ការគិតជារឿងមួយ ដែលហាមឃាត់ ឬគ្រប់គ្រងបានដោយលំបាក លោកប្រៀបដូចជាសត្វពានរដែលមិនចេះនៅស្ងៀម
មែនហើយថា យើងធ្វើឲ្យវានៅស្ងៀមមិនបានក៏ដោយ តែបើសិនជាយើងដឹងវិធីហ្វឹកហាត់ដ៏ត្រឹមត្រូវ
ជាពិសេស “ពុទ្ធវិធីគ្រប់គ្រងការគិត” ដែលជាកលយុទ្ធឈ្នះគំនិតក្នុងផ្នែកអវិជ្ជមាន
ដ៏លំបាក ស្មុគស្មាញ លោកប្រៀបដូចជាថ្នាំពួកែស័ក្ដិសិទ្ធិ
ដែលប្រើក្នុងការរក្សាព្យាបាលគំនិតឲ្យជាសះស្បើយដាច់ស្រឡះពីបញ្ហា
និងភាពតានតឹងក្នុងផ្នែកផ្សេងៗ។
ក្នុងបច្ចុប្បន្នភាព
មនុស្សជាច្រើនកំពុងប្រឈមមុខជាមួយសេចក្ដីទុក្ខ ដែលកើតឡើងពីឧទកភ័យ
ធ្វើឲ្យចិត្តស្វិតស្រពោន អស់សង្ឃឹម គិតច្រើនដល់កើតជំងឺស្ត្រេស តានតឹងផ្លូវអារម្មណ៍កើនខ្ពស់ច្រើនពាន់នាក់
ដែលជាបឋមធាននៃការកើតជំងឺស្ត្រេសខ្លាំង ក៏មកពីការគិតដែលចងឱបភ្ជាប់ជាមួយនឹងបញ្ហា
ដែលកំពុងប្រឈមមុខ ហើយគំនិតជារឿងដែលហាមឃាត់ ឬគ្រប់គ្រងបានដោយលំបាក និងជំងឺតានតឹងក្នុងផ្នែកផ្សេងៗ
ដោយមានក្បួនវិធីចាប់ផ្ដើមពី
ប្រការទី១ ផ្លាស់ប្តូរការគិតៈ ប្រព្រឹត្តទៅក្នុងលក្ខណៈដែលថា
បើសិនរឿង ដែលយើងកំពុងគិតនោះ វាធ្វើឲ្យយើងកើតមានអារម្មណ៍សៅហ្មង
ឬទស្សនគតិក្នុងផ្លូវអវិជ្ជមាន ឲ្យប្រញាប់ដកចេញពីគំនិតទាំងនោះភ្លាម ហើយផ្លាស់ប្តូរការគិតទៅក្នុងរឿងល្អ
ឬធ្វើឲ្យកើតទស្សនគតិក្នុងផ្នែកវិជ្ជមានវិញ ដូចជា បើសិនថា យើងកំពុងកង្វល់ចិត្ត
ឬសោកសៅចិត្តជាមួយនឹងបញ្ហាទឹកជំនន់ ដែលកំពុងប្រឈមមុខ
ទាំងធ្វើឲ្យទ្រព្យសម្បត្តិត្រូវបាត់បង់ ឬត្រូវការងារបាត់បង់
ក៏ឲ្យផ្លាស់ប្តូរទៅគិតរឿងផ្សេង ក្នុងមធ្យោបាយផ្ទុយជំនួសវិញ ដូចជា យើងនៅមានសំណាង
នៅមានសល់ទ្រព្យសម្បត្តិ ឬគិតថា នៅល្អបាន ផ្លាស់ប្តូរការងារថ្មី ដែលមានអ្វីៗល្អៗ
ចូលមកក្នុងជីវិត តពីនេះក៏អាចនៅបាន។
ប្រការទី២ ពិចារណាទោសនៃការគិតៈ បើសិនជាយើងផ្លាស់ប្តូរការគិតហើយ
តែល្មមមិនយូរក៏រើរត្រឡប់ទៅគិតរឿងសៅហ្មងដូចមុនទៀត វិលវល់នៅយ៉ាងនេះទៅជារឿយៗ លោកថា
