Tuesday, August 1, 2017

ការបង្អោនចិត្តយកគ្រប់រឿងមកដាក់ក្នុងខ្លួន


ព្រះពុទ្ធព្រះបរមគ្រូជាម្ចាស់ ទ្រង់អប់រំបង្អោនចិត្តឲ្យយកគ្រប់រឿងមកដាក់ក្នុងខ្លួន ពេលឃើញគុណ និងទោសរបស់សាច់រឿងនោះដូចម្ដេច ឬរបស់បុគ្គលនោះយ៉ាងណា ឲ្យបង្អោនយករឿងនោះ របស់បុគ្គលនោះចូលមកដាក់ក្នុងខ្លួន ហាក់ដូចជារឿងរបស់ខ្លួន។ គិតពិចារណាឲ្យឃើញថា តើវាជាគុណ ឬជាទោសយ៉ាងណាទៅ? តើគួរធ្វើឬមិនគួរធ្វើ? តែបើគួរធ្វើវិញ តើគួរធ្វើវាដល់កម្រិតណា?

ការសម្លឹងមើលតែគុណ ឬទោសរបស់បុគ្គលដទៃ ដោយមិនបានបង្អោនចិត្តយកមកដាក់ក្នុងខ្លួន ដើម្បីគិតពិចារណាឲ្យឃើញអំពីគុណទោសរបស់ខ្លួន រមែងមិនជាប្រយោជន៍ និងមិនជាការប្រតិបត្តិតាមការអប់រំ ការបង្រៀនរបស់សម្មាសម្ពុទ្ធ ដែលជាកំពូលគ្រូនៃមនុស្ស និងទេវតាឡើយ។ មនុស្សគ្រប់រូប សម្លឹងមើលឃើញទោសនៃការលោភលន់របស់បុគ្គលដទៃ ដូចៗគ្នាទាំងអស់។ ចូរធ្វើតាមឱវាទរបស់ព្រះពុទ្ធបរមគ្រូ ទ្រង់បានអប់រំទូន្មាន បង្អោនចិត្តចូលមកមើលទោសនៃសេចក្ដីលោភលន់របស់ខ្លួនឯងសិន វានឹងត្រឹមត្រូវជាងទៅមើលទោសរបស់អ្នកដទៃ។ ទោសរបស់បុគ្គលណា បុគ្គលនោះមើលឲ្យឃើញក៏បាន ហ្នឹងឯង ដែលគេហៅថា ការគ្រប់គ្រងចិត្ត។

អប់រំដោយ
ព្រះញាណសំវរ

No comments:

Post a Comment