Friday, May 18, 2018

រឿងនាងកេសាគោតមីយំសោកស្ដាយកូន



កាលពីសម័យពុទ្ធកាល មានស្រ្តីមេម៉ាយទុគ៌តម្នាក់ គ្មានសាច់ញាតិសន្តាន រស់នៅជាមួយកូនប្រុសតែម្នាក់ជាទីស្រឡាញ់ ដោយនាងខិតខំថែរក្សាការពារទំនុកបម្រុងកូនប្រុសនោះ តាំងពីកើតមកថ្នាក់ថ្នមស្រឡាញ់ស្មើនឹងជីវិតរបស់នាង ព្រោះខ្លួនគិតថាអស់ពីប្ដី គ្មានសាច់ញាតិបងប្អូន ជាទីពឹងពំនាក់អាស្រ័យ គឺមានតែកូនប្រុសនេះហើយ ជាទីពឹងនៅពេលដែលនាងចាស់ជរាទៅ នាងបានខិតខំប្រឹងប្រែងធ្វើការរកស៊ី ដើម្បីចិញ្ចឹមជីវិតដោយរីករាយ ព្រោះមានកូនប្រុសជាកម្លាំងចិត្ត ។

តែកម្មជាអកុសលរបស់នាង មិនបានប៉ុន្មានសេចក្ដីសង្ឃឹមរបស់នាងក៏បានបាត់បង់អស់ ព្រោះតែកូនប្រុសជាទីស្រឡាញ់របស់នាងបានស្លាប់ទៅ ។ ប្រិយមិត្តអ្នកអានទាំងឡាយ កេសាគោតមីក្រោយពីកូនស្លាប់ភ្លាម ក្នុងចិត្តនាងឈឺចាប់គ្មានអ្វីនឹងថ្លឹងថ្លែងពីទំហំនៃសេចក្ដីទុក្ខនេះបាន ទុក្ខព្រោះព្រាត់ប្តី ម្ដាយឪពុក និងញាតិមិត្តមិនដូចទុក្ខថ្ងៃនេះឡើយ រហូតដល់នាងលែងគិតពីបាយទឹក ព្រមទាំងលះបង់ចោលការងារទាំអស់ សូម្បីជីវិតក៏នាងមិនគិតដែរ ខំដើរឱបបីសាកសពកូនប្រុស យំស្រែកទៅកាន់ផ្ទះគេឯងគ្រប់គ្នាទាំងថ្ងៃទាំងយប់ ដោយសូមអង្វរគេគ្រប់គ្នា មេត្តាជួយកូនប្រុសនាង ឲ្យមានជីវិតរស់ឡើងវិញមក បើទោះបីជាឲ្យនាងធ្វើអ្វីក៏នាងសុខចិត្ត អ្នកស្រុកភូមិទាំងអស់ខំប្រឹងពន្យល់នាងថា នែ៎! កូនស្រី ក្មួយស្រី ប្អូនស្រីខំកាត់ចិត្តឈប់យំទួញសោកទៅ នេះជាច្បាប់ធម្មជាតិ កាលបើកើតមកតែងចាស់ឈឺនិងស្លាប់ជាធម្មតា ដោយគ្មាននរណាម្នាក់គេចផុតបានឡើយ ។ ទោះជាគេនិយាយពន្យល់យ៉ាងណា ក៏នាងស្ដាប់មិនចូល ហើយនៅតែបីកូនដើរស្រែករកគេជួយគ្រប់ទីកន្លែង ។ ការខិតខំយំស្រែក ដើរអស់រយៈពេលពេញមួយយប់មួយថ្ងៃ ក៏មិនមានអ្នកណាអាចជួយនាងបាន ។ ពេលមួយនាងបានជួបនឹងបុរសម្នាក់ គាត់បានប្រាប់ថា បើនាងចង់ឲ្យកូនរបស់នាងរស់ឡើងវិញ ចូរនាងទៅគាល់ព្រះសម្ពុទ្ធចុះ ព្រះអង្គគង់នៅឯវត្ត ព្រោះលើលោកនេះខ្ញុំយល់ថា គ្មានអ្នកណាប្រសើរជាងព្រះអង្គមិនមានឡើយ ។ កាលបើឮដូច្នោះ នាងខំបីកូនរត់សំដៅទៅវត្តទាំងយប់ទាំងថ្ងៃ បាយក៏មិននឹក ទឹកក៏មិនស្រេក ។ លុះបានទៅដល់វត្តជួបនឹងព្រះសម្ពុទ្ធនៃយើង នាងចូលទៅក្រាបថ្វាយបង្គំយំស្រែកថា បពិត្រព្រះអង្គដ៏មានបុណ្យ សូមព្រះអង្គជួយកូនទូលបង្គំផង!