វិធីត្រូវដោះស្រាយគឺឲ្យពិចារណាអំពីទោសនៃការគិតនោះចុះ ឬនិយាយងាយឲ្យស្រួលស្ដាប់គឺ
ក្នុងពេលរត់គេចហើយ(គំនិត) វានៅតែដេញតាមជាប់ដូចជាស្រមោលអន្ទោលតាមប្រាណ
ក៏ឲ្យស៊ូជាមួយវាចុះ ដោយការងាកបែរមកប្រើសតិក្នុងការគិតពិចារណាអំពីទោស នៃការគិតដែលធ្វើឲ្យកើតទុក្ខ
ឬសៅហ្មងនោះថា បើសិនជាយើងគិតរវល់តែជាប់ផុងលង់ជាមួយនឹងការគិត ក្នុងផ្នែកអវិជ្ជមាន
ដូចបានពោលនោះ ហើយចុះវានឹងបានប្រយោជន៍អ្វីហ្ន៎? វាមានតែខាតពេល
ដោយឥតប្រយោជន៍ទៅទទេៗ ឬកាន់តែធ្វើឲ្យយើងអស់នូវកម្លាំងចិត្តទៅឥតអំពើ។
ការប្រើសតិពិចារណា អំពីទោសដូចបានពោល ចុងក្រោយវាធ្វើឲ្យយល់ថា
ចិត្តដួងនេះដែលគិតដូច្នោះ កើតមានភាពក្រវល់ក្រវាយ ក្ដៅក្រហាយរោលរាល
មិនស្រួលកាយមិនសប្បាយចិត្ត គ្មានប្រយោជន៍ តែបើថា មិនគិតដូច្នោះហើយ
នឹងមានអារម្មណ៍ត្រជាក់ចិត្ត ជ្រះស្រឡះ ធូរស្រាល សប្បាយចិត្ត ជាដើម។
ប្រការទី៣ មិនយកចិត្តទុកដាក់ (ឲ្យឈប់គិត) បើសិនទាំងពីរវិធីប្រើទៅនៅមិនទាន់បានផល
លោកឲ្យប្រកាន់ថា បញ្ហាខាងការគិតផ្នែកអវិជ្ជមាន ដែលកំពុងប្រឈមមុខនោះ
មានត្រឹមតែជារឿងតូចតាច ឬជារឿងគ្មានសារៈសំខាន់ក្នុជីវិត ពេលធៀបជាមួយរឿងនេះទៅរឿងផ្សេងទៀត
ឬមនុស្សដទៃ ដែលកំពុងជួបប្រទះជាមួយបញ្ហាដូចយើង ប៉ុន្តែធ្ងន់ធ្ងរជាងយើង ពេលគិតឃើញដូច្នេះហើយ
ក៏បង្កឲ្យកើតបានជាកម្លាំងចិត្ត និងឈប់យកចិត្តទុកដាក់ក្នុងរឿងដែលគិត (អវិជ្ជមាន)
ដូចពោលព្រមជាមួយនឹងការបោះជំហានបន្តទៅមុខ ដោយមានក្ដីសង្ឃឹម
ដោយមានកម្លាំងពីភាពរឹងមាំផ្នែកខាងផ្លូវចិត្ត។
ប្រព្រឹត្តទៅក្នុងលក្ខណៈដែលថា កុំយកចិត្តទុកដាក់ក្នុងបញ្ហា
ដូចពោល ដែលកំពុងប្រឈមមុខ ឲ្យរកវិធីដទៃ ដែលមានប្រយោជន៍ធ្វើ ដើម្បីអនាគតល្អជាជាង។
ប្រការទី៤ ត្រិះរិះរកហេតុផលៈ ការត្រិះរិះរកហេតុផលក្នុងរឿងការគិត
ប្រព្រឹត្តទៅក្នុងលក្ខណៈដែលថា ការប្រើការគិតពិចារណាថា
តើមូលហេតុអ្វីយើងត្រូវគិតដូច្នេះ? តើអ្វីទៅដែលធ្វើឲ្យយើងគិតដូច្នេះ? ហើយនឹងធ្វើឲ្យយើងលែងគិតពិចារណាម៉ត់ចត់ល្អិតល្អន់ ស៊ីជម្រៅទៅដល់ហេតុបច្ច័យ
