មានអ្នកដំណើរពីរនាក់
ជាជាតិអ្វី នៅស្រុកទេសណា ក៏មិនដឹងប្រាកដ បានធ្វើដំណើរទៅប្រទេសដទៃ លុះដើរដល់ភូមិមួយ
ក៏ចូលទៅសូមផ្ទះបុរសប្ដីប្រពន្ធដេក ១ យប់ ទម្រាំតែភ្លឺនឹងចេញដំណើរទៅមុខទៀត ។
អ្នកម្ចាស់ផ្ទះក៏ទទួលដោយរាក់ទាក់ហៅអ្នកដំណើរទាំងពីរនាក់នោះ
ឲ្យចូលទៅក្នុងផ្ទះឲ្យអង្គុយនៅក្នុងបន្ទប់មួយ ។ អ្នកដំណើរបានគយគន់មើលឃើញមានកាំបិត,
ប៉ូវថៅ, ដាវ, ធ្នូ, ស្នា
និងកាំភ្លើងវែងខ្លីដែលគេព្យួរដំរៀបគ្នានៅជញ្ជាំងក្នុងបន្ទប់នោះ ។
អ្នកដំណើរទាំងពីរនាក់នឹកព្រួយបារម្ភថា ផ្ទះនេះប្រហែលជាកន្លែងស្លាប់របស់យើងទេដឹង?
គិតព្រួយចិត្តភិតភ័យណាស់ ទាល់តែសាបមាត់បរិភោគបាយមិនឆ្ងាញ់ ។ លុះរួចបាយហើយ
ម្ចាស់ផ្ទះសួរអ្នកដំណើរថា “ពេលព្រឹកស្អែកនេះ អ្នកនឹងអញ្ជើញទៅស្រុកណាទៀត?”
អ្នកដំណើរតបថា “ខ្ញុំនឹងទៅភូមិគេខាងមុខឯណោះ” ។
ម្ចាស់ផ្ទះថា
“បើដូច្នោះ សូមអ្នកកុំប្រញាប់ប្រញាល់ទៅពីព្រលឹមពេក សូមបង្អង់ចាំខ្ញុំធ្វើអាហារឲ្យដាក់ទេវតាផ្លូវ
ដ្បិតភូមិនោះនៅឆ្ងាយ ក្រែងអត់បាយកណ្ដាលផ្លូវ”
ប្រាប់រួចហើយក៏ឲ្យអ្នកដំណើរទាំងពីរនាក់ ឡើងទៅដេកលើស្កាកតូចមួយក្នុងផ្ទះ ។
ឯអ្នកដំណើរម្នាក់នៅក្មេងសេចក្ដី
ឥតគិតខ្លាចអ្វីសោះ ចេះតែដេកលក់ស្រមុកកខុរទាល់ភ្លឺទៅ ។ ចំណែកអ្នកដំណើរម្នាក់ទៀត
ជាមនុស្សចាស់សេចក្ដី មានគំនិតល្អិតល្អ
ចេះតែគិតរំពឹងដល់គ្រោះថ្នាក់ក្រែងកើតមានមកដល់ខ្លួន
ពេលដេកគាត់មិនហ៊ានទុកហឹបស្បែកឲ្យនៅឆ្ងាយពីខ្លួនគាត់ទេ គាត់យកហឹបនោះកើយជំនួសខ្នើយ
ហើយគាត់ព្រួយបារម្ភណាស់ ដេកមិនលក់តាំងពីព្រលប់រហូតដល់ពេលមាន់រងាវជិតភ្លឺ
ស្រាប់តែគាត់ឮស្រិបៗនៅខាងក្រោមដំណេកខ្លួន គាត់ភិតភ័យខ្លាំងណាស់ ខំសំងំលបមើលទៅតាមបំពង់ភ្លើងជើងក្រាន
ឃើញប្រពន្ធកាន់កាំបិតធំមួយ ប្តីកាន់ប៉ូវថៅមួយ ហើយឮសូរប្ដីនិយាយខ្សឹមខ្សៀវៗសួរប្រពន្ធថា
យើងសម្លាប់វាទាំងពីរឥឡូវនេះទៅឬអ្វី ឬក៏សម្លាប់តែមួយ ទុកមួយសិន?”
ឯអ្នកដំណើរគ្រាន់តែបានឮពាក្យប៉ុណ្ណឹងហើយ
ក៏ស្លុតចិត្តបាត់វិញ្ញាណត្រជាក់ខ្លួនដូចសំរឹទ្ធគិតថា “ឱ !
