Thursday, June 15, 2017

ធម្មៈសម្រាប់ព្យាបាលអ្នកខូចចិត្ត


-----------------------------------------
ធម្មៈសម្រាប់ព្យាបាលអ្នកខូចចិត្ត
------------------------------------------

សេចក្ដីស្រឡាញ់ ភាពអាឡោះអាល័យគឺជាមូលហេតុនៃសេចក្ដីទុក្ខ
ព្រោះហេតុដូច្នោះមនុស្សមានការស្រឡាញ់ខ្លាំងប៉ុនណា ក៏មានទុក្ខខ្លាំងប៉ុណ្ណោះ
មានស្នេហាមួយ មានទុក្ខមួយ មានស្នេហាដប់ ទុក្ខក៏មានដប់
បើមានស្នេហាមួយរយ ក៏មានទុក្ខមួយរយដែរ
សេចក្ដីទុក្ខរមែងកើនឡើងតាមបរិមាណនៃសេចក្ដីស្រឡាញ់
ដូចជាកំដៅភ្លើងដែលកើតឡើងអំពីភ្លើង
រមែងក្ដៅឡើងតាមចំនួនបរិមាណអុសដែលដាក់ចូលទៅ។

ពុទ្ធវចនៈ                


ភាពខកចិត្ត និងក្ដីសង្ឃឹមក្នុងសេចក្ដីស្រឡាញ់ពុំមែនមានន័យថា ការអស់ទៅអ្វីៗគ្រប់យ៉ាងក្នុងជីវិតទេ
មានត្រឹមតែវត្ថុម្យ៉ាងប៉ុណ្ណោះដែលបានរបូតចេញពីដៃរបស់អ្នកទៅ តែនៅមានអ្វីច្រើនយ៉ាងទៀតដែលមានតម្លៃនៅក្នុងខ្លួនអ្នក។
ក្នុងខណៈពេលស្របគ្នានេះដែរ ការដែលអ្នកត្រូវគេបដិសេធក្ដីស្រឡាញ់ មិនមែនមានន័យថា ខ្លួនអ្នកគ្មានតម្លៃទេ។
តែទោះជាយ៉ាងនេះក្ដី ក៏នៅមានមនុស្សជាច្រើននាក់ទៀត ដែលកំពុងតែស្រឡាញ់អ្នក ដូចជា ឪពុកម្ដាយ ជីដូនជីតា ពូមីង បងប្អូន និងញាតិមិត្តិទាំងឡាយ ដែលនៅក្បែរខ្លួនអ្នក។
ឬក៏មានអ្នកខ្លះទៀតកំពុងមានចិត្តស្រឡាញ់អ្នក កុំឲ្យត្រឹមតែមនុស្សម្នាក់មកអារកាត់តម្លៃរបស់អ្នកឲ្យសោះ
ឬមួយមកក្ដោបក្ដាប់លើជីវិតទាំងមូលរបស់អ្នកបាន។
 

កាលបើជីវិតមកដល់ត្រង់ចំណុចនេះ ពុំមានអ្វីល្អជាងការចាប់ផ្ដើមជីវិតសាជាថ្មីម្ដងទៀតទេ
អ្នកគួរសម្លឹងមើលទៅខាងមុខ ប្រសើរជាងអ្នកអាឡោះអាល័យអតីកាលដ៏ផ្អែមល្ហែមជាមួយគេ
ឬក៏ជាប់គាំងនៅជាមួយការឈឺចាប់ពីថ្ងៃម្សិលមិញ។ អតីតគឺជារឿងដែលវាកន្លងផុតទៅហើយ
វាគ្មានថ្ងៃវិលមកដូចដើមវិញទេ នាំឲ្យយើងបង់ខាតប្រយោជន៍ដែលទៅគិតដល់វា ត្រឡប់មកវិញ
ការគិតដល់វា មានតែធ្វើឲ្យអ្នកកើតទុក្ខច្រើនឡើង ចំពោះអតីតកាលដ៏ឈឺចាប់មួយនេះ។
ការគិតដល់វា មិនខុសអីពីយកកាំបិតចុងស្រួចមកចាក់ចំបេះដូងអ្នកម្ដងហើយម្ដងទៀតនុ៎ះទេ
 

