៩ គោលគំនិតដើម្បីជីវិតស្អាតផូរផង់
១.
ការអភិវឌ្ឍខ្លួន
“ចូរសម្លឹងមើលអ្វីគ្រប់យ៉ាង យកមកធ្វើជាគ្រូ
អ្នកទាំងឡាយនឹងមានជីវិតរស់នៅយ៉ាងសែនត្រជាក់ភិរម្យ” ។
ការមើលឃើញអ្វីគ្រប់យ៉ាង ដែលកើតឡើង តាំងនៅ និងរលត់ទៅ
អាចយកមកធ្វើជាគ្រូអប់រំទូន្មានខ្លួនយើង ចិត្តយើង
ឲ្យចេះសម្របសម្រួលទៅតាមដំណើររបស់ធម្មជាតិ
ជាការមួយ ញ៉ាំងចិត្តរបស់យើងមិនឲ្យធ្លាក់ចុះ មិនកើនឡើងហួស
ដែលបណ្ដាលឲ្យចិត្តរបស់យើងមិនស្ងប់ មិននឹងន ចេះតែក្រវល់ក្រវាយ
មិនឈប់ឈរ រកសេចក្ដីសុខកាយ សប្បាយចិត្តមិនបាន ព្រោះតែ
ហើមប៉ោងឡើងចុះទៅតាមសភាវៈទាំងឡាយនោះ ។
កាលណាចិត្តរបស់យើងដឹងទាន់តាមសភាវៈដែលកំពុងកើតឡើង តាំងនៅ
រលត់ទៅ
ចិត្តរបស់យើងក៏លែងច្របូកច្របល់ មិនទាមទារអ្វីឲ្យលើសពីអ្វីដែលខ្លួនឯងមាន
អ្វីដែលខ្លួនឯងបាននោះឡើយ ។ ការធ្វើបានដូច្នេះ
ជីវិតរបស់យើងក៏នឹងជួប
ប្រសព្វជាមួយសេចក្ដីសុខដ៏ពិតប្រាកដមួយក្នុងលោកិយ
២.
គ្រួសារ
“សូមមើលថែរក្សាគ្នានិងគ្នាឲ្យបានល្អ
ព្រោះមួយជីវិតនេះមិនមានជាលើកទីពីរទេ” ។
មនុស្សដែលផ្ដល់ក្ដីស្រឡាញ់ ការរាប់អានអស់ពីចិត្តស្មោះអស់ពីពង់
ផ្ដល់ភាពកក់ក្ដៅ និងយកចិត្តទុកដាក់មើលថែឲ្យលើសជាងពីមនុស្ស
ក្នុងគ្រួសារនេះមិនមានឡើយ ។
អ្នកដទៃស្រឡាញ់យើង រាប់អានយើង
មិនប្រាកដថា ចិត្តរបស់គេស្មោះត្រង់ចំពោះយើងបានមួយរយភាគរយឡើយ
ចួនការស្រឡាញ់របស់គេ
ការរាប់អានរបស់គេអាចមើលឃើញប្រយោជន៍អ្វីម្យ៉ាង
ពីយើង កាលណាយើងអស់ផលប្រយោជន៍សម្រាប់គេហើយ គេក៏លែងរាប់អាន
រាប់រកមកស្រឡាញ់យើងតទៀត ។
ដូចនេះ មានតែគ្រួសាររបស់យើងប៉ុណ្ណោះ
ដែលអាចរ៉ាប់រងទំនួលខុសត្រូវចំពោះជីវិត
ការរស់នៅរបស់យើងបាន
មានតែគ្រួសារនេះទេ ដែលអាចជាទីជម្រកមួយដ៏សែនកក់ក្ដៅបំផុត
បើអ្នកដើរចេញទៅឆ្ងាយ សូមងាកក្រឡេកមើលមកគ្រួសារ
ដែលធ្លាប់ផ្ដល់ភាពកក់ក្ដៅ ផ្ដល់ក្ដីស្រឡាញ់ដល់ខ្លួន
ដែលមិនចេះរីងស្ងួត
ចូរត្រឡប់មកមើលថែគ្រួសារមួយនេះផង ព្រោះក្នុងមួយជីវិតរបស់អ្នក
មិនមានជាលើកទីពីរទៀតទេ ក្នុងការថែរក្សាគ្រួសារមួយនេះ ។
៣.