ព្រះសម្ពុទ្ធសួរថា ម្នាលនាង តើនាងមានបញ្ហាអ្វី? កូននាងកើតអ្វី? តើនាងចង់ឲ្យយើងជួយដូចម្ដេច?

នាងកេសាឆ្លើយថា បពិត្រព្រះអង្គដ៏ចម្រើន ទូលបង្គំមានទុក្ខធំណាស់ គឺកូនប្រុសតែមួយរបស់ខ្ញុំព្រះអង្គ វាស្លាប់ចោលខ្ញុំព្រះអង្គហើយ សូមព្រះអង្គជួយវាឲ្យមានជីវិតរស់ឡើងវិញផង ។

ព្រះសម្ពុទ្ធតបថា បើអ៊ីចឹង ចូរនាងទៅរកគ្រាប់ស្ពៃពីផ្ទះណា ដែលគ្មានមនុស្សស្លាប់យកមកឲ្យតថាគត នោះតថាគតនឹងជួយកូននាងឲ្យរស់ឡើងវិញបាន ។ 

នាងតបថា បើខ្ញុំព្រះអង្គរកគ្រាប់ស្ពៃបាន នោះព្រះអង្គពិតជាអាចជួយកូនខ្ញុំព្រះអង្គបានមែនទេ?

ព្រះសម្ពុទ្ធតប ប្រាកដហើយនាង ចូរនាងទៅរកមកចុះ តែលក្ខខណ្ឌគឺនាងត្រូវយកគ្រាប់ស្ពៃពីផ្ទះណា ដែលគ្មានមនុស្សស្លាប់ ទើបអាចធ្វើថ្នាំជួយកូននាងបាន ។

នាងកេសាតប បពិត្រព្រះអង្គកុំថាឡើយ ការងារប៉ុណ្ណឹង សូម្បីការងារធំជាងនេះ ១០០០ ដងទៀតក៏ខ្ញុំសុខចិត្តដែរ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំសូមផ្ញើកូននឹងព្រះអង្គសិន ចាំខ្ញុំទៅយកគ្រាប់ស្ពៃមកថ្វាយព្រះអង្គឲ្យបាន ។

ព្រះសម្ពុទ្ធតប នឹងដាស់សតិនាងបន្តិចថា នាងទៅចុះ កូននាងមិនទៅណាទេ ព្រោះគេពេលនេះប្រៀបដូចជាអង្កត់ឧសទៅហើយ តែខណៈនោះ នាងមិនបានចាប់នឹកគិតដល់ពាក្យព្រះអង្គដាស់តឿនឡើយ ។

