Sunday, April 22, 2018

កម្រងគំនិតចំណីផ្លូវចិត្ត



ព្រះពុទ្ធសាសនាបានរស់រានមានជីវិតជាមួយសង្គមខ្មែរយើង អស់រយៈកាលរាប់រយឆ្នាំមកហើយ រហូតដល់ខ្លួនទទួលយកព្រះពុទ្ធសាសនាទុកថា ជាសាសនារបស់ជាតិខ្លួនទៅហើយ ព្រោះព្រះពុទ្ធសាសនានេះបានរលាយចូលក្នុងវប្បធម៌ប្រពៃណីជាតិអស់ ដូច្នេះ ប្រជាជនដែលមានឈាមជ័រជាជាតិខ្មែរ ក៏បានប្រកាន់យកល័ខគោលរបស់ព្រះពុទ្ធសាសនាឲ្យដឹកនាំខ្សែជីវិត ប្រកបដោយផាសុក ព្រមទាំងនាំយកឱវាទរបស់ព្រះពុទ្ធជាអម្ចាស់ ទុកជាទស្សនវិស័យ និងចក្ខុវិស័យក្នុងដំណើរជីវិតប្រចាំថ្ងៃរបស់ខ្លួន និងខិតខំបណ្ដុះបណ្ដាលពុទ្ធិក្នុងពុទ្ធចក្រនេះឲ្យបានជ្រួតជ្រាបទៅដល់បច្ឆាជន ដែលជាទំពាំងស្នងឫស្សី ទុកជាមត៌កសម្រាប់ជាតិត្រកូលរបស់ខ្លួន ។

សម័យសព្វថ្ងៃនេះ ក៏ដូចជាសម័យមុនៗដែរ អ្នកប្រាជ្ញ បណ្ឌិត កវី របស់ព្រះពុទ្ធសាសនា ខិតខំរកវិធីសាស្ត្រណា ដែលអាចជួយយកទ្រឹស្ដីព្រះពុទ្ធសាសនា ដែលក្រុមខ្លួនគិតថា ជាទ្រឹស្ដីដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន បញ្ជ្រាបចូលទៅដល់ចិត្តគំនិតមហាជន ពួកបញ្ញវន ពួកឈ្មួញទាំងឡាយឲ្យបានយល់ដឹងអំពីបរិបទព្រះពុទ្ធសាសនានេះ ឲ្យបានទូលំទូលាយ ។ ដូចនេះ ពួកគេបានខិតខំស្រាវជ្រាវប្រែតាមលទ្ធភាព និងសមត្ថភាពរបស់ខ្លួន ដែលអាចជួយពន្យល់បកស្រាយសម្រាយសេចក្ដីឲ្យមកជាខេមរយាន ដើម្បីជាការងាយស្រួលក្នុងការសិក្សារៀនសូត្ររបស់បច្ឆាជន ។

ក្នុងនោះ ផេកគោលគំនិតល្អដើម្បីជីវិត ក៏បានស្រាវជ្រាវរកអត្ថបទ និងពាក្យពេចន៍ល្អៗរបស់អ្នកប្រាជ្ញរបស់ព្រះពុទ្ធសាសនិកជាច្រើនទាំងក្នុងនិងក្រៅ ដើម្បីយកមកប្រែចុះផ្សាយបានជាប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរ ដែលមានសុឆន្ទៈក្នុងការសិក្សាឈ្វេងយល់អំពីទ្រឹស្ដីសាសនាមួយនេះ ។ ដូចនេះ ខ្លួនក៏បានលើកយកទ្រឹស្ដីអ្នកប្រាជ្ញមួយចំនួនមកចុះផ្សាយដូចខាងក្រោម ក៏ដើម្បីបានជាប្រយោជន៍ក្នុងការដាស់តឿនចិត្តរបស់ខ្លួនឲ្យត្រង់ ទៅតាមអ្វីដែលព្រះពុទ្ធជាម្ចាស់បានចង្អុលប្រាប់តាំងពី ២៥៦១ ឆ្នាំមុនមកម្លេ៉ះ

បើឈឺក្បាលទៅទទេៗ តើទោសាធ្វើអ្វី?
បើខាតពេលវេលាទៅទទេៗ តើទាស់គ្នាធ្វើអ្វី?

ពេលណាដែលយើងខឹងក្រោធ អ្វីដែលខ្លួនបានមកវិញ គឺការដុតកំឡោចចិត្ត និងបង្ករឲ្យខួរក្បាលមានបញ្ហា ដូចនេះ បើយើងខឹងអ្នកណាមួយដែលមានឥរិយាបថមិនសមរម្យមកលើយើង យើងត្រូវដឹងភ្លាមថា ការខឹងរបស់យើងគឺជាខ្មោចព្រាយបីសាចអារ័ក្សសាតាំង វាកំពុងចូលសណ្ឋិតមកក្នុងខ្លួនរបស់យើងហើយ ។ ម្យ៉ាងទៀត មនុស្សម្នាដែលគ្មានចំណេះដឹងជ្រៅជ្រះច្រើនតែប្រើអារម្មណ៍មកអារកាត់រឿងរ៉ាវរបស់ខ្លួន ដែលអាចជាការបណ្ដាឲ្យកើតជារឿងរ៉ាវផ្សេងៗក្នុងគ្រួសារ ប្ដីប្រពន្ធ កូនចៅ និងជាមួយញាតិមិត្តជិតខាង ព្រោះតែការបាត់បង់ផលប្រយោជន៍បន្តិចបន្តួច ឬការទាស់ចិត្តទៅនឹងទង្វើរបស់អ្នកដទៃ ដែលបានធ្វើមកលើខ្លួន ដែលជាហេតុនាំឲ្យកើតបានជាជំលោះទាស់ពាក្យសម្ដីគ្នា ដោយការប្រកាន់យកត្រូវរៀងខ្លួនៗ ។ ពេលណាមួយ បើមានអ្នកណាម្នាក់ ទាក់ពាក្យសម្ដីដែលអាចឈានទៅរកជម្លោះ យើងត្រូវដឹងថា ជម្លោះដែលកើតឡើងមិនមានផលចំណេញដល់ខ្លួនយើងទាល់តែសោះ មានតែការបង់ខាត់ ជាពិសេសពេលវេលាសម្រាក ពេលវេលាសិក្សា និងពេលវេលារកស៊ីតែប៉ុណ្ណោះ ៕


No comments:

Post a Comment