ដែលធ្វើឲ្យយើងកើតមានគំនិតដូច្នេះ ហើយបញ្ជូនបន្តកាត់តាមការវិនិច្ច័យត្រិះរិះ ឲ្យចេញជាផ្លែផ្កា ដែលនឹងកើតឡើងតាមក្រោយ បើសិនថា នៅមានគំនិតដូច្នេះ លោកប្រៀបដូចថា
- បើសិនថា កំពុងរត់ដោយលឿនរហ័ស
ក៏នឹងផ្លាស់ប្តូរមកជារត់ត្រឹកៗវិញ
- បើសិនថា កំពុងរត់ត្រឹកៗ
ក៏នឹងឲ្យផ្លាស់ប្តូរទៅជាដើរវិញ
- បើសិនថា កំពុងដើរ
ក៏នឹងឲ្យផ្លាស់ប្តូរទៅឈរទ្រឹងវិញ
- បើសិនថា កំពុងឈរទ្រឹង
ក៏នឹងឲ្យផ្លាស់ប្តូរទៅជាអង្គុយវិញ
- បើសិនជា កំពុងអង្គុយ
ក៏នឹងឲ្យផ្លាស់ប្តូរទៅជាដេកវិញ។
ប្រព្រឹត្តទៅក្នុងលក្ខណៈដែលថា “ការឈប់គិតបាន ធ្វើឲ្យសតិបានជាប់គ្រឿងយន្តធ្វើការម្ដងទៀត” ពេលមានសតិក្ដោមក្ដាប់ជាមួយនឹងការប្រើការគិត
ក៏គិតល្អិតល្អន់សុខុម ប្រយ័ត្នប្រយែងខ្លាំងឡើង។
ប្រការទី៥ ឲ្យខាំធ្មេញប្រើអណ្ដាតទល់ពិតានឲ្យនែនៈ បើសិនធ្វើតាមលំដាប់លំដោយខាងលើមកហើយ
ការគិតមិនទាន់នៅស្ងៀមទៀត លោកឲ្យប្រើធ្មេញខាំធ្មេញឲ្យជាប់
ហើយយកអណ្ដាតទល់ពិតានខាងលើឲ្យជាប់ រួចការគិតនឹងឈប់ទៅឯកឯង។
ទោះបីថា
យើងកំពុងប្រឈមមុខជាមួយនឹងបញ្ហា (ជីវិត) ច្រើនយ៉ាង ច្រៀនរឿងក៏ដោយ
សំខាន់គឺសុំឲ្យមានកម្លាំងចិត្ត កុំអាលអស់សង្ឃឹម ដរាបណានៅមានខ្យល់ដង្ហើមចេញចូល
ជីវិតរមែងមានក្ដីសង្ឃឹមជានិច្ច ដកការគិតក្នុងផ្លូវអវិជ្ជមានចេញចោលទៅ
ហើយយកគំនិតបែបវិជ្ជមានមកដាក់ជំនួសវិញ ដើម្បីស្ថាបនាកម្លាំងចិត្តឲ្យខ្លួនឯង។
មុននឹងបញ្ចប់សំនេរនេះ ស្មេរមានរឿងមួយបញ្ជាក់ពីជំហរនេះ ដែលដក់ស្រងចេញពីសៀវភៅរឿង
“ពរនៃជីវិត” ដែលជាស្នាព្រះហស្ថរបស់ព្រះមហាវិសាលោ ដូចខាងក្រោម៖
មួយឆាកជីវិតរបស់លោក ម៉ារិអូ គូអូម៉ូ អតីតចៅហ្វាយរដ្ឋញូយ៉ក
មានហេតុការណ៍មួយដែលរូបលោកពិបាក នឹងបំភ្លេចបាន។ ក្នុងពេលនោះគាត់នៅវ័យកម្លោះ
កំពុងតែមានក្ដីរីករាយសប្បាយចិត្តចំពោះផ្ទះមួយខ្នង ដែលប៉ាលោកទើបនឹងទិញមក
ក្បែរផ្ទះនោះមានដើមស្រល់មួយដើមខ្ពស់ក្រលួច ងើយផុតកន្ទុយភ្នែក
ស្មានប្រហែលជាមានកំពស់ មិនទាបជាង ៤០ហ្វូត ឬស្មើនឹងអាគារកំពស់បីជាន់។
