សម័យនោះឯង ក្នុងដែនព្រះបាទបសេនទិកោសល មានចោរម្នាក់
ឈ្មោះអង្គុលិមាល ជាមនុស្សកាច មានដៃប្រឡាក់ឈាម ស្និទ្ធក្នុងការបៀតបៀននិងការសម្លាប់
ឥតមានក្ដីអាណិតអាសូរពួកសត្វមានជីវិតឡើយ ។ ចោរនោះតែងធ្វើស្រុកនិគមជនបទឲ្យទៅជាមិនមែនស្រុកនិគមជនបទ
តែងសម្លាប់ពួកមនុស្ស ហើយកាត់យកម្រាមដៃមកធ្វើជាកម្រងពាក់ ។ គ្រានោះ
ព្រះមានព្រះភាគស្ដេចចូលទៅ ទ្រង់បិណ្ឌបាតក្នុងក្រុងសាវត្ថីក្នុងវេលាព្រឹក
លុះថ្ងៃរសៀល ព្រះអង្គស្ដេចទៅកាន់ផ្លូវឆ្ងាយ សំដៅទៅត្រង់ទីដែលអង្គុលិមាលចោរនៅ
(តែមួយព្រះអង្គឯង) ។ ពួកអ្នកឃ្វាលគោ អ្នកឃ្វាលបសុសត្វ អ្នកភ្ជួររាស់
និងអ្នកដើរផ្លូវ បានឃើញព្រះមានព្រះភាគកំពុងស្ដេចទៅកាន់ផ្លូវឆ្ងាយ
សំដៅទៅត្រង់ទីដែលអង្គុលិមាលចោរនៅ ក៏ក្រាបទូលថា
បពិត្រព្រះសមណៈ សូមព្រះអង្គកុំនិមន្តទៅតាមផ្លូវនោះឡើយ
ដ្បិតផ្លូវនុ៎ះមានចោរឈ្មោះអង្គុលិមាល ជាមនុស្សកាច តែងសម្លាប់ពួកមនុស្ស
ហើយកាត់យកម្រាមដៃមកធ្វើជាកម្រងពាក់ ។ កាលបើពួកមនុស្សក្រាបទូលយ៉ាងនេះពីរបីដង
ព្រះដ៏មានបុណ្យទ្រង់ស្ងៀម ទ្រង់ចេះតែស្ដេចយាងទៅ ។
ឯអង្គុលិមាលចោរ
បានឃើញព្រះដ៏មានបុណ្យកំពុងតែស្ដេចយាងមកពីចម្ងាយ ក៏ត្រិះរិះថា យីអើ អស្ចារ្យណាស់
អើហ្ន៎ ចំឡែកណាស់ ព្រោះបុរស ១០ នាក់ក្ដី ២០ នាក់ក្ដី ៣០ នាក់ក្ដី ៤០ នាក់ក្ដី
នាំគ្នាដើរជាពួកៗមកតាមផ្លូវនេះ ក៏បុរសទាំងនោះឯង
ដល់នូវសេចក្ដីវិនាសក្នុងកណ្ដាប់ដៃរបស់អញ (ទាំងអស់) ចុះសមណៈនេះ តែម្នាក់ឯង
ឥតមានគ្នីគ្នាសោះ ម៉េចក៏ហ៊ានដើរមក ហាក់ដូចជាមិនកោតញញើតឡើយ បើដូច្នោះ
អញនឹងសម្លាប់សមណៈនេះ ឲ្យក្ស័យជីវិត ។ គ្រានោះ អង្គុលិមាលចោរក៏ចាប់ដាវ និងខែល
សៀតធ្នូនិងបំពងព្រួញដេញព្រះដ៏មានព្រះភាគ ជាប់តាមពីក្រោយ ។
ព្រះដ៏មានបុណ្យ ទ្រង់សំដែងឫទ្ធិធ្វើឲ្យអង្គុលិមាលចោរ
ដែលរត់ពេញទំហឹងហើយ មិនឲ្យរត់តាមទាន់ព្រះអង្គ ដែលស្ដេចយាងដើរតាមដំណើរប្រក្រតីបាន
