Friday, November 17, 2017

ធម្មៈអប់រំចិត្ត រឿងឈប់…មិនបាន


ធម្មៈអប់រំចិត្ត រឿងឈប់មិនបាន

ពាក្យថា ឈប់ មានន័យច្រើនយ៉ាង ដូចជា ន័យថានៅនឹងទី ឬមិនអភិវឌ្ឍ  ឬមិនធ្វើអ្វីបន្តទៅទៀត  តួយ៉ាង ដូចជា រថយន្តឈប់ គឺឈប់នៅត្រង់ទី បេះដូងឈប់លោត គឺជាជីវីត្រូវចប់ ឈប់និយាយ ឈប់ធ្វើ ក៏មានន័យថា មិននិយាយ មិនធ្វើរឿងនោះទៀត  ឈប់ជក់បារី ឈប់ផឹកស្រី ឈប់លេងល្បែង គឺឈប់ផ្ដាច់ពីវត្ថុនោះចោល ។ ការឈប់ជាកិរិយាអាការៈ ដែលមានផលវិជ្ជមានផង និងផលអវិជ្ជមានផង ពោលគឺ បើសិនឈប់ក្នុងរឿងដែលគួរធ្វើ អាចបង្កឲ្យកើតមានគ្រោះមហន្តរាយ ឬសេចក្ដីវិនាស ច្រើនជាសេចក្ដីថ្កុំថ្កើងរុងរឿង ដូចជា វ័យក្មេង គួរខិតខំសិក្សាសូត្ររៀន ប៉ុន្តែឈប់រៀន ក៏ក្លាយទៅជាមនុស្សល្ងិតល្ងង់ គ្មានចំណេះវិជ្ជា ខ្វះភាពឆ្លាតវៃ ខ្វះឧបករណ៍ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត ឈប់ធ្វើអំពើល្អ អំពើល្អគ្មានចម្រើនឡើង ឬក៏ឈប់សន្សំទ្រព្យ ក៏គ្មានទ្រព្យសម្បត្តិអ្វីកើនឡើង ។

ព្រោះថា ពុទ្ធសាសនាអប់រំឲ្យឈប់ធ្វើអាក្រក់តាមផ្លូវកាយ វាចា និងគិតអាក្រក់តាមផ្លូវចិត្ត ព្រោះអំពើអាក្រក់ មិនបង្កឲ្យកើតបានផលល្អតែប្រការណាទេ ប៉ុន្តែមានរឿងមួយដែលឈប់មិនបានគឺ ការឈប់ធ្វើអំពើល្អ ព្រោះអំពើល្អជារឿងលើកតម្កើងជីវិតឲ្យមានគុណតម្លៃជានិច្ច ។ មនុស្សល្អនោះ បូរាណពោលទុកថា ធ្លាក់ទឹកមិនហូរ ធ្លាក់ភ្លើងមិនឆេះមានន័យថា អំពើល្អដែលខ្លួនបានធ្វើទុកដល់ក្លាយជាសាច់សុទ្ធរបស់ជីវិត នឹងពិភ័ក្ដិរក្សាម្ចាស់នៃអំពើល្អ ឲ្យរួចទុក្ខផុតភ័យទាំងឡាយទាំងពួង និងខ្លួនឯងក៏មានមោទនភាព ចំពោះអំពើល្អរបស់ខ្លួនដោយហេតុនេះ ទើបលោកអប់រំឲ្យធ្វើអំពើល្អជារឿយៗ តាមរយៈផ្លូវកាយ វាចា និងគំនិតតាមផ្លូវចិត្ត ដោយវិធីសាស្ត្រផ្សេងៗ ដូចជាស្រោចស្រង់សង្គ្រោះអ្នកដទៃ ការប្រព្រឹត្តប្រតិបត្តិតាមច្បាប់របស់សង្គម និងការហ្វឹកហាត់ចិត្តខ្លួនឲ្យមានគុណធម៌ ដើម្បីបង្អោនខ្លួនឲ្យមានដំណើរការប្រព្រឹត្តល្អ ចូលទៅក្នុងសង្គមដោយកិត្តិយស និងសមតម្លៃនៃភាពជាមនុស្សជាដើម ។ ចំណែកមនុស្សដែលឈប់ធ្វើអំពើល្អនោះ ចាត់ទុកថា ជាមនុស្សខ្វះសេចក្ដីលូតលាស់រីកចម្រើន មិនបានអភិវឌ្ឍខ្លួន និងជាមនុស្សហួសសម័យនិយម ។

ដូចនោះ វត្ថុដែលគួរឈប់ គឺឈប់ការធ្វើនូវអំពើអាក្រក់គ្រប់ប្រភេទ ទាំងផ្លូវកាយ ទាំងផ្លូវវាចា ព្រមទាំងផ្លូវចិត្ត ព្រោះអំពើអាក្រក់ជារឿងដែលគួរឲ្យស្អប់ខ្ពើម ប៉ុន្តែអ្វីដែលឈប់មិនបានគឺការធ្វើអំពើល្អ ព្រោះបើសិនជាឈប់ធ្វើអំពើល្អពេលណា ជីវិតរមែងមិនលូតលាស់រីកចម្រើន មានតែថយចុះ ស្មើនឹងថា បានសាងភាពអស់សង្ឃឹម ឲ្យដល់ជីវិតរបស់ខ្លួនឯងដោយពិត ៕



No comments:

Post a Comment