Monday, January 15, 2018

ស្នេហាតាមបែបពុទ្ធោវាទវគ្គ២ តចប់


រឿងស្នេហា មនុស្សស្នេហ៍គ្នាគ្រាដំបូងៗ
ក៏ចង់ជួបមុខគ្នាឲ្យបានយូរ
ចង់មើលមុខមាត់គ្នាឲ្យបានយូរ
នោះជាវារៈរបស់វា ។

ស្រេចហើយតែថា វត្ថុដ៏សំខាន់ជាងនោះគឺ
ទាំងពីរនាក់សម្លឹងរកគោលដៅតែមួយ
សម្លឹងទៅរកគោលដៅខាងមុខតែមួយ នឹងនៅរួមគ្នាបានយូរ
គ្រាន់តែសម្លឹងមើលមុខគ្នាទៅមកៗនៅរួមជាមួយគ្នាមិនបានយូរឡើយ ។

បើសិនសម្លឹងរំពៃទៅខាងមុខតែម្យ៉ាង គោលដៅតែមួយ
អាចមានផ្លូវទៅជាមួយគ្នាបាន គឺសម្លឹងមើលថា ត្រូវធ្វើជាកល្យាណមិត្តចំពោះគ្នា
ស្នេហាជាអារម្មណ៍ជាសង្ខារ ភាពផ្អែមល្ហែមក៏ជាអារម្មណ៍
ភាពផ្អែមល្ហែមក៏ប្រែជាភាពល្វីងជូរចត់បាន ។
ប៉ុន្តែការធ្វើជាមិត្តដ៏ល្អចំពោះគ្នា
គប្បីពឹងដល់ធម្មៈក្នុងការទ្រទ្រង់ជីវិត ក៏មានតែភាពស្រស់បំព្រងជានិច្ច
បុគ្គលដែលធ្វើជាកល្យាណមិត្តចំពោះគ្នា និងមានទំនុកចិត្តជឿជាក់លើគ្នា
អាចឲ្យកម្លាំងចិត្ត ក្នុងពេលភាគីណាមួយកំពុងបាក់ទឹកចិត្ត
បានជាទីប្រឹក្សា បានជាអ្នកយល់ចិត្ត បានជាអ្នកឲ្យអភ័យគ្រប់រឿងគ្រប់យ៉ាង
មិនគិតយកឈ្នះចាញ់គ្នា មិនគិតប្រយុទ្ធប្រឆាំងគ្នា
ម្នាក់ៗរស់នៅព្រមគ្នាដោយយល់ថា…

មនុស្សម្នាក់នៅជាបុថុជ្ជននៅមានកិលេស
ប៉ុន្តែមនុស្សម្នាក់ៗចង់រួចផុតពីកិលេស
 ចង់ជួយគ្នាដោះស្រាយកិលេស
ព្រមនឹងទទួលស្តាប់គំនិតយោបល់ ប្រការរិះគន់
ខដាស់តឿនពីភាគីម្ខាងទៀត
បើសិនកើតមានដូច្នេះមែន ស្នេហាក៏ចូលក្នុងគន្លងផ្លូវនៃក្ដីមេត្តាច្រើនឡើង ។

មេត្តាគឺស្នេហាដែលគ្មានលក្ខខណ្ឌអ្វីណាទាំងអស់
ស្នេហាដែលធ្វើឲ្យមនុស្សធ្លាក់នរក គឺជាស្នេហាដែលមានលក្ខខណ្ឌច្រើនពេក ។

ស្នេហាដែលមានលក្ខខណ្ឌច្រើនខ្លាំងពេក
គឺថា អូនស្នេហ៍បងពិសេសពេលដែលបងធ្វើតាមចិត្តអូន
ឬបងស្នេហ៍អូនពិសេសលន់បាន លុះត្រាតែអូនធ្វើតាមចិត្តបង
បើសិនបងផ្ដល់សេចក្ដីសុខឲ្យអូនបាន អូននឹងស្នេហ៍បង
បងផ្ដល់សេចក្ដីសុខឲ្យអូនមិនបានពេលណា អូនក៏លែងស្នេហ៍
ក៏ក្លាយជាទំនិញមួយប្រភេទទៅ ។

អូនស្នេហ៍បង បើបងធុញទ្រាន់អូនពេលណា អូនក៏លែងស្នេហ៍
គឺមិនបានជាមិត្ត មិនបានភាពស្មោះសរចំពោះគ្នា
យកអារម្មណ៍ យកកាមជាទីតាំងទៅវិញ ។