។
អង្គុលិមាលចោរគិតថា យីអើ អស្ចារ្យណាស់ យីអើចំឡែកណាស់
ព្រោះកាលពីមុនៗមក អញស្ទុះដេញចាប់ដំរីកំពុងបោលក៏បាន ស្ទុះដេញចាប់សេះកំពុងផាយក៏បាន
ស្ទុះដេញចាប់រថកំពុងលឿនក៏បាន ស្ទុះដេញចាប់ម្រឹគកំពុលបោលក៏បាន ចំឡែកតែម្តងនេះ
ហេតុអ្វី បានជាអញរត់ដេញពេញទំហឹងហើយ ក៏នៅតែមិនទាន់សមណៈនេះ
ដែលដើរតាមដំណើរប្រក្រតីដូច្នេះ ។ អង្គុលិមាលចោរឈប់នៅស្ងៀម
ស្រែកឃាត់ព្រះដ៏មានបុណ្យថា ឈប់សិនសមណៈ ឈប់សិនសមណៈ ។ ព្រះដ៏មានបុណ្យត្រាស់តបថា
នែ៎អង្គុលិមាល តថាគតឈប់ហើយ អ្នកឯងចូរឈប់ដែរទៅ !
គ្រានោះ អង្គុលិមាលចោរគិតថា ពួកសមណៈជាសក្យបុត្រធ្លាប់និយាយតែពាក្យពិត
ប្ដេជ្ញាតែពាក្យពិត ចំឡែកតែសមណៈនេះ កំពុងដើរទេ ម្ដេចឡើយក៏និយាយថា នែ៎អង្គុលិមាល
តថាគតឈប់ហើយ ចូរអ្នកឈប់ដែរទៅ បើដូច្នោះ អញត្រូវសួរសមណៈនេះមើល ។ លំដាប់នោះ
អង្គុលិមាលចោរ ក៏ពោលនឹងព្រះដ៏មានព្រះភាគថា៖
នែ៎សមណៈ លោកកំពុងដើរសោះទេ
ត្រឡប់ជានិយាយថា តថាគតឈប់ហើយ ថែមទាំងថាឲ្យអញដែលឈប់ហើយថា អ្នកឯងទេ
ដែលមិនទាន់ឈប់ដូច្នេះវិញ នែ៎សមណៈ អញសូមសួរដំណើរនេះនឹងលោក លោកដែលថាឈប់ហើយ
តើដូចម្ដេច? អញដែលថាមិនទាន់ឈប់ តើដូចម្ដេច?
ព្រះអង្គតបថា នែ៎អង្គុលិមាល តថាគតដែលបានឈ្មោះឈប់ហើយ(នោះ)
ព្រោះដាក់ចុះនូវគ្រឿងវាយដំចំពោះពួកសត្វទាំងអស់សព្វៗកាល រីឯអ្នកឯងជាអ្នកមិនសង្រួមក្នុងពួកសត្វ
ព្រោះហេតុនោះ អ្នកឯងឈ្មោះថា ជាអ្នកមិនឈប់ ។
អង្គុលិមាលចោរតបថា “នែ៎សមណៈ
លោកស្វែងរកគុណធម៌ដ៏ធំ ជាអ្នកដែលទេវតានិងមនុស្សតែងបូជា
លោកមកកាន់មហាវន(ដើម្បីសង្រ្គោះ) ដល់ខ្ញុំអស់កាលយូរហើយ ខ្លួនខ្ញុំនឹងប្រព្រឹត្តតាម
និងលះបង់នូវបាបចោលចេញ ព្រោះបានស្ដាប់នូវគាថារបស់ព្រះអង្គ ដែលប្រកបដោយធម៌” ថាដូច្នេះហើយ
ក៏គ្រវែងដាវ និងអាវុធចោលទៅក្នុងត្រពាំង ក្នុងជ្រោះ ក្នុងរណ្ដៅ
