Thursday, November 16, 2017

រណ្ដៅកប់សពរបស់មនុស្សរស់


រណ្ដៅកប់សពរបស់មនុស្សរស់

ធម្មៈនិងជីវិត ស្តីពី រណ្ដៅកប់សពរបស់មនុស្សរស់អ្នកប្រាជ្ញព្រឹទ្ធបណ្ឌិត ពោលទុកដាស់តឿនចិត្តទុកថា សេចក្ដីខ្ជិលច្រអូស គឺរណ្ដៅកប់សពរបស់មនុស្សរស់។ សេចក្ដីខ្ជិលច្រអូស ឬការស្ពឹកស្រពន់ មានន័យថា ការមិនចង់ធ្វើតួនាការងារអ្វី ដែលមានលក្ខណៈផ្ទុយគ្នាពីសេចក្ដីឧស្សាហ៍ព្យាយាម ។ សួរថា ហេតុអ្វីសេចក្ដីខ្ជិល ទើបបានជាចំណុចរណ្ដៅកប់សពរបស់មនុស្សរស់? តបថា ព្រោះបុគ្គលខ្ជិលច្រអូស ទោះជានឹងមានជីវិតរស់ ក៏លោកប្រៀបដូចជាមនុស្សដែលស្លាប់បាត់ទៅហើយ ពោលគឺ នឹងបរាជ័យក្នុងជីវិត  គិតល្អក្នុងជីវិត និងតួនាទីការងារអ្វីមិនបានឡើយ ។ បុគ្គលខ្ជិលច្រអូសទើបអស់តម្លៃ ជាទីស្អប់ខ្ពើម ជាស្នៀតរបស់សង្គម ដូចពាក្យមុតន័យជ្រៅពោលទុកថា ឈើកិតគូថគ្នាល្អជាងមនុស្សខ្ជិល មនុស្សខ្ជិលជាស្នៀតសង្គម, ភាពខ្ជិលជាសត្វរុយ ការព្យាយាមជាសត្វឃ្មុំ។ ដូចនោះ នៅក្នុងព្រះពុទ្ធសាសនា ទើបចាត់ទុកថា សេចក្ដីខ្ជិលច្រអូសជាអបាយមុខគឺជា ផ្លូវនៃសេចក្ដីវិនាសមួយប្រការ ។

លក្ខណៈរបស់មនុស្សខ្ជិល តាមទ្រឹស្តីទស្សនៈផ្នែកព្រះពុទ្ធសាសនាមាន ៤ ប្រការគឺ៖

១) ខ្ជិល គឺធ្ងន់មិនយក ស្រាលមិនស៊ូ ដូចជា បានទទួលមុខងារក្នុងកិច្ចការអ្វីមួយហើយ ក៏បណ្ដោយឲ្យវារបូតទៅវិញ  មិនធ្វើតួនាទីកិច្ចការងារនោះ ទាល់តែកើតមានផលវិបត្តិដល់តួនាទីការងារនោះៗ ។

២) ប្រព្រឹត្តអំពើទុច្ចរិត (ទុច្ចរិតៈ) គឺការប្រព្រឹត្តខូច សាងហេតុមិនល្អ  ប៉ុន្តែចង់បានទទួលផលល្អដូចអ្នកដទៃ ជាដើម ។

៣) ធ្វើការរួញរា (សិថិលៈ) គឺធ្វើអ្វីលេង ធ្វើសើរៗ មិនធ្វើឲ្យអស់ពីចិត្ត អស់ពីសមត្ថភាព ប៉ុន្តែចង់បានផលសម្រេច ។

៤) ធ្វើការងារគរទុកចោល គឺចូលចិត្តទុកសិនចាំថ្ងៃស្អែកសឹមធ្វើ រកលេសនេះ រកលេសនោះ ហើយធ្វើការងារអ្វីឡើយ ។

វិធីដោះស្រាយសេចក្ដីខ្ជិលគឺ៖
    
១) ធ្វើថ្ងៃនេះកុំចាំថ្ងៃស្អែកពេលបានទទួលកិច្ចការអ្វីហើយ គួរតែប្រញាប់ធ្វើវាភ្លាមៗ កុំបង្អែរបង្អង់ចាំថ្ងៃនេះថ្ងៃនោះ ដូចជា ចាំថ្ងៃស្អែកសឹមធ្វើ ជាដើម ។

២) ដឹងតួនាទីពេលបានទទួលនាទីកិច្ចការហើយ គួរសិក្សារៀនស្គាល់ឲ្យយល់ និងព្យាយាមធ្វើឲ្យសម្រេចរាបរយល្អបំផុត និងឲ្យទាន់តាមកាលកំណត់ទុក ។
    
៣) រលឹកដល់តួនាទីពេលបានទទួលនាទីកិច្ចការអ្វីហើយ គូរមានសេចក្ដីឧស្សាហ៍ព្យាយាមយកចិត្តទុកដាក់ មានមនសិការថា យើងមានកិត្តិយស មានភព្វសំណាង មានចំណូលសម្រាប់ចិញ្ចឹមខ្លួន ចិញ្ចឹមគ្រួសារ ក៏ព្រោះតែតួនាទីកិច្ចការនេះ ប្រៀបដូចប្រភពស្រូវប្រភពទឹករបស់យើងអ៊ីចឹងដែរ ។

ដូចនោះ បុគ្គលសង្ឃឹមសេចក្ដីសុខ សេចក្ដីចម្រើនរុងរឿងក្នុងជីវិត និងនាទីកិច្ចការ ទើបគួរលះបង់ទម្លាប់ខ្ជិល រួចហើយបណ្ដុះសេចក្ដីព្យាយាម ការទទួលខុសត្រូវក្នុងមុខតួនាទីចាប់ពីថ្ងៃនេះ ពេលនេះតទៅ ៕



No comments:

Post a Comment