មិត្តភាពមួយអាចរីកចម្រើនទៅបាន
គឺដោយសារតែអំពើល្អដែលយើងបានផ្ដល់ឲ្យគ្នាទៅវិញទៅមក ហើយមានពេលខ្លះមិត្តភាពនោះ
ក៏អាចរលាយបាត់ទៅវិញ ដោយសារតែកំហុសមួយពេលផងដែរ ។ មិត្តភាពមិនដូចម៉ូតូឡាននោះទេ
ម៉ូតូឬឡាន ប្រសិនបើវាខូចយើងអាចជួសជុលឡើងវិញប្រើការដូចដើមបាន
តែសម្រាប់មិត្តភាពមិនមែនជារឿងងាយស្រួលឡើយ
ទោះបីជាយើងមានលុយរាប់សែនក៏មិនអាចទិញទំនុកចិត្ដពីមុនឲ្យត្រឡប់មកវិញបានដែរ ។
មនុស្សពីរនាក់ដែលអស់ទំនុកចិត្ដលើគ្នាទៅហើយ ទោះបីជារាប់អានគ្នាបន្ដទៀតក៏មិនស្និទ្ធដែរ
គ្រប់យ៉ាងគឺមិនអាចដូចដើមឡើយ វាប្រៀបដូចជាម្ជុលមួយដើមដែលបានជ្រុះចូលក្នុងបាតទន្លេអ៊ីចឹង
។
មានពេលខ្លះ
អំពើល្អបន្តិចបន្តួចដែលយើងបានធ្វើដាក់គ្នា គឺជាគុណតម្លៃនៃក្ដីស្រឡាញ់
គ្រាន់តែយើងមិនចាប់អារម្មណ៍រហូតដល់ថ្ងៃដែលយើង និងគេលែងមានឱកាសមើលមុខគ្នាផ្ទាល់ដូចមុន
និយាយគ្នាសើចសប្បាយជាមួយគ្នាដូចមុន យើងក៏នឹករឭកហើយចង់ឲ្យគ្រប់យ៉ាងដូចដើម
នេះអាចទុកថាជាគុណតម្លៃនៃការចងចាំដ៏ល្អមួយសម្រាប់មិត្តភាពមួយដ៏កក់ក្ដៅ បំផុត។
អំពើល្អបង្កើតឲ្យយើងនូវមិត្តភាព
ហើយមិត្តភាពបង្កើតឲ្យយើងនូវក្ដីស្រឡាញ់ អំណាចនៃក្ដីស្រឡាញ់គឺពិតជាធំធេងណាស់ ។
យើងអាចនឹងកើតទុក្ខព្រួយ ប្រសិនបើយើងបានដឹងថា មិត្តភក្តិ
ឬសាច់ញាតិរបស់យើងមានបញ្ហាមិនល្អ ប៉ុន្ដែយើងនឹងសប្បាយចិត្ដ
ប្រសិនបើពួកគេកំពុងរីករាយ ទោះបីពេលខ្លះយើងគ្មានចំណែកសម្រាប់ភាពល្អរបស់គេក៏ដោយ(សប្បាយចិត្ដជំនួសគេ)
នេះគឺអំណាចនៃក្ដីស្រឡាញ់ វាពុំមែនជារបស់ដែលគេអាចលក់នៅតាមផ្សារទេ
តែវាគឺជាអារម្មណ៍ដែលកើតចេញពីការស្រឡាញ់ ។
យើងគួរថែរក្សាមិត្តភាពដោយក្ដីស្រឡាញ់
យើងនឹងទទួលបានភាពជិតស្និទ្ធកក់ក្ដៅ ផ្ដល់ភាពល្អឲ្យគ្នាទៅវិញទៅមក
ទើបសន្ដិភាពអាចបានយូរអង្វែង ។ ត្រូវចាំថា មិត្តភាពមិនមែនជាទំនិញឡើយ
បើយើងធ្វើឲ្យវាខូច គឺមិនងាយជួសជុលវិញបានទេ៕
Cr. ប្រាជ្ញាជីវិត
No comments:
Post a Comment