ហើយថ្វាយបង្គំព្រះបាទានៃព្រះសុគត ហើយសូមផ្នួសនឹងព្រះអង្គក្នុងទីនោះឯង ។
ចំណែកព្រះសម្ពុទ្ធ បានត្រាស់ហៅអង្គុលិមាលចោរនោះថា អ្នកចូរមក
ជាភិក្ខុចុះដូច្នេះ ។ ក្នុងគ្រានោះ ភិក្ខុភាវៈក៏កើតមានដល់អង្គុលិមាលចោរនោះ ។
ព្រះភគវន្តមុនីទ្រង់យកអង្គុលិមាលភិក្ខុបច្ឆាសមណៈ
ស្ដេចធ្វើពុទ្ធដំណើរសំដៅទៅក្រុងសាវត្ថី
ព្រះអង្គទៅគង់នៅជេតវនារាមរបស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។
គាប់ជួនសម័យនោះ ពួកមហាជនកំពុងប្រជុំគ្នាទៀបទ្វារខាងក្នុងបុរីរបស់ព្រះបាទបសេនទិកោសល
ស្រែកហ៊ោគឹកកងថា បពិត្រព្រះសម្មតិទេព ក្នុងដែនរបស់ព្រះអង្គមានចោរម្នាក់
ឈ្មោះអង្គុលិមាល ជាមនុស្សកាច តែងសម្លាប់ពួកមនុស្ស ហើយកាត់យកម្រាមដៃមកធ្វើជាកម្រងពាក់
សូមព្រះសម្មតិទេព កំចាត់អង្គុលិមាលចោរនោះចេញ ។
លំដាប់នោះ ព្រះបាទបសេនទិកោសល ស្តេចចេញអំពីក្រុងសាវត្ថីដោយអស្សយាន
ចំនួន ៥០០ ហើយក៏ស្ដេចចុះអំពីយាន ស្ដេចទៅតែព្រះបាទាទទេ ចូលសំដៅទៅរកព្រះដ៏មានបុណ្យ
ដល់ហើយក្រាបថ្វាយបង្គំគង់ក្នុងទីដ៏សមគួរ ។
ព្រះដ៏មានបុណ្យទ្រង់ត្រាស់សួរថា បពិត្រមហារាជ
ទំនងជាមហាបពិត្រខ្ញាល់នឹងព្រះបាទមគធសេនិយពិម្ពិសារ ឬខ្ញាល់នឹងស្ដេចលិច្ឆវី
អ្នកក្រុងវេសាលី ឬក៏ខ្ញាល់នឹងពួកស្ដេច ដែលជាមច្ឆាមិត្រឯទៀតឬអី?
ព្រះបាទបសេនទិកោសល ក្រាប់បង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន
ខ្ញុំព្រះអង្គមិនខឹងនឹងស្ដេចឯណាទេ ក្នុងដែនរបស់ខ្ញុំព្រះអង្គ
មានចោរម្នាក់ឈ្មោះអង្គុលិមាល ជាមនុស្សកាចណាស់។ល។ ខ្ញុំព្រះអង្គនឹងកំចាត់អង្គុលិមាលចោរនោះចេញ
។
ព្រះដ៏មានបុណ្យត្រាស់ថា បពិត្រមហារាជ
ចុះបើមហាបពិត្រត្រឡប់ជាឃើញ អង្គុលិមាលកោសក់ពុកមាត់និងពុកចង្កា
ស្លៀកដណ្ដប់សំពត់កាសាយៈ ចេញចាកផ្ទះទៅកាន់ផ្នួសវិញ
តើមហាបពិត្រត្រូវធ្វើអង្គុលិមាលនោះដូចម្ដេចទៅ?