ការនៅក្នុងភេទគ្រហស្ថ
រឿងកាមជាផ្នែកមួយនៃជីវិត
ប៉ុន្តែជាចំណែកដែលគួរគ្រប់គ្រង
និងមិនគួរសង្ឃឹមអ្វីខ្លាំងពេកពីស្នេហានេះឡើយ ។

និយាយអំពីសីលសិក្ខាបទទី៣ សង្កេតឃើញថា
បុរសខុសសីលប្រការទី៣
ប្រកាន់ថាជាធម្មជាតិរបស់ប្រុស
អាងរាងកាយ អាងតម្រូវការរបស់រាងកាយ
ស្ត្រីខុសសីលប្រការទី៣ ក៏នឹងអាងស្នេហា
ជួយខ្លួនឯងមិនបាន ស្នេហ៍គេខ្លាំងពេក…

ការរស់នៅក្នុងលោកនេះ រៀបការហើយ នឹងលែងមានអារម្មណ៍ថា
ចូលចិត្តឬស្នេហ៍អ្នកដទៃ ក៏ប្រហែលជាទៅរួចដោយលំបាក… ។

ប៉ុន្តែសំខាន់ត្រង់ដែលគ្រប់គ្រងកាយ វាចា
ពេលកើតមានអារម្មណ៍ចំពោះអ្នកដទៃ តើធ្វើយ៉ាងណា?
បើសិនត្រេកអរក្នុងអារម្មណ៍នោះ ហើយនឹងមានទង្វើអ្វីកើតឡើង?
មិនថាដោយកាយ ដោយវាចា វាក៏ខុសហ្នឹងហើយ

ហើយយើងប្រកាន់ថា យើងជាអ្នកប្រតិបត្តិធម៌
ប្រកាន់ថាកាមារម្មណ៍ជាភ្លើង ដុតកំលោចចិត្តរបស់មនុស្ស
នាំឲ្យមនុស្សធ្វើបាបកម្មបានសព្វបែបយ៉ាង យើងគួរប្រុងប្រយ័ត្នរវាំងព្រម
មិនគួរធ្វើរឿងអ្វីដែលធ្វើឲ្យមនុស្សដែលយើងស្នេហ៍ត្រូវទទួលរងទុក្ខវេទនា ត្រូវក្ដៅក្រហាយ
មិនគួធ្វើរឿងលាក់លៀមបិទបាំងក្បត់ចិត្តមនុស្សដែលខ្លួនស្នេហ៍
គ្រាន់តែថា ចង់បានរសជាតិនៃកាម វាមិនសមតម្លៃទេ
យើងត្រូវព្យាយាមមើលចិត្តរបស់ខ្លួនឯង
រួចហើយមកដោះស្រាយត្រង់ចិត្តខ្លួនឯង កុំទៅដោះស្រាយនៅទីដទៃៗ ។

 “…យើងនឹងស្នេហ៍ ក៏ស្នេហ៍បាន មិនទាស់អី
ប៉ុន្តែគួរនឹងដាស់តឿនក្រើនរំលឹកខ្លួនឯងជារឿយៗថា
យើងរួមរស់នៅជាមួយគ្នាក្នុងគ្រាបណ្ដោះសន្ន
ក្នុងរយៈពេលខ្លីណាស់ ជាខែ ជាឆ្នាំ
ឬបាន១០ឆ្នាំ ២០ឆ្នាំ ៥០ឆ្នាំ
យ៉ាងណាក៏ដោយ វាក៏ជារឿងបណ្ដោះអាសន្នដដែល
បើសិនរលឹកនឹកឃើញក្នុងរឿងមិនទៀង
រឿងមិនជាក់លាក់នៃការរស់នៅជាមួយគ្នា
យើងគួរលែងចោលដាក់ចុះបានងាយឡើង ឲ្យអភ័យបានងាយឡើង
មិនទាស់ទែងខ្វែងគំនិតគ្នាក្នុងរឿងបន្តិចបន្តួច
ព្រោះយើងរួមរស់នៅជាមួយគ្នាគ្រាន់តែបណ្ដោះអាសន្នប៉ុណ្ណោះ ។