ជីវិតអញនៅក្នុងកណ្ដាប់ដៃអ្នកទាំងពីរនេះហើយ មិនដឹងគិតធ្វើម្ដេចនឹងឲ្យបានរួចជីវិតទេ
អញនឹងដាស់សម្លាញ់ម្នាក់នេះឲ្យភ្ញាក់ឡើង ខ្លាចក្រែងវាមាត់ឡូឡាស្រែកទ្រហោយំឲ្យផ្អើលគេឯង
បើអញនឹងលោតចុះទៅតាមបង្អួចៗនេះខ្ពស់ឆ្ងាយពីដីណាស់ មួយទៀត នៅឯដីមានឆ្កែធំៗ
សុទ្ធតែកាចសាហាវនៅជុំវិញផ្ទះផង អញនឹងរត់ទៅណាក៏មិនរួចពីមាត់ឆ្កែទាំងនោះដែរ ណ្ហើយចុះ
បើដូច្នោះគួរតែអញសំងំឲ្យស្ងៀមចាំសង្កេតមើលហេតុភេទសិន” ។
អ្នកដំណើរកំពុងតែសញ្ជឹងគិតយ៉ាងនេះ
ស្រាប់តែឮសូរជើងឡើងកាំជណ្ដើរថ្នមៗស្រិបៗមក ពេលនោះ
ព្រលឹងរបស់អ្នកដំណើររត់ចេញបាត់ពីខ្លួនអស់រលីង ។ បន្តិចមកទៀត
គាត់ឮសូរសន្ធឹកទ្វារក្រឺតៗ ដែលគេច្រានសន្សឹមៗ គាត់រឹតតែតក់ស្លុតខ្លាំងណាស់
គិតរកផ្លូវដោះកុនខ្លួនមិនឃើញសោះ ក៏នឹកថា “ឱ !
ជីវិតអញមុខជាស្លាប់ពេលនេះពិតប្រាកដណាស់” ។ គាត់គិតស្មានយ៉ាងនេះរួច
ក៏សំងំដេករឹងខ្លួនស្ដូកលែងហ៊ានកំរើក គ្រាន់តែបើកភ្នែកព្រឹមៗចាំលបមើល
ស្រាប់តែគាត់ឃើញបុរសម្ចាស់ផ្ទះលូកដៃទៅចាប់មាន់គ្រៀវមួយគូ
ដែលវាដេកលើធ្នើរក្បែរស្កាកនោះបានហើយយកចុះបាត់ទៅ ។ អ្នកដំណើរឃើញច្បាស់ដូច្នោះហើយ
ក៏ត្រេកអរព្រួចនឹកអស់សំណើចតែក្នុងចិត្តម្នាក់ឯងថា “ឱ ! ពុទ្ធោ ! អញភិតភ័យគិតស្មានខុសស្រឡះទេតើ”
។
លុះដល់ព្រឹកឡើង
អ្នកដំណើរទាំងពីរនាក់ចូលទៅលាម្ចាស់ផ្ទះ នឹងចេញដើរទៅទៀត ។ អ្នកម្ចាស់ផ្ទះយកមាន់ឆ្អិនស្រេចទាំងពីរនោះមកប្រគល់ឲ្យអ្នកដំណើរហើយប្រាប់ថា
“មាន់មួយនេះ ចូរអ្នកបរិភោគឥឡូវនេះទៅ ឯមាន់មួយទៀត ចូរអ្នកដាក់យកទុកបរិភោគតាមផ្លូវ
ក្រែងអ្នកទៅយឺតយូរ ក្រទៅដល់ស្រុកគេឯនាយ” ។ អ្នកដំណើររីករាយសប្បាយចិត្តណាស់
ទទួលយកមាន់ទាំងពីរ រួចសំពះលាម្ចាស់ផ្ទះចេញដំណើរទៅទៀត ។
រឿងនេះបានជាគតិថា
បើកាលណាយើងមិនទាន់បានដឹងហេតុការណ៍ច្បាស់លាស់ទេ យើងមិនត្រូវគិតភិតភ័យតក់ស្លុត
ដោយគំនិតគិតស្មានទុកជាមុនឡើយ យើងត្រូវចេះចាំសង្កេតមើលហេតុភេទនោះៗ
ឲ្យដឹងជាក់លាក់សិន បើយើងចេះតែភ័យខ្លាចឥតគំនិតទៅ
នឹងនាំឲ្យមានទុក្ខទោសដល់ខ្លួនជាមិនខាន ។
Cr. ប៊ូ ប៉ូ
ក.ស
ភ.១ គ.ស. ១៩៥៤ ទំ.១៨៥
No comments:
Post a Comment