយកាក់ដែលបានជួបប្រទះ ព្រមទាំងការប្រឹក្សាយោបល់ អំពីគោលគំនិត ផ្នែកការបង្កើនចំនួនលុយឲ្យបានច្រើនឡើយ តាមវិធីផ្សេងៗ។

ការអប់រំកូនឲ្យចេះវិធីសាស្ត្រគ្រប់គ្រងលុយ និងការប្រមូល ឬការទុកដាក់លុយ តាមអ្វីដែលគ្រូណែនាំទាំង ១៥ប្រការនេះ វាប្រហែលជាលំបាកពេកមែនទេ ហើយបើឪពុកម្ដាយអប់រំកូនឲ្យយល់ អំពីវិធីសាស្ត្រប្រើលុយ និងគុណតម្លៃរបស់លុយបាន អនាគតនឹងរីកចម្រើនឡើងហើយ ជាមនុស្សដែលមានស្ថេរភាព រឿងលុយកាក់។ វាក៏មិនមែនហូសពីការធ្វើបានដែរ ប៉ុន្តែទាំងនេះ នឹងមានភាពប្រសើរឡើង បើសិនអប់រំឲ្យកូន បានចេះរៀនសិក្សារកចំណេះដឹង ស្រឡាញ់ការរៀនសូត្រ ដើម្បីនាំមកអភិវឌ្ឍ ចំពោះថ្ងៃអនាគត ដ៏ល្អរបស់ខ្លួនឯង ព្រោះបើនឹងអប់រំឲ្យកូនមានតែម្យ៉ាង ប្រហែលជាមិនសូវល្អឡើយ ប៉ុន្តែបើសិនក្លាយជាអ្នកមាន ដែលមានគុណធម៌វិញ មិនគិតចង់យកប្រៀបលើអ្នកណា ធ្វើការរកស៊ីចិញ្ចឹមជីវិត សាងក្រុមគ្រួសារដោយអំពើល្អ មានសុចរិតភាព និងមានសេចក្ដីព្យាយាមជាមូល។ រឿងទាំងអស់នេះ នឹងរឹតតែឧបត្ថម្ភគាំទ្រ ឲ្យកូនធំធាត់ឡើង ដូចជាមនុស្ស ដែលមានគុណភាពចំពោះខ្លួនពួកគេផ្ទាល់ ចំពោះក្រុមគ្រួសារ ឪពុកម្ដាយ និងចំពោះសង្គមជាតិទាំងមូលផងដែរ... ដោយការព្រួបារម្ភ៕

ប្រភព៖ Little Monster 
ប្រែ.ចាន់



No comments:

Post a Comment