Thursday, November 16, 2017

ធម្មៈមុនចូលដេកៈ រឿង ពិភពលោកនាពេលព្រឹក


ធម្មៈមុនចូលដេកៈ រឿង ពិភពលោកនាពេលព្រឹក

រឿងពិភពលោកនាពេលព្រឹកពិភពលោកក្នុងពេលព្រឹកស្វាងរស្មីនៃព្រះអរុណោទ័យ មិនថាគយគន់សម្លឹងមើលទៅទិសណា ក៏អាចមើលឃើញអ្វីគ្រប់យ៉ាងបានច្បាស់ៗ មិនចាំបាច់ទាយស្មានៗព្រាលៗ ឬមើលខុសភ្លាំងភ្លាត់ ដូចជាពេលយប់អាធ្រាត្រ ព្រមទាំងអាកាសធាតុក៏ត្រជាក់ស្រួលសប្បាយ ធ្វើឲ្យមានសភាពស្រស់បស់ដល់ជីវិតរុក្ខជាតិសត្វមនុស្សផងទាំងឡាយ ។ ពេលល្មមព្រះទិន្នករះឡើងនៅឯជើងមេឃ សោភ័ណភាពនៅលើផ្ទៃពិភពលោក ដែលយើងមើលឃើញនិងរីករាយក្នុងពេលព្រឹក ក៏ត្រូវបានគ្របដណ្ដប់ដោយភាពងងឹតនៃរាត្រីកាល ទោះបីជាមានពន្លឺរស្មីនៃព្រះច័ន្ទ ឬផ្កាយជួយបញ្ចេញរស្មីឲ្យភ្លឺស្វាងខ្លះៗក៏ដោយ ក៏ប៉ុន្តែធ្វើឲ្យការមើលឃើញបានស្រពិចស្រពិល មិនច្បាស់ស្មើនឹងពន្លឺរស្មីព្រះអាទិត្យឡើយ ។

ខាងក្នុងចិត្តរបស់មនុស្សយើងក៏ដូចគ្នា ពេលណាមានភាពច្បាស់ស្រឡះល្អ គ្មានមន្ទិលសៅហ្មងល្អក់កករ ក៏ដូចជាពិភពលោកក្នុងពេលព្រឹក ដែលមានរស្មីចែងចាំង មានបរិយាកាសដ៏ស្រស់បស់ មនុស្សដែលមានអារម្មណ៍ ដូចជាពិភពលោកនាពេលព្រឹកដូចនេះ ទោះបីគេនៅក្នុងផ្ទះខ្ទម ឬនៅក្នុងសភាពដែលស្លៀកពាក់សំលៀកបំពាក់ដាច់ដាចចាស់ៗក៏ដោយ ក៏មានសេចក្ដីសប្បាយចិត្តរីករាយ ។ ចិត្តដែលសប្បាយរីករាយស្រស់ស្រាយនេះហើយ មានសភាពជាកុសល ជាផ្លូវនៃបញ្ញា និងចំពោះការចេះទទួលខុសត្រូវ ល្អអាក្រក់ មានការស្អប់ខ្ពើម ខ្មាសបាបខ្លាចបាបចំពោះអំពើអាក្រក់គ្រប់ប្រភេទ ។ បើដរាបណាចិត្តត្រូវបានគ្របដណ្ដប់ដោយភាពងងឹត ទៅដោយអំណាចរបស់កិលេស មានលោភៈ ជាដើម ក៏ជាចិត្តដែលខ្វះកម្លាំង ធ្វើឲ្យឃើញវត្ថុផ្សេងៗ បានស្រពិចស្រពិល ឬឃើញខុសឃ្លាតចាកពីសភាវៈពិត ដូចជា ឃើញវត្ថុស្មោគគ្រោកជាស្អាត ឃើញបាបជាបុណ្យ ឃើញគុណជាទោស ឃើញខុសជាត្រូវបាន ។

ដូចនោះ ទើបគួរសង្រួមខ្លួនឯងឲ្យបានគ្រប់ខណៈ ហើយព្យាយាមសម្រួលចិត្តឲ្យដូចជាពិភពលោកនាពេលព្រឹក ដើម្បីជីវិតនឹងបានជួបប្រទះជាមួយរឿងល្អៗរាល់ថ្ងៃ ៕



No comments:

Post a Comment