Monday, November 20, 2017

រឿងដាក់ចិត្តចុះ


រឿងដាក់ចិត្តចុះ

ធម្មៈអប់រំជីវិត រឿងដាក់ចិត្តចុះក្នុងសេចក្ដីនេះ លោកអប់រំទុកថា បុគ្គលណាតោងប្រកាន់មាំក្នុងសេចក្ដីទុក្ខ ប្រៀបដូចជាពស់វែកចឹក បុគ្គលណាតោងប្រកាន់សេចក្ដីសុខ ប្រៀបដូចចាប់កន្ទុយពស់វែក ហើយវាអាចត្រូវរលាស់ខ្លួនមកចឹកខាំខាងក្រោយបាន ។ ក្នុងន័យដូចបានពោលខាងលើនេះ បានផ្ដល់ជាទស្សនាទានថា សុខទុក្ខប្រៀបដូចជាពស់វែក សូម្បីតែមនុស្សដែលសមប្រកបជាមួយសេចក្ដីសុខហើយក៏ដោយ ក៏ត្រូវមានសតិស្មារតីប្រុងប្រយ័ត្នជានិច្ច មិនចាំបាច់និយាយទៅថ្វី ដល់មនុស្សដែលកំពុងមានសេចក្ដីទុក្ខគ្របសង្កត់ឡើយ ។

ក្នុងលក្ខគោលព្រះធម៌ក្នុងព្រះពុទ្ធសាសនា សេចក្ដីទុក្ខ ជារឿងដែលយើងត្រូវកំណត់ដឹង ។ កាលបើដឹងហើយ ក៏រកវិធីដោះស្រាយកែខៃ មិនរវល់តែសោកសៅខ្សឹកខ្សួលអួលអាក់រីងរៃ អស់សង្ឃឹមខូចចិត្តទៅបែបនោះជារឿយៗ ជីវិតក៏ពិបាករើរឲ្យរួចផុតពីសេចក្ដីទុក្ខនេះបាន ហៅថា តោងប្រកាន់ក្នុងសេចក្ដីទុក្ខ ត្រូវនៅជាមួយសេចក្ដីឈឺចាប់កើតទុក្ខវេទនា ដោយពស់វែកចឹកខាំនោះឯង ។ ប៉ុន្តែបើសិនបានសេចក្ដីសុខហើយ មិនដឹងទាន់ ក៏ភ្លេចអាត្មា រហូតដល់កើតសេចក្ដីតោងប្រកាន់ក្នុងសេចក្ដីសុខ ដោយខ្លួនមិនបានបែងចែកចិត្តទុកទទួលរ៉ាប់រងក្នុងគ្រា ដែលសេចក្ដីសុខនោះអស់ទៅ រលាយទៅ សូន្យទៅ ។ កាលបើពេលនោះមកដល់ ក៏ខ្លួនត្រូវកើតទុក្ខដដែល មិនខុសពីការចាប់ពស់វែកនៅត្រង់កន្ទុយអ៊ីចឹងដែរ ទោះជាមិនដល់ថ្នាក់ខាំចឹកភ្លាមៗ មិនយូរទេ ប្រាកដជាមានភ័យកើតឡើង ។

ជាពិសេសសាច់រឿងពិតរបស់សុខនិងទុក្ខ មិនមែនមានឥទ្ធិពលចំពោះមនុស្សគ្រប់ពេលទេ ។ ការឈរកណ្ដាលកំដៅថ្ងៃ ១៥ នាទី អ្នកខ្លះកើតទុក្ខទ្រាំនៅបន្តទៅទៀតមិនបាន ប៉ុន្តែមានអ្នកខ្លះទៀត អាចទ្រាំនៅបានយ៉ាងស្រួលសប្បាយ ។ ក្នុងរឿងតែមួយ មានមនុស្សពីរនាក់ កើតទុក្ខមិនស្មើគ្នាទេ ។ ក្រៅពីហេតុផលក្នុងផ្នែកសុខភាពរាងកាយហើយ ក៏មានហេតុផលផ្នែកខាងចិត្តសាស្ត្រទៀត ។ ចិត្តនេះឯង ដែលតួអង្គកំណត់គឺ បើសុខ ឬទុក្ខកើតឡើងក៏ត្រូវចេះដាក់់ចិត្តឲ្យត្រូវ មិនប្រមូលរើសមកតោងប្រកាន់មាំ មកតាក់តែង ក្នុងផ្នែកបង្កើននៃបញ្ហាថែមទៀតទេ ហើយពេលនោះ បញ្ហាក៏ចេះតែថយចុះ៕ 


No comments:

Post a Comment