មានតាចាស់ម្នាក់ជាជាតិជប៉ុន
សង់ផ្ទះនៅក្បែរមាត់សមុទ្រ គាត់ជាអ្នកដឹងពេលទឹកសមុទ្រជោរ ។
ថ្ងៃមួយជិតនឹងដល់ពេលទឹកសមុទ្រជោរ
មានមនុស្សជាច្រើនរយនាក់នាំគ្នាចុះទៅចាប់ក្ដាមនៅមាត់សមុទ្រ
បានទៅជួបនឹងតាចាស់នោះ!ៗឃាត់ថា “អ្នករាល់គ្នាកុំចុះទៅ ដ្បិតទឹកសមុទ្រជិតជោរជន់ហើយ
បើចេះតែចចេសទៅ មុខជាលង់ទឹកស្លាប់ទាំងអស់គ្នាមិនខាន” ។
អ្នកចាប់ក្ដាមទាំងនោះមិនព្រមស្ដាប់ ចេះតែនាំគ្នាចុះទៅចាប់ក្ដាម ។
ពេលនោះតាចាស់យកភ្លើងដុតផ្ទះរបស់ខ្លួនឲ្យឆេះហុយផ្សែងទ្រលោម
ហើយស្រែកហៅឲ្យគេជួយលត់ភ្លើង ។ អ្នកចាប់ក្ដាមទាំងអស់បានឮដូច្នោះ ក៏ក្រឡេកមើលមកក្រោយ
ឃើញភ្លើងឆេះផ្ទះតាចាស់ ក៏នាំគ្នារត់មកជួយលត់ភ្លើង ។
ក្នុងវេលាដែលពួកគេកំពុងតែរត់មកនោះ ស្រាប់តែទឹកសមុទ្រជោរមកដល់ប្រផុតៗ អ្នកទាំងនោះៗស្ទើរតែរត់មិនទាន់
។ អ្នកចាប់ក្ដាមកាលជួយលត់ភ្លើងរលត់ហើយ ក៏សួរតាចាស់ថា “នែ៎តា!
ហេតុអ្វីបានជាភ្លើងឆេះផ្ទះតា?” តាចាស់ប្រាប់ថា “ឥតហេតុអ្វីទេ ខ្ញុំដុតផ្ទះរបស់ខ្ញុំដើម្បីឲ្យពួកអ្នករត់ត្រឡប់មកវិញ
កុំឲ្យលង់ទឹកជំនន់ស្លាប់” ។ អ្នកចាប់ក្ដាមទាំងអស់បានដឹងថាខ្លួនរួចរស់ជីវិត
ដោយសារតាចាស់ក៏ត្រេកអរណាស់ នឹករលឹកគុណតាចាស់មិនភ្លេច ដោយឃើញថា
តានេះជាមនុស្សមានចិត្តសប្បុរសល្អ ព្រោះតែគាត់ចង់ជួយសង្រ្គោះពួកយើង
ទើបសុខចិត្តដុតផ្ទះរបស់ខ្លួនចោលមិនស្ដាយ ។
រឿងនេះ
បានគតិថា អ្នកដែលជួយសង្គ្រោះដោះទុក្ខធុរៈគេ ត្រូវតែជាអ្នករិះគិតយ៉ាងល្អិតល្អន់ជ្រាលជ្រៅ
ហើយប៉ិនប្រសប់ខាងជួយគេឲ្យបានរួចពីទុក្ខភ័យ កុំឲ្យខ្លួនមានទុក្ខទោសផង ។
Cr. ប៊ូ ប៉ូ
ក.ស
ភ.១ គ.ស. ១៩៥៤ ទំ.១៨២
No comments:
Post a Comment