Sunday, April 22, 2018

កម្រងគំនិតចំណីផ្លូវចិត្ត (ត)



ទង្វើរបស់ខ្លួនឯង
ក៏មិនមែនសុទ្ធតែត្រូវចិត្តខ្លួនឯងទាំងអស់ដែរ
មិនចាំទៅគិតនិយាយអ្វីពីទង្វើរបស់អ្នកដទៃនុ៎ះទេ ។

មនុស្សយើងចំឡែកណាស់ មានគំនិតចង់ឲ្យអ្នកដទៃដែលនៅជុំវិញខ្លួន ធ្វើអ្វីៗឲ្យត្រូវចិត្តខ្លួនជានិច្ច ទាស់ខុសចិត្តខ្លួនមិនបានទេ ប៉ុន្តែគ្មានអ្នកណាមួយផ្គាប់ផ្គុនចិត្តមួយនេះបានត្រូវឡើយ សូម្បីតែខ្លួនឯងផ្ទាល់ ជួនកាលក៏មិនបានធ្វើអ្វីឲ្យសមដូចចិត្តគិត ខ្លួននិយាយបានដែរ ដូចចាស់លោកថា គិត និយាយបានមួយរយភាគរយ តែការធ្វើបានហាសិបភាគរយចាត់ទុកថា គ្រាន់បើ ការគិត ការនិយាយពីភាពជោគជ័យស្រួលដូចបកចេក តែធ្វើឲ្យសម្រេចវិញពិបាកដូចរមៀលថ្មឡើងភ្នំ ។

ដូចនេះ ក្នុងលោកនេះ គ្មានអ្នកណាមួយអាចបំពេញចិត្តយើងឲ្យបានត្រូវមួយរយភាគរយណាស់ បើបានពាក់កណ្ដាលឡើងទៅ ក៏រៀនទទួលយកទៅ ព្រោះខ្លួនយើងក៏មិនអាចបំពេញចំណង់ចំណូលចិត្តខ្លួនឲ្យត្រូវដែរ ។ ពេលខ្លះខ្លួនឯងអាចក្បត់ ភូតភខ្លួនឯងទៅទៀត ជឿថា ក្នុងមួយជីវិតរបស់ខ្លួន អ្វីដែលមិនបានមិនដឹងជាប៉ុន្មានដងទេ ប៉ុន្តែបែរជាចង់ឲ្យគេផ្គាប់ចិត្តខ្លួនឲ្យត្រូវនោះ ប្រហែលជាធ្វើមិនបានឡើយ ។

សរុបរួមមកវិញ មានតែការរៀនទទួលស្គាល់ពីខ្លួនឯង ជារឿងសំខាន់ណាស់ ព្រោះខ្លួននេះឯង ជាមេរៀនគំរូសម្រាប់វាស់ស្ទង់កម្រិតនៃការធ្វើការគ្រប់យ៉ាង យកខ្លួនឯងជាឧបមា យកខ្លួនឯងធ្វើជាតួអង្គសិក្សាសម្រាប់វាយតម្លៃទង្វើរបស់អ្នកដទៃ កុំបានតែថា កុំបានតែស្រែក កុំបានតែទាស់ចិត្តទង្វើរបស់គេ ត្រូវបែរមកសិក្សាទង្វើខ្លួនឲ្យបានសុក្រិតជាមុនសិន តើថាខ្លួនអាចធ្វើអ្វីៗបានគាប់ចិត្តខ្លួនឯងបា​នទាំងអស់ហើយឬនៅ? ពេលខ្លួនបានសិក្សារកឃើញពីទង្វើ ផលសម្រេចដូចគំនិតគិតនិយាយមិនទាន់បានទេ សូមកុំចង់ឲ្យអ្នកដទៃធ្វើអ្វីៗឲ្យគាប់ចិត្ត ត្រូវចិត្តយើងទាំងអស់អី ៕


No comments:

Post a Comment