Thursday, April 19, 2018

ធម៌រមែងហូរទៅកាន់ធម៌



ភិក្ខុទាំងឡាយ បុគ្គលមានសីល បរិបូណ៌ហើយដោយសីល
មិនត្រូវធ្វើចេតនាថា សូមការមិនក្ដៅក្រហាយ ចូរកើតឡើងដល់យើងចុះ
ភិក្ខុទាំងឡាយ ប្រការដែលការមិនក្ដៅក្រហាយកើតឡើងដល់បុគ្គលមានសីល
បរិបូណ៌ហើយដោយសីលនេះ មានជាធម្មតា ។

ភិក្ខុទាំងឡាយ បុគ្គលមិនមានការក្ដៅក្រហាយ
មិនត្រូវធ្វើចេតនាថា សូមបមោជ្ជ ចូរកើតឡើងដល់យើងចុះ
ភិក្ខុទាំងឡាយ ប្រការដែលបមោជ្ជកើតឡើង
ដល់បុគ្គលមិនមានសេចក្ដីក្ដៅក្រហាយនេះ មានជាធម្មតា ។

ភិក្ខុទាំងឡាយ បុគ្គលមានបមោជ្ជ
មិនត្រូវធ្វើចេតនាថា សូមបីតិចូរកើតឡើងដល់យើងចុះ
ភិក្ខុទាំងឡាយ ប្រការដែលបីតិកើតឡើង
ដល់បុគ្គលមានបមោជ្ជនេះ មានជាធម្មតា ។

ភិក្ខុទាំងឡាយ បុគ្គលមានចិត្តប្រកបដោយបីតិ
មិនត្រូវធ្វើចេតនាថា សូមកាយរបស់យើងចូរស្ងប់ចុះ
ភិក្ខុទាំងឡាយ ប្រការដែលកាយរបស់បុគ្គលមានចិត្តប្រកបដោយបីតិ
ស្ងប់នេះ មានជាធម្មតា ។

ភិក្ខុទាំងឡាយ បុគ្គលមានកាយស្ងប់ហើយ
មិនត្រូវធ្វើចេតនាថា សូមយើង ចូរសោយសុខចុះ
ភិក្ខុទាំងឡាយ ប្រការដែលបុគ្គលមានកាយស្ងប់ហើយ
សោយសុខនេះ មានជាធម្មតា ។

ភិក្ខុទាំងឡាយ បុគ្គលមានសុខ
មិនត្រូវធ្វើចេតនាថា សូមចិត្តរបស់យើង ចូរតាំងមាំចុះ
ភិក្ខុទាំងឡាយ ប្រការដែលចិត្តរបស់បុគ្គលមានសុខហើយ
តាំងមាំនេះ មានជាធម្មតា ។

ភិក្ខុទាំងឡាយ បុគ្គលមានចិត្តតាំងមាំហើយ
មិនត្រូវធ្វើចេតនាថា សូមយើង ចូរដឹងឃើញតាមសភាវៈពិតចុះ
ភិក្ខុទាំងឡាយ ប្រការនេះបុគ្គលមានចិត្តតាំងមាំហើយ
ដឹងឃើញតាមសភាវៈពិតនេះ មានជាធម្មតា

ភិក្ខុទាំងឡាយ បុគ្គលដឹងឃើញតាមសភាវៈពិត
មិនត្រូវធ្វើចេតនាថា សូមយើង ចូរនឿយណាយចុះ
ភិក្ខុទាំងឡាយ ប្រការដែលបុគ្គលដឹងឃើញតាមសភាវៈពិតហើយ
ការនឿយណាយនេះ មានជាធម្មតា ។

ភិក្ខុទាំងឡាយ បុគ្គលនឿយណាយ
មិនត្រូវធ្វើចេតនាថា សូមយើង ចូរធូរចំណងចុះ
ភិក្ខុទាំងឡាយ ប្រការដែលនឿយណាយហើយ
ធូរចំណងនេះ មានជាធម្មតា ។

ភិក្ខុទាំងឡាយ បុគ្គលមានចិត្តធូរចំណងហើយ
មិនត្រូវធ្វើចេតនាថា សូមយើង ចូរធ្វើឲ្យជាក់ច្បាស់ដល់វិមុត្តិញ្ញាណទស្សនៈចុះ
ភិក្ខុទាំងឡាយ ប្រការនេះ ដែលបុគ្គលធូរចំណងហើយ
ធ្វើឲ្យជាក់ច្បាស់ដល់វិមុត្តិញ្ញាណទស្សនៈនេះ មានជាធម្មតា ។

ភិក្ខុទាំងឡាយ
វិរាគៈ មានវិមុត្តិញ្ញាណទស្សនៈជាផល
មានវិមុត្តិញ្ញាណទស្សនៈជាអានិសង្ស

និព្វិទា មានវិរាគៈជាផល
មានវិរាគៈជាអានិសង្ស

យថាភូតញ្ញាណទស្សនៈ មាននិព្វិទាជាផល
មាននិព្វិទា ជាអានិសង្ស

សមាធិ មានយថាភូតញ្ញាណទស្សនៈ ជាផល
មានយថាភូតញ្ញាណទស្សនៈជាអានិសង្ស

សុខមានសមាធិ ជាផល
មានសមាធិ ជាអានិសង្ស

បស្សទ្ធិ មានសុខជាផល
មានសុខជាអានិសង្ស

បីតិមានបស្សទ្ធិជាផល
មានបស្សទ្ធិជាអានិសង្ស

បមោជ្ជ មានបីតីជាផល
មានបីតិជាអានិសង្ស

ការមិនក្ដៅក្រហាយ មានបមោជ្ជជាផល
មានបមោជ្ជជាអានិសង្ស

សីលជាកុសល មានក្ដីមិនក្ដៅក្រហាយជាផល
មានក្ដីមិនក្ដៅក្រហាយជាអានិសង្ស

ភិក្ខុទាំងឡាយ ធម៌រមែងចូរទៅកាន់ធម៌
ធម៌រមែងញ៉ាំងធម៌ឲ្យបរិបូណ៌
ដើម្បីការដល់ត្រើយ (គឺនិព្វាន) ចាកទីដែលមិនមែនជាត្រើយ (សង្សារវដ្ដ)
ដោយអាការយ៉ាងនេះឯង ។

- បាលី ឯកាទសក.អំ. ២៤/៣៣៦/២០៩
#http://buddhaoat.blogspot.com/


No comments:

Post a Comment