ព្រះបាទបសេនទិកោសលក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន
ខ្ញុំព្រះអង្គគប្បីថ្វាយបង្គំ ឬក្រោកទទួលនិមន្តដោយអាសនៈ
ឬទំនុកបម្រុងនូវអង្គុលិមាលនោះ ដោយចីវរបិណ្ឌបាតសេនាសនៈថ្នាំកែរោគ
និងបរិក្ខារទាំងឡាយ ឬនឹងចាត់ចែងនូវការរក្សាសេចក្ដីការពារ ហើយគ្រប់គ្រងប្រកបដោយធម៌
ដល់អង្គុលិមាលនោះ ។
ជួនជាពេលនោះឯង អង្គុលិមាលភិក្ខុ កំពុងគង់អង្គុយជិតព្រះដ៏មានបុណ្យៗ
លើកព្រះហស្ថខាងស្ដាំចង្អុលបង្ហាញព្រះបាទបសេនទិកោសលថា បពិត្រមហារាជ
នុ៎ះហ្ន៎អង្គុលិមាល ។ លំដាប់នោះ ព្រះបាទបសេនទិកោសលក៏មានសេចក្ដីភិតភ័យ តក់ស្លុត
ព្រឺរោម ព្រឺស្បែកឡើងមួយរំពេច ។ ព្រះដ៏មានបុណ្យជ្រាបច្បាស់ថា ព្រះបាទបសេនទិកោសល
ទ្រង់ភ័យញ័រចំប្រប់ព្រឺរោមដូច្នោះហើយ ក៏ត្រាស់ថា បពិត្រមហារាជ
សូមមហាបពិត្រកុំភ័យឡើយ ភ័យអំពីសំណាក់អង្គុលិមាលនេះ មិនមានដល់មហាបពិត្រទេ ។
លំដាប់នោះ ព្រះបាទបសេនទិកោសលបាត់ភ័យតក់ស្លុត ក៏ចូលទៅជិតអង្គុលិមាលភិក្ខុ
ហើយមានព្រះឱង្ការសួរថា បពិត្រលោកដ៏ចម្រើន លោកម្ចាស់ឈ្មោះអង្គុលិមាលឬ?
អង្គុលិមាលភិក្ខុថា ថ្វាយព្រះពរមហារាជ ។ ចុះបិតាមាតាលោកម្ចាស់គោត្រអ្វី?
បិតាអាត្មាភាពជាគគ្គគោត្រ មាតាអាត្មាភាពជាមន្តានីគោត្រ ។ បពិត្រលោកម្ចាស់ដ៏ចម្រើន
សូមលោកម្ចាស់គគ្គគោត្រ មន្តានីបុត្រអភិរម្យចុះ ខ្ញុំព្រះករុណានឹងទំនុកបម្រុងដោយចីវរ
បិណ្ឌបាត សេនាសនៈ ថ្នាំរក្សារោគ និងបរិក្ខារទាំងឡាយ ដល់លោកម្ចាស់គគ្គគោត្រ
មន្តានីបុត្រ ។
សម័យនោះ អង្គុលិមាលភិក្ខុ ប្រព្រឹត្តនៅតែក្នុងព្រៃ
ប្រព្រឹត្តតែបិណ្ឌបាត ប្រើប្រាស់តែសំពត់បង្សុកូល ប្រើប្រាស់តែចីវរ៣ ។ បានជាកាលនោះ
អង្គុលិមាលភិក្ខុថ្វាយព្រះពរថា ពុំបាច់ទេមហារាជ
អាត្មាភាពមានត្រៃចីវរគ្រប់គ្រាន់ហើយ ។
លំដាប់នោះ ព្រះបាទបសេនទិកោសល ក្រាបទូលព្រះដ៏មានបុណ្យថា
បពិត្រព្រះអង្គដ៏ចម្រើន អស្ចារ្យណាស់ ចម្លែកណាស់
ព្រោះថាព្រះអង្គអាចទូន្មានបុរសដែលគេទូន្មានមិនបាន