ការងារ
“ចូរធ្វើឲ្យល្អបំផុត នៅការងារចំពោះមុខដែលធ្វើ
បានល្អបំផុត នៅការងារដែលខ្លួនបាន” ។
ការងារ ដែលមនុស្សគ្រប់រូបសុទ្ធសឹងតែស្វះស្វែងរកធ្វើ
គ្មានមនុស្សណាម្នាក់រស់នៅគ្មានការងារទេ
គ្មានមនុស្សណារស់នៅចាំតែមានបានដោយមិនបានធ្វើការងារទេ
គ្មានមនុស្សណាដែលរស់ដោយគ្មានបញ្ចេញញើសឈាមនោះទេ
គ្មានការងារណាកើតឡើងដល់បុគ្គលខ្ជិលច្រអូស គ្មានវិជ្ជានោះទេ
គ្រាន់តែមនុស្សគ្រប់រូបត្រូវបំពេញតាមមុខងាររបស់សភាពសតិបញ្ញា
កម្លាំងកាយ
អ្នកខ្លះបំពេញការងារតាមសមត្ថភាពរាងកាយ ដូចជាប្រើកម្លាំងកាយជាធំ
អ្នកខ្លះទៀត គេបំពេញការងារតាមចំណេះដឹង វិជ្ជាជីវរបស់គេ
និងភាពឆ្លាតវៃរបស់គេ ។
ការងារនោះមានលក្ខណៈបែបសណ្ឋានច្រើនបែបច្រើនយ៉ាងណាស់
ដែលមនុស្សគ្រប់រូបត្រូវស្វះស្វែងរកធ្វើ តាមសមត្ថភាព
តាមចំណេះចេះដឹង និងតាមបទពិសោធរបស់ខ្លួន
មានលក្ខណៈធ្ងន់ស្រាលទៅតាមនោះផងដែរ ។
ការងារដែលខ្លួនបានធ្វើ បានបំពេញហើយ
ចូរប្រឹងធ្វើវាឲ្យអស់ពីសមត្ថភាព
លទ្ធភាព សក្ដានុពលរបស់ខ្លួន ។ មានន័យថា យើងម្នាក់ៗត្រូវបំពេញការងារនេះឲ្យល្អបំផុត
តាមអ្វីដែលខ្លួនអាចធ្វើបាន ធ្វើរួច កុំឲ្យមានសេចក្ដីប្រមាទ
ធ្វេសប្រហែសឲ្យសោះ
ឱកាសការងារដូចជាដុំទឹកកក ដែលរងចាំពេលរលាយទៅប៉ុណ្ណោះ ។
ឱកាសការងារមិនមានច្រើនសម្រាប់យើងធ្វើទេ
ដូចនេះ
ចូរបំពេញការងារដែលខ្លួនមានខ្លួនបានឲ្យល្អបំផុត ។
៤.
សុខភាព
“ការងារសំរឹទ្ធ
ជីវិតភិរម្យ”
សុខភាព កាលណានិយាយរឿងសុខភាពនេះ ជារឿងចម្បងមួយក្នុងលោក
សុខភាពល្អជាលាភមួយដ៏ប្រសើរ ដែលអាចមានអ្វីគ្រប់យ៉ាង
មានមនុស្សខ្លះនិយាយថា ក្រចុះ តែកុំឲ្យឈឺ
គ្មានគ្រែណាថ្លៃជាងគ្រែអ្នកជំងឺនេះទេ
តែកាលណាឈឺហើយ ហាក់ដូចអ្វីៗគ្រប់យ៉ាងត្រូវរាំងស្ទះទាំងអស់
កាលណាឈឺហើយកុសលធម៌ទាំងឡាយពិបាកនឹងកើតបានដែរ ។
សុខភាពនេះជារឿងសំខាន់សម្រាប់មនុស្សគ្រប់រូប ដែលធ្វើរដ្ឋមួយ
ប្រទេសមួយ
មិនអាចខ្វះផ្នែកខាងសុខាភិបាល
ថែរក្សាសុខភាពរាងកាយបានឡើយ
រដ្ឋមួយ ប្រទេសមួយមិនអាចខ្វះសាសនា
ដើម្បីរក្សាសុខភាពផ្លូវចិត្ត
រដ្ឋមួយ ប្រទេសមួយមិនអាចខ្វះមុខវិជ្ជាចិត្តសាស្ត្រ
