Saturday, November 18, 2017

រឿង លោកក្ដៅ


រឿង លោកក្ដៅ

ធម្មៈនិងជីវិត រឿងលោកក្ដៅពេលនិយាយដល់លោកៈ មនុស្សភាគច្រើនក៏ច្រើនតែនឹកដល់លោកដែលមានសន្និដ្ឋានមូលក្រឡង់វិលជុំវិញខ្លួន១ ជុំ ប្រើប្រាស់ថេរៈវេលា ១ថ្ងៃ  វិលជុំវិញព្រះអាទិត្យ១ជុំ ប្រើថេរៈវេលា ១ ឆ្នាំ ដែលជាទីកន្លែងជ្រកអាស្រ័យរបស់មនុស្ស និងវត្ថុដែលមានជីវិតទាំងឡាយ ដែលកំពុងជួបប្រទះបញ្ហាសីតុណ្ហភាពឡើងខ្ពស់ ។ មនុស្សតិចណាស់ ដែលនឹកដល់លោកដទៃទៀត តាមសភាវៈពិតនោះ ក៏មានបញ្ហាមិនចាញ់គ្នាប៉ុន្មានដែរ ។

ពាក្យថា លោក ប្រែថា វត្ថុដែលត្រូវបែកធ្លាយ ឬវិនាសទៅ ។ ក្នុងលក្ខគោលធម៌ លោកបែងចែកជា ៣ ប្រភេទគឺ សង្ខារលោកមួយ លោកគឺសង្ខារ បានដល់វត្ថុដែលកើតឡើងការរៀបចំតាក់តែង ដូចជា រូបរាងកាយ និងចិត្តវិញ្ញាណ ។ សត្វលោកមួយ លោកគឺពពួកសត្វ បានដល់មនុស្ស និងសត្វទាំងឡាយ និងឱកាសលោក លោកគឺផែនដីដែលយើងកំពុងអាស្រ័យនៅសព្វថ្ងៃ ។ ត្រង់ដែលថា លោកក្ដៅនោះ មិនមែនចំពោះលោកគឺ ផែនដីដែលយើងរស់នៅសព្វថ្ងៃនេះប៉ុណ្ណោះទេ ប៉ុន្តែគឺសង្ខារ និងលោកគឺពពួកសត្វ សូម្បីតែនឹងមិនបានទាក់ទង់ជាមួយបញ្ហាសីតុណ្ហភាព ដូចដែលកើតឡើងក្នុងពេលបច្ចុប្បន្ននេះក៏ដោយ ក៏ប៉ុន្តែពេលធ្លាក់នៅក្នុងភាវៈដែលត្រូវវិនាស មិនថិតថេរ ក៏ក្លាយជារឿងដែលមានផលប៉ះពាល់ដល់ជីវិត បើសិនមិនចាត់ការគ្រប់គ្រងឲ្យបានល្អទេ ឲ្យកើតនូវសភាវៈដែលគេហៅ កំដៅកើនឡើងជាងរឿងលោកក្ដៅ ដែលកំពុងតែនាំគ្នាភ័យបារម្ភក្នុងពេលនេះទៅទៀត ។ សរុបសេចក្ដីមក លោកទាំង ៣ នេះ ខាងសាសនាចាត់ទុកថា ជាបញ្ហាដែលត្រូវគ្រប់គ្រងចាត់ការដូចគ្នាទាំងអស់ មិនដូច្នោះទេ នឹងក្លាយជាលោកឡើងកំដៅ ។

វិធីគ្រប់គ្រងចាត់ការលោកនោះ បើជាសង្ខារលោក លោកអប់រំឲ្យដឹងទាន់សភាវៈប្រព្រឹត្តទៅរបស់វា ព្យាយាមបន្ថយសេចក្ដីតោងប្រកាន់មាំចោលខ្លះ ទើបនឹងស្រាលទុក្ខថយកំដៅបាន បើសិនជាសត្វលោក លោកអប់រំឲ្យមានក្ដីមេត្តាធម៌ មានសេចក្ដីស្រឡាញ់រាប់អាន ជាគ្រឿងការពារសេចក្ដីក្ដៅរោលរាលក្នុងការរស់នៅរួមគ្នា ក្នុងចំណែកខាងឱកាសលោកវិញ ដែលកំពុងមានសីតុណ្ហភាពខ្ពស់គ្រប់ខណៈនោះ មូលហេតុចម្បងមកពីសកម្មភាពរបស់មនុស្ស ការគ្រប់គ្រងរៀបចំ ទើបត្រូវអាស្រ័យជាមួយមនុស្សគ្រប់គ្នា ដែលត្រូវសហការគ្នាក្នុងវិធានការផ្សេងៗ ដូចជា ការប្រើប្រាស់ថាមពលដោយការសន្សំសំចៃ និងឈប់បង្កបង្កើតជាតិពុល ជាដើម ។ បើសិនធ្វើបាន ក៏នឹងជាការបង្អង់សេចក្ដីវិនាស និងកំដៅរបស់លោកបានយ៉ាងពិតប្រាកដមែន ៕

No comments:

Post a Comment