នៅយប់មួយមានខ្យល់ព្យុះសង្ឃរា ពេលអ្នកគ្រប់គ្នាត្រឡប់មកដល់ផ្ទះនេះ
ក៏ឃើញដើមស្រល់មួយដើមនោះ ត្រូវបានខ្យល់ព្យុះបក់បោកសណ្ដកគល់ដួលរលំបាត់ទៅហើយ ឫសស្រល់ត្រូវបានសណ្ដកចេញពីផ្ទៃផែនដីទាំងអស់
ចុងស្រល់បានដួលទៅលើទ្រូងផ្លូវ ឃើញមានសភាពបែបនេះ បេះដូងរបស់លោកស្ទើរតែឈប់លោត។
ប៉ុន្តែប៉ារបស់លោក
មិនឲ្យខាតពេលជាមួយនឹងភាពចុះញ៉មចំពោះឧបសគ្គ ដើរសម្លឹងមើលដើមស្រល់មួយសន្ទុះ ទើបនិយាយឡើងថា “មកជួយគ្នាទាញដើមស្រស់ឲ្យឈរឡើងវិញ”។
ម៉ារិអូ ស្រែកឡើងភ្លាមថា “ស្អីហ្នឹងប៉ា!
ឫសវាសណ្ដកចេញពីដីអស់ហើយហ្នឹង”។
ប៉ុន្តែប៉ារបស់លោក មិនខ្វល់ស្ដាប់សម្ដីនេះទេ “ឈប់និយាយទៅ
បានហើយ យើងនឹងទាញវាឲ្យឈរឡើងវិញ វានឹងធំឡើងសាជាថ្មី”។
ពេលនោះភ្លៀងក៏ចាប់ផ្ដើមបង្អុរចុះមកទៀត ប្រហែលជាលំបាកប្រឡាក់ប្រឡូកហើយមើលទៅ បើសិនមិនធ្វើតាមពាក្យរបស់ប៉ាលោក តែម៉ារិអូ និងបងប្រុងមិនជំទាស់
ក្រោយពីជួយគ្នាចងខ្សែជាមួយនឹងចុងស្រល់ ម៉ារិអូជាអ្នកទាញខ្សែរនៅក្បែរផ្ទះ
ខណៈដែលបងប្រុសចាំលើកជ្រោងចុងស្រល់ឡើង។
មិនយូរដើមស្រល់ ក៏វិលត្រឡប់មកតាំងដូចដើមវិញ ហើយប៉ារបស់លោក
ក៏ព្យាយាមកាយដីពង្រីកគល់ ហើយក្លាយជាអន្លុងគល់យ៉ាងធំ ខណៈពេលដែលដើមស្រល់លិចកប់ចុះទៅរឿយ
ក្រោយបន្ទាប់ពីកាយដីលុប លើកយកដុំថ្មមកដាក់ជាន់បង្ហាប់គល់
ហើយបុកបង្គោលអបស្ទបដើមស្រល់ថែមទៀត។
ពីរម៉ោងក្រោយមក ចំកណ្ដាលដំណក់នៃទឹកភ្លៀង
មុននឹងចូលផ្ទះប៉ារបស់លោកប្រាប់ថា “កុំបារម្ភ វានឹងធំឡើងជាថ្មី”។
បើសិនថ្ងៃនេះ អ្នកបើកបររថយន្តទៅផ្ទះមួយខ្នងនោះ អ្នកនឹងឃើញស្រល់មួយដើមយ៉ាងធំគ្រាក់ខ្ពស់ស្រឡឹម
អាចមានកំពស់ទៅដល់៦៥ហ្វូត ត្រង់ព្រីញ ធ្វើហាក់ដូចជាវាមិនធ្លាប់ដួល
ទៅលើទ្រូងផ្លូវអ៊ីចឹង។
រឿងនេះ តួឯកគឺ “ប៉ា” តែម្នាក់គត់
មិនបាច់ត្រូវសង្ស័យ ការអស់សង្ឃឹមរបស់ប៉ា ធ្វើឲ្យរឿងដែលមិនអាចទៅរួច បែរជារួចទៅវិញ។
ប្រភព៖ https://www.gotoknow.org/posts/468500
No comments:
Post a Comment