មានស្ត្រីជាតិជប៉ុនម្នាក់
ជាអ្នកមានធនធានស្ដុកស្ដម្ភ ។ នាងនេះមានចានយ៉ាងល្អ ១២ ជាទីស្រឡាញ់បំផុត ។
ថ្ងៃមួយមានខ្ញុំស្រីម្នាក់ធ្វើឲ្យបែកចាននោះមួយ ។ នាងជាម្ចាស់ចានខឹងណាស់
អត់មិនបានក៏យកកាំភ្លើងបាញ់ខ្ញុំស្រីនោះស្លាប់ភ្លាមទៅ ។ ពេលនោះ
ទាហានម្នាក់បានដឹងរឿងនេះ ក៏ស៊ូប្រថុយកាត់ចិត្តចូលទៅនិយាយនឹងស្រ្តីម្ចាស់ចាននោះថា “សូមជំរាបអ្នកស្រី
! ខ្ញុំចេះផ្សាចានដែលបែកនោះឲ្យជាប់គ្នាស្និទ្ធដូចដើមវិញបាន
ប៉ុន្តែឲ្យខ្ញុំសុំមើលចានដែលនៅសល់ទាំង ១១ នោះសិន
ដើម្បីនឹងផ្សាចានបែកនោះឲ្យត្រូវធុនគ្នា កុំឲ្យខុសពីគ្នា” ។ ស្រ្តីម្ចាស់ចានឮដូច្នោះត្រេកអរណាស់
ចូលទៅលើកយកចានទាំង ១១ មកហុចឲ្យទាហានៗ ទទួលយកមកហើយក៏លើកចានទាំង ១១
នោះបោកចោលទៅលើក្ដារនៅចំពោះនាងនោះ ។ ឯចានក៏បែកខ្ទេចទាំងអស់ឥតសល់មួយឡើយ
បោករួចប្រាប់ថា “សូមអ្នកស្រីយកកាំភ្លើងមកបាញ់សម្លាប់ខ្ញុំឥឡូវនេះចុះ
ព្រោះតម្លៃចានមួយនេះអ្នកស្រីសម្លាប់ជីវិតមនុស្សម្នាក់ដែរ ឥឡូវនៅសល់ចាន ១១ ទៀតនេះ
មុខជាអ្នកស្រីសម្លាប់ជីវិតមនុស្សអស់ ១១ អ្នកទៀត
ដោយហេតុនេះបានជាខ្ញុំដាច់ចិត្តយកជីវិតខ្លួនខ្ញុំមួយមកប្ដូរ
ស្លាប់ជំនួសជីវិតមនុស្សទាំង ១១ នាក់ ។
ស្ត្រីម្ចាស់ចានឃើញចានបែកខ្ទេចទាំងអស់
ហើយឮសម្ដីទាហាននិយាយប្រាប់ដូច្នោះ ក៏ភ្ញាក់ខ្លួនព្រើត
ព្រឺព្រួចស្លុតចិត្តយ៉ាងខ្លាំងទាល់តែដួលសន្លប់នៅកន្លែងនោះ
លុះនាងមានស្មារតីឡើងវិញហើយ ក៏គ្មានចិត្តខឹងនឹងទាហាននោះសោះ
លែងនឹកស្ដាយចាននឹងរបស់ទ្រព្យទាំងពួងខុសទំនងដូចមុនទៀត មិនចាប់ទោសទាហាននោះឡើយ ។
រឿងនេះ
បានគតិថា អ្នកមានគំនិតប្រាជ្ញាបានពិចារណាឃើញប្រយោជន៍យ៉ាងធំទូលាយទៅខាងមុខហើយ
សុខចិត្តលះបង់ប្រយោជន៍តិចផ្ទាល់ខ្លួនចេញ សូម្បីជីវិតខ្លួនស្លាប់ក៏មិនស្ដាយ
គិតតែខំធ្វើឲ្យបានកើតផលប្រយោជន៍យ៉ាងធំទូលាយជាសាធារណៈដល់មនុស្សទូទៅ ។
Cr. ប៊ូ ប៉ូ
ក.ស
ភ.១ គ.ស. ១៩៥៤ ទំ.១៨៣
No comments:
Post a Comment