គេអាចក្បត់ចិត្តអ្នក មិនស្មោះត្រង់ជាមួយអ្នក រហូតដល់ចែកផ្លូវគ្នាដើររៀងៗខ្លួន
តែមកដល់ថ្ងៃនេះហើយ គេមិនមានផ្លូវណាធ្វើឲ្យអ្នកកើតទុក្ខ បើសិនអ្នកមិនរើសយកគេ មកទុកក្នុងចិត្ត
ឬចាំនឹករលឹកដល់ទង្វើរបស់គេក្នុងអតីត សុខឬទុក្ខស្ថិតនៅក្នុងចិត្តរបស់អ្នកថា ដាក់ចុះ ឬមិនដាក់ប៉ុណ្ណោះ
គេមិនអាចបង្គាប់បញ្ជាចិត្តអ្នកឲ្យកើតទុក្ខបានឡើយ។


កុំបណ្ដោយឲ្យសេចក្ដីក្រោធ ខឹងស្អប់មកដុតកំលោចចិត្តរបស់អ្នក គេបានទៅឆ្ងាយពីខ្សែជីវិតរបស់អ្នកហើយ
ប៉ុន្ដែភ្លើងកំហឹងនៃសេចក្ដីក្រោធ ខឹងស្អប់ ដែលក្ដៅគគក់នៅក្នុងចិត្តអ្នកទៅវិញទេ ដែលកំពុងដុតបំផ្លាញអ្នក។
ពន្លត់រងើកភ្លើងក្នុងចិត្តអ្នក ដោយការឲ្យអភ័យជាមធ្យោបាយដ៏ល្អប្រសើរ។


បើអ្នកមានអារម្មណ៍ថាខ្លួនឯងខុស គួរឲ្យអភ័យខ្លួនឯងខ្លះទៅ មិនគួរស្ដីបន្ទោសខ្លួនឯងដដែលជាដដែលទេ
បើអ្នកពិតជាមានការភ្លាំងភ្លាត់ខុសមែន អ្នកគួរប្រកាន់យករឿងនោះ ទុកជាមេរៀនដើម្បីការកែលំអនៅពេលក្រោយៗទៀត
ខ្លួនឯងកុំកប់ទុកខ្លួនឯងក្នុងអតីតដែលខុស ព្រោះអនាគតដ៏ស្រស់បំព្រងកំពុងរង់ចាំអ្នក
ភាពងងឹតមិនធ្លាប់មានជាប់ជានិរន្តរ៍ទេ មិនយូរមិនឆាប់ ពន្លឺមាសពន្លឺប្រាក់ក៏នឹងប្រាកដឡើងក្នុងជីវិតរបស់អ្នក។


ត្រីវិស័យបេះដូង
ការនិយាយ ការធ្វើ ហេតុការណ៍ដែលយើងមិនចូលចិត្ត
អាចនឹងបញ្ចប់ទៅតាំងពីយូរមកហើយ
ប៉ុន្ដែខ្លួនយើងនេះឯងដែលរើសយកពាក្យនិយាយ ទង្វើ ហេតុការណ៍នោះៗ
មកបើកមើល មកបើកស្ដាប់ ក្នុងខួរក្បាលយើងម្ដងហើយម្ដងទៀត
បើនិយាយទៅ គេចាក់យើងតែម្ដងគត់
ប៉ុន្តែខ្លួនយើងនេះឯង រើសយកកាំបិតនោះ
មកចាក់ខ្លួនឯង មិនព្រមឈប់សោះ។
 
បើសិនយើងចាំក្លំមើលចិត្តខ្លួនឯង យើងនឹងដឹងទាន់ ទាន់ត្រង់ចិត្តលើកកាំបិត
រើសយកគំនិតមកចាក់លើខ្លួនឯង
តើយើងកំពុងចាក់ខ្លួនឯងឬទេ?
តើដល់ពេលដាក់កាំបិតចុះហើយឬនៅ?

------------------------------------------------
រូបភាព៖ អ៊ិនធើណែរ
ប្រភព៖ ធម្មបណ្ដាលចិត្ត ស្រ.ឆ្លាតធ្វើចិត្ត
អប់រំដោយ ព្រះ.វិសាលោ
ប្រែ.ភិ.សុវណ្ណបញ្ញា

 

 

 

 

No comments:

Post a Comment