អាចរម្ងាប់បុរសដែលគេរម្ងាប់មិនបាន អាចរំលត់ពុកត្បុតនៃបុរសដែលគេរំលត់មិនបាន
បពិត្រព្រះអង្គដ៏ចម្រើន ដ្បិតខ្ញុំព្រះអង្គមិនអាចនឹងទូន្មាននូវបុរសឯណា ដោយអាជ្ញាក្ដី
ដោយគ្រឿងសស្ត្រាវុធក្ដី ព្រះដ៏មានព្រះភាគអាចទូន្មានបុរសនោះបានដោយមិនចាំចាច់មានអាជ្ញា
ដោយមិនចាំបាច់មានគ្រឿងសស្ត្រាវុធ ក៏ឥឡូវនេះ ខ្ញុំព្រះអង្គសូមថ្វាយបង្គំលាទៅវិញ
ព្រោះខ្ញុំព្រះអង្គមានកិច្ចការច្រើន មានការរវល់ច្រើន ។
លំដាប់នោះ អង្គុលិមាល ចូលទៅបិណ្ឌបាតក្នុងក្រុងសាវត្ថី
នៅវេលាបុព្វណ្ហសម័យ ទៅតាមលំដាប់ច្រក បានជួបនឹងស្ត្រីម្នាក់ឈឺពោះសំរាលកូន
លុះលោកឃើញហើយក៏គិតថា អើហ្ន៎ ពួកសត្វលំបាកណាស់ ។ ដល់ពេលរសៀល អង្គុលិមាលភិក្ខុចូលទៅគាល់ព្រះដ៏មានព្រះភាគ
ក្រាបទូលពីដំណើរស្ត្រីឈឺពោះសំរាលកូននោះគ្រប់ប្រការ ។
ព្រះសាស្តាត្រាស់ថា ម្នាលអង្គុលិមាល បើដូច្នោះ
ចូរអ្នកចូលទៅរកស្ត្រីនោះហើយនិយាយថា នែ៎នាង
តាំងពីអាត្មាកើតមកមិនដែលក្លែងផ្ដាច់ផ្ដិលជីវិតសត្វឡើយ ដោយពាក្យសច្ចៈនេះ
សូមសិរីសួស្ដីកើតមានដល់នាង សូមសិរីសួស្ដីកើតមានដល់គភ៌ ។
អង្គុលិមាលភិក្ខុទូលថា
ខ្ញុំព្រះអង្គនឹងត្រូវសម្បជានមុសាវាទមិនខាន ព្រោះខ្ញុំព្រះអង្គបានក្លែងផ្ដាច់ផ្ដិលជីវិតសត្វច្រើនណាស់
។
ព្រះអង្គត្រាស់ថា បើដូច្នោះ អ្នកចូរនិយាយនឹងស្ត្រីនោះថា
នែ៎នាង តាំងពីអាត្មាកើតហើយក្នុងអរិយជាតិ គឺបានជាអរិយបុគ្គល
មិនដែលក្លែងផ្ដាច់ផ្ដិលជីវិតសត្វឡើយ ដោយពាក្យសច្ចៈនេះ សូមសិរីសួស្ដីកើតមានដល់នាង
សូមសិរីសួស្ដីកើតមានដល់គភ៌ ។ អង្គុលិមាលភិក្ខុ ចូលទៅនិយាយនឹងស្ត្រីនោះ
តាមព្រះពុទ្ធដីកា សិរីសួស្ដីក៏បានកើតដល់ស្ត្រី និងដល់គភ៌នោះ គឺសំរាលកូនរួចភ្លាម
ឥតលំបាកឡើយ ។
លំដាប់នោះ អង្គុលិមាលភិក្ខុ ជាបុគ្គលម្នាក់ឯង
ដោះខ្លួនចេញចាកពួក ឥតមានសេចក្ដីធ្វេសប្រហែស មានព្យាយាមដុតនូវកិលេសប្រថុយលះបង់នូវអត្តភាព