សម្រាប់សិក្សាដំណើរចិត្ត
ថាមពល និងគតិរបស់ចិត្តបានឡើយ ។
សុខភាពនេះ លោកបែងចែកជាពីរប្រការគឺ
សុខភាពផ្លូវកាយ ដែលតម្រូវឲ្យមនុស្សរក្សាកាយតាមមធ្យោយបាយផ្សេងៗ
មានការហាត់ប្រាណ ធ្វើកាយសម្ព័ន្ធ
ធ្វើចលនាតាមសភាពលក្ខណៈរបស់រាងកាយ
ពេលកាយឈឺចាប់ត្រូវទៅឲ្យពេទ្យពិនិត្យរកមេរោគ ត្រូវលេប
ត្រូវចាក់តាមសណ្ឋានរបស់រោគ
តាមចិត្តវិទ្យាត្រូវរក្សាកាយឲ្យបានស្អាត មានអនាម័យ រស់នៅស្អាត
ស៊ីស្អាត
និងមានបរិស្ថានស្អាតបរិសុទ្ធជានិច្ច ។ តាមសាសនា
រក្សាកាយឲ្យបានល្អ
មិនត្រូវទៅធ្វើបាបកម្មផ្សេងទៅ ដូចជាសម្លាប់មនុស្ស
លួចឆក់ប្លន់ទ្រព្យសម្បត្តិ
របស់ជននានា
មិនត្រូវទៅលួចលាក់មានសហាយស្មន់ជាមួយប្រពន្ធកូនរបស់ជនដទៃ
មិនត្រូវទៅលេងល្បែងអបាយមុខ ដូចជា ផឹកគ្រឿងស្រវឹង ជក់បារី
កឆ្ឆា ចូរបាស្រី
ដែលនាំកើតគ្រោះដល់រូបកាយ
និងត្រូវទោសមូលបង្កាច់បង្ខូចពីជននានាច្រើនប្រការ
រហូតដល់អាចធ្លាក់ខ្លួនជាប់គុកជាប់ច្រវាក់
ជួបគ្រោះថ្នាក់ចារាចរ
បង់ខាតខូចទ្រព្យសម្បត្តិនានា ធ្លាក់ខ្លួនពិការ
និងបាត់បង់អាយុជីវិត សឹងថាមានច្រើន ។
ដូចនេះ ការរក្សាកាយឲ្យបានល្អហ្មត់ហ្មង
ពិតជានាំមកនូវសេចក្ដីសុខ មនោរម្យដល់ជីវិតរបស់ខ្លួន
គ្រួសារខ្លួន និងសង្គមជាតិ អាចជួយកាត់បន្ថយការចំណាយថវិកាជាតិ
បង្កើនកម្លាំងការងារអភិវឌ្ឍដល់សង្គមជាតិទាំងមូល ។
៥.
សម្ព័ន្ធភាព
“ចុងឈើទោទន់ កំពូលមនុស្សឱនលំទោន” ។
ឈើដែលទោទន់មិនងាយដល់ការបាក់ឡើយ ដូចជាដើមឫស្សីដែលមានដើមរឹង
ប៉ុន្តែទន់ ទុកណាមានខ្យល់ព្យុះបក់ខ្លាំងប៉ុនណា ក៏មិនអាចធ្វើឲ្យដើមឫស្សីបាក់បានដែរ
មានតែសណ្ដក់ទាំងឫសទៅប៉ុណ្ណោះ មិនដូចជាដើមស្រល់ខ្ពស់លលៃ
ប៉ុន្តែរឹងអាចប៉ះនឹងខ្យល់បក់រៀងខ្លាំងបន្តិច ក៏បាក់ចុងធ្លាក់ចុះមកជាក់មិនខានឡើយ
។
សេចក្តីប្រៀបធៀបនេះ មិនខុសពីមនុស្សក្នុងលោកនេះដែរ
កាលណាបើខ្លួនមានបាន មានតំណែងតួនាទី ឋានៈយសសក្ដិ
កេរ្ដ៍ឈ្មោះល្បាញល្បី
តែខ្លួនច្រើនតែមានអំនួតក្អេងក្អាង មិនគោរពកោតខ្លាចដល់មនុស្សចាស់ព្រឹទ្ធាចារ្យ
មិនចេះគោរពដល់ពួកសមណជីព្រាហ្មណ៍ហើយ បុណ្យសក្ដិកេរ្ដិ៍ឈ្មោះនោះៗ
