Monday, June 11, 2018

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១២៤)



ធម៌សម្រាប់ជនពាល មិនមានន័យអ្វីឡើយ ដូចជាចាក់ទឹកលើខ្នងឆ្កែ វារលាស់ចេញអស់ មិនមានសល់ ។ ជនពាល មិនចូលចិត្តធម៌ ស្ដាប់ធម៌អ្វីឡើយ គ្រាន់តែឮកើតនូវទិដ្ឋិមានះធ្វើឲ្យចិត្តស្អប់តែម្ដង ស្ដាប់មិនចូល ព្រោះធម៌មិនមែនជាវត្ថុអាក្រក់ អពមង្គល អសម្បត្តិអ្វីឡើយ ។ ព្រះធម៌នេះ គឺពោលនិយាយអំពីអ្វីដែលជាសច្ចភាពជីវិតរបស់យើងរាល់ៗគ្នា  មានលាភ ឥតលាភ មានយស ឥតយស មានសុខ មានទុក្ខ ឬម្យ៉ាងទៀត យើងកើតមកតែងតែមានសេចក្ដីស្លាប់កំពុងរង់ចាំយើងនៅខាងចុងបំផុត ។ កាលណា យើងជួបត្រូវមានសេចក្ដីព្រាត់វិនាសនៅខាងចុង ។ យើងមានសភាពចាស់ទៅរាល់ៗថ្ងៃ យើងមានរោគាបៀតបៀនញាំញីទន្ទ្រានលើរូបកាយនេះរាល់ថ្ងៃ សេចក្ដីស្លាប់នៃស្ដេចមច្ចុមានគ្រប់ដង្ហើមចេញចូលរបស់យើង ។ ហើយអ្វីៗក៏មានសភាពមិនទៀង មានសភាពអត់បានដោយលំបាក មិនស្ថិតនៅក្រោមអំណាចបញ្ជារបស់យើងឡើយ  អ្នកសាងសុខឲ្យគេ គេនឹងសាងសុខឲ្យយើង បង្កទុក្ខឲ្យគេ ដូចជាសាងភ្នំទុក្ខ ភ្នំភ្លើងឲ្យខ្លួនឯង ។ ដូច្នេះ រៀបរាប់មកខាងលើមកប៉ុណ្ណេះ មិនបានជ្រាបចូលដល់ខួរក្បាលដល់ត្រចៀកបុគ្គលពាលឡើយ ។ ជនពាលតែងតែឃើញអំពើបាបមិនទាន់ឲ្យផល គិតថាវាផ្អែមឆ្ងាញ់ គួរដល់ការអនុវត្តធ្វើណាស់ តែដល់អំពើបាបឲ្យផលទើបមានវិប្បដិសារីដល់ខ្លួន ។

No comments:

Post a Comment