មិនយូរប៉ុន្មាន លោកក៏បានសម្រេចព្រះអរហត្តផល ដល់វេលាបុព្វណ្ហសសម័យ
លោកនិមន្តទៅបិណ្ឌបាតក្នុងក្រុងសាវត្ថី ។ មានមនុស្សដទៃយកដុំដីខ្លះ ដំបងខ្លះ
ក្រួសខ្លះ គ្រវែងចោលទៅលើកាយព្រះអង្គុលិមាលៗ ត្រូវរបួសបែកប្រកេសហូរឈាម បែកបាត្រ រហែកសង្ឃាដី
លោកក៏ចូលទៅគាល់ព្រះដ៏មានបុណ្យៗ ត្រាស់ទូន្មានថា ម្នាលព្រាហ្មណ៍
ចូរអ្នកខំអត់ទ្រាំទៅ អ្នកគួរនឹងឆេះក្នុងនរកជាច្រើនឆ្នាំ រាប់រយពាន់ឆ្នាំ
ដោយវិបាកនៃកម្មឯណា អ្នកបានទទួលវិបាកនៃកម្មនោះក្នុងបច្ចុប្បន្ននេះ(តែប៉ុណ្ណោះ)
។
វេលានោះ អង្គុលិមាលភិក្ខុ ទៅនៅក្នុទីរហោស្ថានពួនសំងំតែម្នាក់ឯង
សោយនូវវិមុត្តិសុខ ទើបបន្លឺនូវឧទានក្នុងវេលានោះថា៖ បុគ្គលឯណាធ្វេសប្រហែសក្នុងកាលមុន
តែដល់កាលជាខាងក្រោយមក បុគ្គលនោះមិនធ្វេសប្រហែសវិញ បុគ្គលនោះឈ្មោះថា
ញ៉ាំងលោកនេះឲ្យភ្លឺច្បាស់ ដូចព្រះចន្ទផុតស្រឡះចាកពពក បាបកម្មដែលបុគ្គលឯណាធ្វើហើយ
តែបុគ្គលនោះត្រឡប់ជាបិទបាំងបាន គឺមិនសោយផលកម្មវិញ ដោយសារកុសលគឺមគ្គ
បុគ្គលនោះឈ្មោះថា ញ៉ាំងលោកនេះឲ្យភ្លឺច្បាស់ ដូចព្រះចន្ទផុតស្រឡះចាកពពក ភិក្ខុឯណា ជាកម្លោះនៅឡើយ
ប្រកបព្យាយាមក្នុងព្រះពុទ្ធសាសនា ភិក្ខុនោះឯងឈ្មោះថា ញ៉ាំងលោកនេះឲ្យភ្លឺច្បាស់
ដូចព្រះចន្ទផុតស្រឡះចាកពពក ។
សូមពួកមនុស្សជាសត្រូវស្ដាប់នូវធម្មកថារបស់ខ្ញុំ
សូមពួកមនុស្សជាសត្រូវនឹងខ្ញុំ ប្រកបព្យាយាមក្នុងព្រះពុទ្ធសាសនា ពួកសប្បុរសឯណា
តែងដឹកនាំមនុស្សឲ្យរៀនធម៌ សូមពួកមនុស្សជាសត្រូវនឹងខ្ញុំ
សេពគប់នូវពួកសប្បុរសទាំងនោះចុះ សូមពួកមនុស្សជាសត្រូវនឹងខ្ញុំ ស្ដាប់ធម៌ជាទីផូរផង់ដល់ខន្តី
ទាំងជាទីសរសើរនូវការមិនខឹងគឺមេត្តាតាមកាលដ៏សមគួរផង សូមពួកមនុស្សជាសត្រូវនឹងខ្ញុំ
បំពេញនូវធម៌នោះផង មនុស្សឯណាជាសត្រូវនឹងខ្ញុំ សូមសត្រូវនោះកុំបីបៀតបៀនខ្ញុំ
ទាំងកុំបៀតបៀននូវបុគ្គលដទៃណាមួយឡើយ សូមឲ្យដល់នូវសេចក្ដីសុខគឺ ព្រះនិព្វាន
ចូររក្សានូវមនុស្សដែលប្រកបដោយតណ្ហា នឹងមនុស្សដែលមិនមានតណ្ហា ។