តែងបាត់បង់ទៅវិញជាក់ជាមិនខាងឡើយ
សូម្បីតែទេវតាក៏លោកលែងហ៊ានរក្សា
មិននៅក្បែរថែនិត្យនៅ នឹងប្រាសទៅព្រោះតែចិត្តជននោះសាម៉ាន
ដូចពាក្យខ្មែរបុរាណយើងតែងពោលទុកថា ងើយស្កក ឱនដាក់គ្រាប់ ។
មនុស្សណាដែលចេះមានការគោររពឱនលំទោន ទោះនៅទីណា
ទៅកន្លែងណាក៏មានមនុស្សគេចូលមករាប់រក យកអាសារគ្រប់ពេលវេលា
និងអាណិតអាសូរ ជាក់ជាមិនខានឡើយ ដូចពាក្យខ្មែរលោកពោលថា
បើចេះៗឲ្យគេកោត បើឆោតៗគេស្រឡាញ់ ។
មនុស្សដែលចូលមករាប់អានយើងច្រើន លុះតែយើងជាមនុស្សទន់ភ្លន់
រុះរាយ
រាក់ទាក់ ញញឹមញញែម ប្រើសម្ដីផ្អែមល្ហែមត្រជាក់
ជាមនុស្សឧស្សាហ៍ព្យាយាមសិក្សាធ្វើការរកស៊ី
ទើបមានញាតិមករាប់រក ព្រោះអាចពឹងពរកពំនាក់បាន
ព្រោះមនុស្សនោះមានចរិយាល្អ មានសីលធម៌ល្អប្រពៃ
មានគុណសម្បត្តិខ្ពស់ល្អក្រៃ ទើបបានជាម្លប់ត្រជាក់គួរដល់អាស្រ័យជ្រកកោន
ជាមនុស្សមានមេត្តាករុណាចំពោះមនុស្សតូចធំមិនប្រកាន់ខ្លួនមានក្រ
។
ដូចនេះ បើបានជាមនុស្សដែលមានជីវិតរស់នៅក្នុងសង្គម
ដែលមានភព្វសំណាង
បានជាមនុស្សពេញលក្ខណៈ មានអវៈយវៈ សតិបញ្ញាគ្រប់គ្រាន់
គួរធ្វើខ្លួនឲ្យជាមនុស្សមានសីលធម៌ សុជីវធម៌ និងគុណធម៌
និងធ្វើជាមនុស្សមានក្ដីមេត្តាករុណា
ចំពោះមនុស្សសត្វផងគ្នា ដូចជាពាក្យថា អ្នកក្រពឹងអ្នកមាន
អ្នកល្ងង់ពឹងអ្នកប្រាជ្ញ និង
ចូរធ្វើខ្លួនត្រាប់តាមដើមឫស្សី ដើមត្រែង ដើមស្រូវ
កុំត្រាប់ដើមស្រល់ ដើមឈើទាលអី ។
៦.
សង្គម
“រស់ដើម្បីខ្លួនឯង
រស់គ្រាន់តែស្លាប់
រស់ដើម្បីមនុស្សជាតិ រស់គ្រាន់តែបណ្ដោះសន្នក្រោមមេឃលើដី” ។
សង្គមដែលផ្ដុំដោយមនុស្សច្រើនសណ្ឋាន មានដូចជាអ្នកក្រ អ្នកមាន
អ្នកល្ងង់ បណ្ឌិតកវី
អ្នកស្រែ អ្នកផ្សារ អ្នកធ្វើការងារ ទាំងខាងក្នុង ទាំងខាងក្រៅ
ដែលលាយឡំគ្នាបានជាចលករមួយ ដែលធ្វើឲ្យសង្គមរីចចម្រើនលូតលាស់
និងអភិវឌ្ឍប្រទេសបានដើរទៅមុខទៀត ។
សង្គមអាចចាប់ផ្ដើមពីសង្គមគ្រួសារមួយតូច ទៅជាសង្គមគ្រួសារធំមួយ
ពីសង្គមគ្រួសារធំមួយ បានជាសង្គមគ្រួសារប្រទេសមួយ
ចេញពីសង្គមគ្រួសារប្រទេសមួយ ទៅជាសង្គមគ្រួសារលោកទាំងមូលមួយ ។
