Thursday, July 5, 2018

ម្នាក់ឯងតែពុំឯកា



១. មនុស្សល្អធម្មតាតែងដើរស្វែងរកមនុស្សល្អពីខាងក្រៅខ្លួន តែមនុស្សល្អដល់ថ្នាក់ស៊ីជម្រៅដឹងថាសេចក្តីល្អតែងនៅក្នុងខ្លួន ហើយក៏ពុំចាំបាច់ដើរស្វែងរកនៅទីណាដែរ។ គ្មានមាគ៌ាឬផ្លូវដើម្បីតម្រង់ទៅរកមនុស្សល្អទេ។ តាមពិត យើងគ្រាន់តែលុបពាក្យ មាគ៌ា ឬផ្លូវ ចេញ គឺនឹងជួបមនុស្សហើយ ព្រមទាំងមានតែមនុស្សល្អនៅក្បែរខ្លួនរហូត មិនថាស្ថិតនៅក្នុងកាលៈទេសៈលំបាកយ៉ាងណាឡើយ។ តើនរណាជាមនុស្សល្អ?

២. មនុស្សល្អ គឺជាយើង។ ក្នុងលោកយើងនេះ មានមនុស្សល្អពីរប្រភេទដែលល្អចំពោះយើងពិតប្រាកដ តែមនុស្សល្អទាំងពីរប្រភេទនេះពុំមានវត្តមាននៅរស់ក្នុងផែនដីនេះទៀតឡើយ។ មនុស្សល្អទី១ គឺមនុស្សដែលពុំទាន់កើតនៅឡើយ។ មនុស្សល្អទី២ គឺជាមនុស្សដែលស្លាប់បាត់ទៅហើយ។ ពេលយើងតាំងចិត្តមាំធ្វើជាមនុស្សល្អ យើងនឹងពុំចាំបាច់ដើរនាំតែហត់ស្វែងរកមនុស្សល្អឡើយ។

៣. អ្វីដែលមានក្នុងខ្លួនយើង គឺជាល្បាយនិងជាធាតុផ្សំគ្រប់គ្រាន់ដើម្បីក្លាយទៅជាមនុស្សល្អពិតប្រាកដ។ មនុស្សល្អ បើទោះបីជារស់នៅម្នាក់ឯង ក៏ពុំមានអារម្មណ៍ថាឯកាឡើយ។ មនុស្សល្អរស់ក្រៅប្រព័ន្ធច្បាប់សង្គម រស់នៅក្រៅប្រព័ន្ធសាសនាសង្គម និងរស់នៅក្រៅប្រព័ន្ធវប្បធម៌សង្គម។ សាសនារបស់មនុស្សល្អ គឺជាសាសនានៃសេចក្តីស្រឡាញ់។ មនុស្សល្អប្រើសីលធម៌ជំនួសច្បាប់ (មានច្បាប់ក៏ធ្វើសេចក្តីល្អ ឬគ្មានច្បាប់ក៏នៅតែប្រព្រឹត្តសេចក្តីល្អ)។ ភាសារបស់មនុស្សល្អ គឺជាភាសានៃសេចក្តីមេត្តាករុណាចំពោះអ្នកដទៃ។ កែវភ្នែករបស់មនុស្សល្អ តែងតែសម្លឹងរកមើលចំណុចល្អរបស់អ្នកដទៃ។ បបូរមាត់របស់មនុស្សល្អ តែងតែវាចាពោលពាក្យពីរោះមានន័យទៅកាន់អ្នកដទៃដោយសុទ្ធចិត្ត៕
_____
*ពេលយុវជនយើងដើរពុំផុតចេញពីមនោសញ្ចេតនាលន្លង់លន្លោច គឺយើងនឹងជាប់ផុងនៅក្នុងអន្លុងអារម្មណ៍នៃចិត្ត។ យើងទាំងអស់គ្នាស្ទើរតែជាប់នៅក្នុងសីល្បៈនៃការរស់នៅ ដោយស្វែងរកសុខឱ្យខ្លួនឯងគ្មានមូលដ្ឋានចំណេះដឹងខួរក្បាល រហូតដល់គ្មានពេលវេលាស្វែងរកសុខសម្រាប់សង្គម (ភ្លេចត្រៀមខ្លួន ភ្លេចដុសខាត់ខ្លួន) ក៏ដូចជាសម្រាប់អនុជនជំនាន់ក្រោយ។

ប្រភពរូបភាព៖ https://www.khmertimeskh.com//upl/2017/09/p15_lead_art.jpg

No comments:

Post a Comment