ពួកអ្នកបង្ហូរទឹករមែងបង្ហូរទឹក (តាមប្រឡាយទឹក)
ពួកអ្នកធ្វើកូនសរ រមែងពត់កូនសរ ពួកអ្នកចាំងឈើរមែងចាំងឈើ អ្នកប្រាជ្ញទាំងឡាយ
រមែងទូន្មានខ្លួន ។
ពួកមនុស្សខ្លះគេទូន្មានដោយដំបង ដោយកង្វេរ ដោយរំពាត់
ចំណែកខ្ញុំជាអ្នកមានប្រាជ្ញា ដែលព្រះដ៏មានបុណ្យជាតាទិបុគ្គលមិនបានយកដំបង
ឬគ្រឿងសាស្ត្រាវុធ (មកទូន្មានខ្ញុំទេ) កាលដើមខ្ញុំឈ្មោះថា អហឹសកុមារ
(ជាអ្នកមិនបៀតបៀនគេ) តែជាអ្នកបៀតបៀនគេ ដល់មកថ្ងៃនេះ ខ្ញុំមានឈ្មោះទៀងទាត់
គឺសមតាមឈ្មោះដើមរបស់ខ្ញុំ ព្រោះខ្ញុំលែងបៀតបៀននូវអ្នកណាមួយហើយ កាលពីដើមខ្ញុំជាចោរ
មាននាមប្រាកដថា អង្គុលិមាល ដែលជំនន់ធំបន្សាត់ទៅ (តែឥឡូវនេះ)
ខ្ញុំបានដល់នូវព្រះពុទ្ធជាទីពឹងហើយ កាលពីដើម ខ្ញុំមានដៃប្រឡាក់ឈាម មាននាមប្រាកដថា
អង្គុលិមាល (តែឥឡូវនេះ) សរណគមន៍ខ្ញុំបានដល់ហើយ តណ្ហាជាគ្រឿងនាំទៅកាន់ភព
ខ្ញុំបានរំលើងចោលហើយ ខ្ញុំបានធ្វើអំពើដែលគួរទៅកាន់ទុគ្គតិដូច្នោះជាច្រើន តែកម្មវិបាក
គឺមគ្គចេតនាបានអប់រំ (ក្នុងសន្តានខ្ញុំហើយ) ខ្ញុំជាអ្នកមិនមានបំណុលគឺកិលេស
បរិភោគភោជន ពួកជនពាលឥតប្រាជ្ញា តែងប្រកបនូវសេចក្ដីប្រមាទ ឯអ្នកប្រាជ្ញាតែងរក្សានូវសេចក្ដីមិនប្រមាទទុក ដូចជាទ្រព្យដ៏ថ្លៃថ្លា
សូមអ្នកទាំងឡាយកុំប្រកបនូវសេចក្ដីប្រមាទឡើយ កុំប្រកបនូវសេចក្ដីត្រេកអរនឹងការមូលមិត្រក្នុងកាមឡើយ
ព្រោះថាបុគ្គលអ្នកប្រហែសធ្វេស ខំដុតបំផ្លាញ (នូវកិលេស) រមែងបានដល់នូវសេចក្ដីសុខដ៏ទូលាយ
ខ្ញុំមកល្អហើយ ខ្ញុំមិនគេចចេញទេ គំនិតនេះ ខ្ញុំមិនមែនគិតខុសទេ
បណ្ដាលធម៌ទាំងឡាយដែលព្រះអង្គចែករំលែកហើយ ព្រះនិព្វានឯណាដែលជាគុណជាតិដ៏ប្រសើរ
ខ្ញុំបានដល់នូវព្រះនិព្វានហើយ ខ្ញុំមកល្អហើយ ខ្ញុំមិនគេចចេញទេ គំនិតនេះ
ខ្ញុំមិនមែនគិតខុសទេ វិជ្ជា ៣ ប្រការ ខ្ញុំបានសម្រេចហើយ ពុទ្ធសាសនា ខ្ញុំបានធ្វើតាមហើយ
៕
Cr.
ប៊ូ ប៉ូ
ក.ស ភ.១ គ.ស. ១៩៥៤ ទំ.៩២
No comments:
Post a Comment