ដូចនេះការរស់នៅក្នុងសង្គម មនុស្សម្នាក់ៗតែងមានគំនិតមតិយោបល់ផ្សេងៗគ្នា
អ្នកខ្លះរិះគិតយកសង្គមមួយនេះ ដើម្បីការរស់នៅស្រួលរបស់ខ្លួនឯង
គ្រួសារខ្លួន និងប្រទេសរបស់ខ្លួន
ដែលខ្លួនអាចរស់នៅមានកំណត់កាលពេលវេលា មិនអាចមានជីវិតអមតៈបានឡើយ
ខ្លួនខំធ្វើខ្លួនយ៉ាងណាឲ្យរួចឲ្យផុតទុក្ខទោសទណ្ឌ
មានទីពឹងរបស់ខ្លួនឯង
ព្រោះថាជីវិតជាមនុស្សនេះមានតម្លៃណាស់ ប្រៀបបានជាខ្លួនបានភាជន៍មាសមួយ
មិនសមគួរដល់ការដាក់គ្រឿងលាមក សមជាយកមកដាក់ផ្កាល្អៗ
យ៉ាងណាជីវិត ដែលកើតមកជាមនុស្សនេះ ដែលជាការក្រ
មិនសមគួរខ្លួនទៅធ្វើអាក្រក់ ដោយកាយ វាចា និងគំនិតឡើយ
ដល់សង្គមមនុស្ស ដែលសុទ្ធនាំគ្នាស្វែងរកសន្តិឲ្យខ្លួនឯង
គ្រួសារ និងប្រទេសជាតិ
គ្មានសង្គមណាមួយចង់បានអសន្តិទេ
សូម្បីតែសត្វតិរច្ឆានក៏ខំគេចពីភ័យទៅរកសុខ
សុវត្ថិភាពសម្រាប់ខ្លួនរបស់វាដែរ ។
សុវត្ថិភាពសម្រាប់ខ្លួនរបស់វាដែរ ។
៧.
ការប្រើបណ្ដាញផ្សព្វផ្សាយសង្គម
“ក្នុងរឿងទំនាក់ទំនងសង្គមអនឡាញ មានទាំងផ្កា មានទាំងគំនរសម្រាម
ចូរជ្រើសរើសផ្កាយកមកហិត មិនមែនស្រវឹងវង្វេងជាមួយគំនរសម្រាម” ។
វាជាការពិតណាស់ សង្គមមនុស្សសម័យនេះ មានភាពជឿនលឿនហួសនឹងគិត
ហួសពីការពណ៌នារៀបរាប់ទាន់ឲ្យសព្វគ្រប់បាន ។
យុគសម័យនៃបច្ចេកវិទ្យា វិទ្យាសាស្ត្រ
ដែលមានកម្មវិធីសិក្សាស្រាវជ្រាវរករបកគំហើញថ្មីៗ
ឬរឿងដែលមានអាថកំបាំងជ្រាលជ្រៅ
ដែលសម័យបុរាណមិនទាន់រកឃើញ ប្រើបានប្រើកើត តែឥឡូវនេះវិទ្យាសាស្ត្របាន
កែប្រែពីស្ថានភាពលំបាកឲ្យមកជាស្ថានភាពងាយស្រួលឡើង ឆាប់ឡើង
ជិតឡើង
ពីតំបន់មួយទៅតំបន់មួយ ហាក់ដូចជានៅជិតគ្នាឡើង
ដោយពឹងផ្អែកទៅលើបច្ចេកវិទ្យាទាំងនេះ ។
ដូចនេះ បច្ចេកវិទ្យាពិតជាផ្ដល់ភាពងាយស្រួលដល់ការរស់នៅរបស់មនុស្សពិតមែនហើយ
វាជាគុណសម្បត្តិដ៏សម្បើមណាស់សម្រាប់បម្រើឲ្យជីវភាពរបស់មនុស្ស
ដែលធ្វើឲ្យមនុស្សចេះប្រើវា
អាចទទួលបានផលកម្រៃយ៉ាងមហាសាល ។ ប៉ុន្តែ
ទន្ទឹមនឹងបាលផលកម្រៃយ៉ាងច្រើនដូចនេះ
តែគុណវិបត្តិរបស់វាក៏មានសម្បើមណាស់ដែរ
ចំពោះមនុស្សដែលមិនសូវបានសិក្សាខ្ពង់ខ្ពស់ យល់ដឹងពីបច្ចេកវិទ្យានេះច្បាស់