និយាយពីនាងកេសាថ្វាយបង្គំលាព្រះសម្ពុទ្ធ រួចស្ទុះរត់ទៅលើកដៃសំពះសុំគ្រាប់ស្ពៃពីផ្ទះអ្នកស្រុក ទៅផ្ទះទីមួយគេប្រាប់ថា ខ្ញុំមានគ្រាប់ស្ពៃតែម្ដាយខ្ញុំទើបតែនឹងស្លាប់ ទៅផ្ទះទីពីរគេប្រាប់ថា ខ្ញុំមានគ្រាប់ស្ពៃ តែម្ដីខ្ញុំទើបតែនឹងស្លាប់ ទៅផ្ទះទីបីគេថា ខ្ញុំមានតែកូនខ្ញុំទើបតែនឹងស្លាប់ អ្នកខ្លះថា ជីតាខ្ញុំ ជីដូនខ្ញុំ មីង មា បងប្អូនខ្ញុំទើបតែនឹងស្លាប់ ទោះបីជាមិនស្លាប់ថ្មីៗ ក៏មានស្លាប់ដែរក្នុងគ្រួសារមួយៗ ដោយគ្មានគ្រួសារណាដែលគ្មានមនុស្សស្លាប់ឡើយ ។ នាងខំដើរអស់ដីរាប់យោជន៍ និងច្រើនភូមិស្រុក ប៉ុន្តែលទ្ធផលដូចគ្នាគ្រប់ផ្ទះ គឺមិនខ្វះទេគ្រាប់ស្ពៃផ្ទះណាក៏មាន ព្រោះកាលសម័យដើមមនុស្សរស់នឹងធម្មជាតិ តែអ្វីដែលខ្វះគឺគ្មានផ្ទះណា ដែលគ្មានមនុស្សស្លាប់ទាល់តែសោះ ។ នាងធ្លាក់ទឹកចិត្តនៅពេលជួបនឹងផ្ទះជីដូនចាស់ម្នាក់ដោយគាត់ប្រាប់ថា កូនស្រី សូមកូនបញ្ឈប់ចុះ លើលោកនេះគ្មានគ្រួសារណា ដែលគ្មានមនុស្សស្លាប់ទេ នាងសម្លឹងមកជីដូនមើលចំណាស់នេះហើយ ហេតុអ្វីខ្ញុំរស់នៅតែឯង មិនមែនខ្ញុំមិនចង់មានកូនចៅនៅក្បែរខ្លួននោះទេ តែជីជូន មិនអាចហាមឃាត់ពួកគេមិនឲ្យស្លាប់ឃ្លាតចាកពីខ្លួនបាន ហើយរឹតតែមិនអាចឲ្យពួកគេរស់ឡើងវិញបានថែមទៀត ដូច្នេះត្រូវគិតពីសុខភាព និងថែរក្សាជីវិតបន្ត ដើម្បីបានបំពេញសេចក្ដីល្អ សម្រាប់កូននាងដែលស្លាប់ទៅ សូមកុំចំណាយពេលបន្តដំណើរទៀតអី ចូរត្រឡប់ទៅវិញចុះ! កេសា គ្រាន់តែឮពាក្យនេះក៏ភ្ញាក់ខ្លួនបន្តិច ម្យ៉ាងនាងគ្មានកម្លាំងចិត្ត ក្នុងការបន្តទៀតទេ ព្រោះច្រើនភូមិស្រុកទៅហើយ និងកម្លាំងកាយកក៏អស់មិនអាចបន្តដំណើរបាន ព្រោះដាច់បាយទឹកច្រើនថ្ងៃមកហើយ នាងបានសំពះលាជីដូន ត្រឡប់ទៅជួបព្រះសម្ពុទ្ធវិញ ដោយនាងទូលថា

បពិត្រព្រះអង្គដ៏ចម្រើន គ្រាប់ស្ពៃពិតជាមានមិនខ្វះទេ ផ្ទះណាក៏មានដែរព្រះអង្គ តែអ្វីដែលខ្វះគឺគ្មានផ្ទះណា ដែលមិនមានមនុស្សស្លាប់ទាល់តែសោះ ។