បើសិនយើងកើតជាទេវបុត្ត ទេពធីតា នៅលើឋានសួគ៌ាឡី
នៅរួមគ្នារាប់លានឆ្នាំ  ទាស់ទែងខ្វែងគំនិតគ្នាក្នុងរឿងបន្តិចបន្តួច
ប្រហែលជាមិនថ្វី ប្រហែលជាមានដំណោះស្រាយបាន
ប៉ុន្តែមនុស្សលោកិយប្រហែលជាគ្មានពេលច្រើនដល់ថ្នាក់នោះទេ ។

ការរលឹកនឹកដល់សច្ចភាពក៏មានផលចំពោះស្នេហា
ធ្វើឲ្យក្ដីស្នេហាឈ្លាសវៃឡើង ប្រកបដោយបញ្ញា
ការដឹងទាន់ជីវិតក្នុងលោកតាមដំណើរការពិតច្រើនឡើង ជារឿងមួយល្អ ។

យើងមានសេចក្ដីស្លាប់ យើងមានសេចក្ដីព្រាត់ប្រាស
ចូររលឹកជារឿយៗ ជីវិតនេះមិនទៀង ថ្ងៃណាមួយ
យើងត្រូវព្រាត់ប្រាសចាកនិរាសពីគ្នាទៅយ៉ាងពិតប្រាកដ ។

បើសិនមិនគិតរឿយៗ មិនសមវារឿយៗ
ពេលយើងព្រាត់ប្រាសពីមនុស្សដែលយើងស្នេហ៍
យើងក៏ធ្វើចិត្តមិនបានដូចគ្នា
ស្ដាប់លោកទេសន៍ ស្តាប់ធម៌ ប៉ុន្មានរយកណ្ឌ ប៉ុន្មានពាន់កណ្ឌ
ក៏មិនកើតបានជាប្រយោជន៍ផ្នែកខាងផ្លូវចិត្តយើងដែរ ។

មនុស្សខ្លះយំខ្សឹកខ្សួលថា មិនធ្លាប់នឹកស្មានថា គេនឹងទៅជាយ៉ាងនេះ…
ហេតុអ្វីនឹកស្មានមិនដល់ គួរតែគិតឲ្យបានរាល់ថ្ងៃ…”។

”…ព្រះពុទ្ធអង្គទ្រង់ត្រាស់ឲ្យយើងសង្កេតមើលថា
ស្នេហាសាមញ្ញមានទោស ១ យ៉ាង
ស្នេហាសាមញ្ញមានទោសយ៉ាងណា?
ពេលយើងស្នេហ៍អ្នកណាហើយ អ្នកណាដែលជាសត្រូវជាមួយមនុស្សដែលយើងស្នេហ៍
ក៏ក្លាយជាសត្រូវរបស់យើងទៅផងដែរ
កម្រនឹងមានបំណងល្អចំពោះមនុស្សទាំងនេះ
ឬមនុស្សដទៃដែលស្នេហ៍សត្រូវរបស់គូស្នេហ៍របស់យើង
យើងក៏មិនសូវជាចូលចិត្ត វាមានបែងចែកកើតឡើង...” ។

 “…សូមឲ្យយើងទាំងអស់គ្នារៀនស្គាល់រឿងរ៉ាវស្នេហា
ស្នេហ៍យ៉ាងណាហ្មងសៅ? ស្នេហ៍យ៉ាងណាផូរផង់?
ស្នេហ៍យ៉ាងណាធ្វើឲ្យយើងទន់ជ្រាយ?
ស្នេហ៍យ៉ាងណាធ្វើឲ្យយើងរឹងមាំ?
ស្នេហ៍យ៉ាងណាធ្វើឲ្យយើងមានសេចក្ដីសុខមួយគ្រា?
ស្នេហ៍យ៉ាងណាធ្វើឲ្យយើងមានសេចក្ដីសុខមានរយៈពេលវែង
អាចនឹងផ្ដល់សេចក្ដីសុខដល់អ្នកដទៃបាន?
គឺធ្វើយ៉ាងណា យើងនឹងបានដុសខាត់អភិវឌ្ឍសេចក្ដីសុខ ស្នេហារបស់យើង
ឲ្យមានលក្ខណៈនៃមេត្តាច្រើនឡើងរាល់ថ្ងៃ
នេះគឺប្រការប្រតិបត្តិក្នុងជីវិតប្រចាំថ្ងៃរបស់យើងរាល់គ្នា ៕


ប្រភព៖ ស្រឡាញ់តាមបែបពុទ្ធោវាទ 
អប់រំដោយ ជយសារោភិក្ខុ 

http://www.dhammajak.net/forums/viewtopic.php?f=27&t=29490

No comments:

Post a Comment