ត្រូវប្រឈមមុខបង់ខាត់យ៉ាងធ្ងន់ធ្ងរ
ត្រូវរង់គ្រោះទទួលផលអវិជ្ជាមកលើខ្លួន គ្រួសារខ្លួន
ដូចពាក្យនិយាយលេងថា សង្គមស្ងោកមុខជាប់ ។
ការប្រើប្រាស់បណ្ដាញសង្គមនេះមានទាំងគុណសម្បត្តិ
និងគុណវិបត្តិចំពោះអ្នកប្រើប្រាស់
អ្នកខ្លះប្រើប្រាស់របស់បច្ចេកវិជ្ជាខ្ពស់
ប៉ុន្តែចិត្តគំនិតទាប ។ ចិត្តមិនខ្ពស់ដូចរបស់ប្រើប្រាស់របស់ខ្លួន
ប្រើរបស់ទំនើបៗគ្រាន់តែអំណួតពីខ្លួនមាន ខ្លួនគ្រាន់បើ
តែតាមការពិតចិត្តគំនិតថោកទាប
យកវត្ថុទាំងនោះមកវាស់វែងតម្លៃពីការរស់នៅរបស់ខ្លួន
ដោយការប្រមាថមាក់ងាយ
មើលថោកថា អ្នកដទៃមិនដល់ខ្លួន មិនមែនប្រើប្រាស់សម្រាប់ជាមធ្យោបាយនោះទេ
។
ដូចនេះ ការប្រាស់ប្រាស់នៅលើបណ្ដាចផ្សព្វផ្សាយ មានគំរុងលាមក
និងផ្កា
សម្រាប់ឲ្យមនុស្សប្រើប្រាស់ជ្រើសរើសយកមួយណា ទើបគួរដល់ខ្លួន
ការងារ រកស៊ី មុខរបររបស់ខ្លួន ។ ការប្រើបណ្ដាញទាក់ទងគ្នា
ក៏ត្រូវមើលពីខ្លួនឯង
ឲ្យច្បាស់សិនថា វត្ថុណាតម្រូវការ និងវត្ថុណាចាំបាច់
សម្រាប់ខ្លួនប្រើប្រចាំថ្ងៃ ប្រចាំជីវិត ។
ដូចបានជម្រាបខាងលើហើយថា យើងកើតមកជាមនុស្ស
ប្រៀបបានដូចជាភាជន៍មាស
មិនសមគួរដល់ការដាក់គ្រឿងស្មោកគ្រោស្អុយរលួយ មានលាមកជាដើមនោះទេ
គួរដល់ការតម្កល់ផ្កាក្រអូបឈ្ងុយឈ្ងប់ប្រសើរជាជាង ។
៨.
ប្រទេស
“កុំបណ្តុះបង្អាប់ជេរផ្ដេសាមូលបង្កាច់ (ដាក់ប្រទេសឲ្យកំណើតខ្លួន)
ប៉ុន្ដែចូរក្រោកឡើងរួមដៃគ្នាកសាងផ្លាស់ប្ដូរ” ។
បទេសវិបត្តិ គឺជាប្រទេសជាតិដែលធ្លាក់ចូលក្នុងវិបត្តិ
ដោយមានកត្តាច្រើនយ៉ាង
អ្វីដែលសំខាន់នោះ
គឺសេដ្ឋកិច្ច ។ សេដ្ឋកិច្ចគឺជាគ្រឹះទ្រទ្រង់ដ៏សំខាន់ណាស់
សម្រាប់ប្រទេសជាតិ ដើម្បីឲ្យសេដ្ឋកិច្ចនេះទ្រទ្រង់ទៅបានរលូននោះ
លុះត្រាតែមានសមតុល្យនិងគ្នា ទាំងអ្នកផលិត អ្នកប្រើ ទាំងនាំចូល និងនាំចេញ ។
ខាងផលិតមិនគ្រប់ អ្នកប្រើលើស នាំចូលច្រើនជាងនាំចេញក៏កើតឡើងនូវក្ដីវិបត្តិដែរ
។
វិបត្តិសេដ្ឋកិច្ចមិនចំពោះប្រទេសជាតិទេ
សូម្បីតែគ្រួសារដែលមានការបែកគ្នាដោយច្រើន
គឺរឿងសេដ្ឋកិច្ចនេះផងដែរ ។
នយោបាយសេដ្ឋកិច្ចនេះ ជារឿងមួយដែលគួរយើងទាំងអស់គ្នាគិតគូររកដំណោះស្រាយ
កាលណាមានវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសកើតឡើង ភាពចលាចលតែងកើតឡើង
ដោយមន្ដ្រីរាជការ បុគ្គលិកស្ថាប័នផ្សេងៗ ត្រូវជួបប្រទះវិបត្តិសេដ្ឋកិច្ចគ្រួសារ
កាលណាមានវិបត្តិសេដ្ឋកិច្ចគ្រួសារកើតឡើង ការហែកហួរ បើកកកូរកកាយកេរ្ដិ៍អសោចន៍
ដើម្បីផលប្រយោជន៍រៀងៗខ្លួននឹងកើតមានឡើង
ព្រោះថាសម័យសព្វថ្ងៃនេះ ជាសម័យដែលមនុស្សដណ្ដើមគ្នារស់
មិនសូវគិតពីផលប្រយោជន៍ប្រទេសជាតិខ្លួនប៉ុន្មានទេ ។
ទុកណាស្ថានភាពប្រទេសជាតិធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចក្ដី
នយោបាយក្ដី ប្រវត្តិសាស្ត្រក្ដី
ក៏យើងជាមនុស្សម្នាក់ ដែលមានចំណែករួមរបស់ប្រទេស ក្រោកឡើងព្រួតដៃគ្នា
រួមកម្លាំងកាយកម្លាំងចិត្តគ្នាសាមគ្គី ដើម្បីរិះគិតរកមធ្យោបាយស្ដារប្រទេសជាតិ
ឲ្យមានដង្ហើមរស់ឡើងវិញ ។
ដូចពេលនេះអ៊ីចឹង ប្រទេសជាតិកំពុងធ្លាក់ចូលក្នុងវិបត្តិនយោបាយធ្ងន់ធ្ងរ
ដែលតម្រូវឲ្យយើង ដែលជនជាតិខ្មែរដូចគ្នាងាកមុខមកស្រឡាញ់គ្នា
មកសម្រុះសម្រួលគ្នា
ដើម្បីរកដំណោះស្រាយប្រកបដោយតម្លាភាព គណនីភាពសម្រាប់ជាតិខ្មែរទាំងមូល
ព្រោះយើងដឹងស្រាប់ហើយថា អ្នកណាជាសត្រូវ អ្នកណាជាមិត្ត
ព្រោះសាមសិបឆ្នាំ
មកនេះ ធន់ធានរបស់ប្រទេសយើងឃើញថា មានការរីកចម្រើនគួរឲ្យកត់សម្គាល់
ប៉ុន្តែគុណភាពនៃការសាមគ្គី ហាក់ដូចជាមិនសូវចូលធ្លុងតែមួយ
មានប្រជាធិប្បតេយ្យ
នៅតែលើបបូរមាត់ ច្បាប់នៅតែក្នុងសៀវភៅ
ត្រូវខុសស្រេចតែអ្នកមានអំណាចថា ។
ដូចនេះ ការស្រឡាញ់ប្រទេសជាតិខ្លួន ពិតជាមានសារៈសំខាន់ណាស់
សម្រាប់ខ្លួនយើង សម្រាប់គ្រួសារ
និងសម្រាប់បន្សល់ទុកឲ្យដល់កូនចៅជំនាន់ក្រោយ
ឲ្យជ្រកក្រោមដំបូលផ្ទះខ្លួនឯង កុំរស់នៅលើទឹកដីរបស់ខ្លួនឯងហើយ
ដូចជាជានជាតិភាគតិច
ដែលរដ្ឋនោះមិនទទួលស្គាល់ខ្លួនថា ជាម្ចាស់ទឹកដីទៅវិញ ។
ធម្មតាជីវិតមនុស្ស
ដែលទៅរស់ផ្ញើខ្លួនផ្ញើប្រាណជាមួយអ្នកដទៃ
ផ្ទះរបស់អ្នកដទៃវាមិនសូវស្រួលចិត្ត
ដូចជាការរស់នៅក្នុងផ្ទះរបស់ខ្លួនឯងនោះទេ
ទុកជារស់នៅក្នុងខ្ទមក៏ដោយ ក៏វាស្រួលចិត្តជាងដែរ ។
៩.