ព្រះសម្ពុទ្ធមានឱកាស ព្រះអង្គចាប់ផ្ដើមឆ្លើយតប និងសម្ដែងធម៌ប្រោសថា ម្នាលនាងកេសា ចូរនាងមានស្មារតីឡើង តថាគតបានដឹងរួចជាស្រេចហើយថា លទ្ធផលគឺគ្មានគ្រួសារណា ដែលគ្មានមនុស្សស្លាប់នោះទេ តែយើងចង់ឲ្យនាងទៅ ដើម្បីបានឮ និងបានឃើញដោយផ្ទាល់ ក្រែងនាងបានដើរទៅសួរផ្ទាល់គ្រប់ផ្ទះ ច្រើនភូមិស្រុកហើយមែនទេថា ផ្ទះណាក៏គេមានទុក្ខ គឺការបែកបាក់ព្រាត់ប្រាសនិរាស ដូចជានាងអ៊ីចឹងដែរ គេក៏គ្មានថ្នាំព្យាបាល និងអាចជួយមនុស្សជាទីស្រឡាញ់របស់ពួកគេ ឲ្យរស់ឡើងវិញបានដូចគ្នា ។ ម្នាលនាងកេសា នាងមើលមកយើង ដែលសុខចិត្តលះបង់រាហុលកុមារ ដែលជាបុត្ររបស់យើង និងពិម្ពាដែលជាអគ្គមហេសីរបស់យើង បិតានិងរាជសម្បត្តិស្រីស្នំខ្ញុំបម្រើ ព្រមទាំងអ្វីៗគ្រប់យ៉ាងចោលអស់ មកបួសប្រតិបត្តិខ្លួនជាភេទបែបនេះដើម្បីអ្វី? គឺដើម្បីគេចឲ្យផុតរត់ឲ្យរួចអំពី ជាតិ ជរា ព្យាធិ និងមរណៈនេះឯង ។ ម្នាលនាងកេសា ចូរនាងភ្ញាក់ឡើង លះបង់សេចក្ដីសោកសៅ ហើយខិតខំប្រព្រឹត្តបដិបត្តិខ្លួនឲ្យល្អ ដើម្បីបានជាឧបនិស្ស័យឈានឆ្ពោះទៅរកឯកន្តបរមសុខ ដែលគ្មានសុខទុក្ខអ្វីលាយឡំ ដូចនាងកំពុងតែជួបរាល់ថ្ងៃនេះ ។

កេសា គ្រាន់តែឮប៉ុណ្ណឹងមានស្មារតីភ្ញាក់រលឹក ហើយក្រាបថ្វាយបង្គំព្រះសម្ពុទ្ធថា បពិត្រព្រះអង្គដ៏ចម្រើន ប្រសិនបើខ្ញុំព្រះអង្គមិនបានមកជួបព្រះអង្គក្នុងពេលនេះទេ ម្លេ៉ះសមជីវិតខ្ញុំព្រះអង្គនឹងផុតរលត់ទៅ ច្បាស់ជាខាតប្រយោជន៍លោកុត្តរៈយ៉ាងពិតប្រាកដ ។ បពិត្រព្រះអង្គដ៏ចម្រើន ពេលនេះខ្ញុំព្រះអង្គភ្លឺច្បាស់ណាស់ ប្រៀបដូចជាមានប្រទីបបំភ្លឺនៅទីងងឹត ឬឧបមាដូចជាបើករបស់ដែលផ្កាប់ឲ្យផ្ងារឡើងយ៉ាងណា ចិត្តទូលបង្គំពេលនេះភ្លឺស្វាង ដូចជាមេឃដែលកំពុងមានពពកបាំងបិទដូច្នោះដែរ ព្រះអង្គជាអគ្គបុគ្គលដ៏ឧត្តមវិសេសផុតជាងមនុស្ស និងទេវតាក្នុងលោក ដោយគ្មានបុគ្គលណាប្រៀបស្មើនឹងព្រះអង្គបានឡើយ ។ បពិត្រព្រះអង្គដ៏ចម្រើន ទូលព្រះបង្គំសូមចាត់ចែងបុណ្យសព ជូនកូនប្រុសទូលបង្គំរួចហើយ ខ្ញុំព្រះអង្គសូមប្រគល់កាយថ្វាយខ្លួន ដោយបួសជាភិក្ខុនីប្រព្រឹត្តប្រតិបត្តិ តាមគន្លងនៃព្រះឱវាទរបស់ព្រះអង្គតទៅ ដោយសូមជ្រកក្រោមម្លប់នៃសាសនានេះ រហូតដល់ផុតជីវិតរបស់ខ្ញុំព្រះអង្គ ។

ក្រោយពីរៀបចំទុកដាក់សពកូនបានសមរម្យហើយ នាងកេសាគោតមីក៏បានបួសជាភិក្ខុនី ប្រព្រឹត្តព្រហ្មចរិយធម៌ រហូតដល់បានសម្រេចជាព្រះអរហន្តី សោយនូវវិមុត្តិសុខអស់កាលជានិច្ចតទៅ ៕

Cr. ផលធរោ ផ.ភ
.ដំណោះស្រាយបញ្ហាជីវិត ប.ទី១ ភ្នំពេញ ព.ស.២៥៦០ ទំ.៤៤

No comments:

Post a Comment