លោក/ ចក្កវាឡ
“យើងម្នាក់ៗមានគ្នានិងគ្នាក្នុងចំណែករួមគ្រប់យ៉ាង
យើងម្នាក់ៗពឹងពាក់អង្គធាតុច្រើនជាអនេក
យើងម្នាក់ៗចាំការពារ ទ្រកាយ
យើងម្នាក់ៗក៏ក្លាយជាចំណែកមួយដែលមានដល់គ្នា” ។
មនុស្សដែលកើតឡើងក្នុងលោកនេះ ពិតជាមានចំណែករួមគ្នា
ព្រោះមនុស្សមិនអាចខ្វះគ្នានិងគ្នាបានទេ
មនុស្សត្រូវពឹងពំនាក់គ្នាទៅវិញទៅមក
មិនដាច់ពីគ្នាឡើយ ។ មនុស្សមិនមែនជាកោះ
ដែលអាចផ្ដាច់ចេញទៅនៅតែម្នាក់ឯងបាន
មនុស្សដូចជាត្រីនិងទឹក ដូចជាអណ្តាតនិងធ្មេញ តែងតែទទួលផលពីគ្នាទៅវិញទៅមក
បាន ។
មនុស្សរស់នៅក្នុងលោកនេះ
ប្រៀបដូចជារាងកាយដែលត្រូវពឹងពាក់គ្នាទៅមក
មិនអាចថាមួយមានធំជាងមួយណា មួយណាសំខាន់ជាងមួយណាទេ
ដើម្បីឲ្យរាងកាយនេះទ្រទ្រង់ទៅបាន ត្រូវអាស្រ័យគ្នាទៅវិញទៅមកដោយស្រួល
បើទាស់មួយមិនព្រមធ្វើការងារ ដូចជាដៃជើងមិនកម្រើក
ត្រូវក្រពះក្រំក្រោះ
ព្រោះគ្មានអាហារទំពារស៊ីសោះ គ្មានបញ្ចេញបានជាវិតាមីន
បញ្ចេញរសទៅចិញ្ចឹមរាងកាយៗ
ក៏ត្រូវធ្លាក់ចុះស្លេកស្លាំងឆ្គមឆ្គាំ មិនមានកម្លាំងកម្ហែង ព្រោះតែគ្មានអាហារចូលទៅ
ជួនកាលត្រូវដួលដេកស្ដូកស្ដឹងជាក់ជាមិនលែងឡើយ ។
យ៉ាងណាមិញ ពិភពលោកទាំងមូលនេះ ក៏ត្រូវអាស្រ័យមនុស្សទាំងអស់
ដែលរស់នៅលើផែនដីនេះ
ចូលរួមគ្នាថែររក្សាបរិស្ថានធម្មជាតិឲ្យបានល្អ ឲ្យបានប្រសើរ
កុំគិតអាត្មាខ្លួន បណ្ដាគ្រោះភ័យដល់មនុស្សនៅជិតខាងខ្លួន
កុំគិតពីផលប្រយោជន៍ខ្លួន
ភ្លេខខ្លួនគិតដល់លោកដែលត្រូវទទួលផលប៉ះពាល់
អ្នកណាទៅជាស្អីមិនខ្វល់ មិនគិតព្រួយដល់សុខទុក្ខរបស់លោក
អាងខ្លួនឯងធំ ធ្វើអ្វីៗបានតាមចិត្ត មិនគិតដល់ជីវិតរួមលោក
ចង់បានសុខតែឯង
បង្កទុក្ខភ័យដល់អ្នកដទៃមិនក្រោតក្រែងចិត្តលោកឡើយ ។
បើសិនមានមនុស្សមានគំនិតបែបនេះណា លោកនេះប្រហែលឆាបឆេះ
ដោយកំដៅលោភៈ កំដៅទោសៈ និងមោហៈ
ធ្លាក់ចូលក្នុងភពវិនាសកម្មជាក់ជាមិនខានឡើយ ។
គោលគំនិតទាំង៩ប្រការនេះ ទុកជាការដាស់តឿនចិត្តមនុស្សក្នុងសម័យថ្មីនេះ
ជាពិសេសខេមរជាតិ ដែលគួរសិក្សាឈ្វេងយល់
ដើម្បីធ្វើប្រយោជន៍ខ្លួនឲ្យបានសម្រេច
ប្រយោជន៍អ្នកដទៃ និងប្រយោជន៍ជាតិ សាសនាឲ្យបានគង់វង់
ចិរកាល និងចង់ឲ្យមនុស្សជាតិមានឈាមជ័រដូចគ្នា ចេះគិតពិចារណា
រកហេតុនិងផល ឲ្យសមតាមធម្មាធិបតេ្យ កុំយកតម្រាប់តាមលោកាធិបតេយ្យ
និងអត្តាធិបតេយ្យឡើយ ធ្វើខ្លួនឲ្យសមសួន ដែលខ្លួនបានកើតមកមនុស្ស
មានជាតិ
មានការសិក្សា ក្លៀវក្លាជាងពួកជនទាំងពួង និងឲ្យមានការខ្មាសអៀន
ខ្លបខ្លាចអំពើអាក្រក់បាបលាមក កុំកត់សម្គាល់ថា ជាផ្កាក្រអូបសម្រាប់ខ្លួន គ្រួសារឡើយ
៕
No comments:
Post a Comment