នេះជាពាក្យសំដីរបស់ឪពុកម្នាក់
ដែលបានទូន្មានកូនប្រុសមុនថ្ងៃដែលកូនប្រុសរបស់គាត់រៀបការ។ ខ្ញុំចង់ឲ្យកូនប្រុសទាំងអស់គ្នាបានអានសម្រង់ពាក្យពេចន៍សំដីទាំងនេះ។
លោកឪពុកម្នាក់នោះបាននិយាយថា...
កាលពីប្រពន្ធរបស់កូននៅក្មេង
គេនៅផ្ទះឪពុកម្ដាយរបស់គេៗបានចិញ្ចឹមបីបាច់ថែរក្សាដោយខ្លួនគេ អង្ករផ្ទះយើងមួយគ្រាប់
ទឹកផ្ទះយើងមួយកែវ យើងមិនដែលឲ្យគេឡើយ តែដោយសារតែពាក្យថា “ស្រឡាញ់” គេសុខចិត្តចេញពីទ្រនំដ៏សែនកក់ក្ដៅ
ដែលគ្រួសារគេបានផ្ដល់ឲ្យ ហើយមកប្រើប្រាស់ពេលវេលាពាក់កណ្ដាលជីវិត ដែលគេមាន
មករួមរស់ជាមួយនឹងកូន មកធ្វើជាប្រពន្ធរបស់កូន មកធ្វើជាកូនប្រសាររបស់ពុក និងម៉ែឯង នាងបានយកឪពុកម្ដាយរបស់កូនធ្វើជាឪពុកម្ដាយរបស់ខ្លួនឯង
យកបងប្អូនរបស់កូនមកធ្វើជាបងប្អូនរបស់ខ្លួនឯង....។ កូននិយាយទៅមើល បើកូនធ្វើមិនល្អដាក់គេ តើវាគួរឲ្យខ្មាសអៀនឪពុកម្ដាយរបស់គេដែរឬ?
នៅពេលដែលកូនឃើញម្ហូបឆ្ងាញ់
កូននឹងហូបទាល់តែហល់ តឹងពោះ ហល់ហើយរសេះរសោះពិបាកនៅក្នុងខ្លួនមែនទេ? ហើយចុះបើប្រពន្ធរបស់កូនត្រូវពរពោះប្រហែលជិតប្រមាណ១០ខែ
ប្រសិនបើគេមិនពេញចិត្តដែលត្រូវធ្វើជាម្ដាយ មាននរណាដែលគេសុខចិត្តយកខ្លួនឲ្យរងទុក្ខវេទនានៅក្នុងខ្លួន
និងដើម្បីកំណើតជីវិតក្មេងតូចម្នាក់ ដែលគេខំបង្កើតមក
ហើយមិនបានប្រើសូម្បីតែនាមត្រកូលគ្រួសារគេផង កូនថាទៅមើល បើកូនធ្វើមិនល្អដាក់គេ វាគួរឲ្យខ្មាសអៀនដែរទេ ដែលគេខំលះបង់ឲ្យគ្រួសារយើងដល់ថ្នាក់នេះ?
មិនថាកើតជាមនុស្សប្រុស
ឬជាមនុស្សស្រីទេ ម្នាក់ៗសុទ្ធតែមានអារម្មណ៍ប្រែប្រួលមួយឆាវៗដូចគ្នា។
មនុស្សប្រុសមានអារម្មណ៍ប្រែប្រួលមួយឆាវទៅតាមរឿងមួយចំនួន។
ប្រសិនបើគិតថា...រឿងណាដែលមិនត្រឹមត្រូវនោះៗ រឿងនោះនឹងដក់ជាប់និត្យនៅក្នុងចិត្តជានិច្ច។
ចំណែកមនុស្សស្រីវិញ មានអារម្មណ៍ប្រែប្រួលមួយឆាវៗទៅតាមពាក្យសំដី
បើគេស្ដាប់ហើយមិនចូលត្រចៀក នោះគេកាន់តែស្ដាប់កាន់តែអារម្មណ៍មិនល្អ
ទោះជាវាបានកន្លងផុតទៅហើយក៏ដោយ ក៏នៅតែខឹងមិនបាត់ដែរ។
កូនត្រូវចេះកាត់បន្ថយ
និងជម្រុះនូវភាពមានះរឹងរុស សម្ដីគំរោះគំរើយនៅក្នុងខ្លួនកូន ហើយនិយាយនូវអ្វីដែលប្រពន្ធកូនចូលចិត្ដស្ដាប់
ត្រូវចេះយកចិត្តទុកដាក់ ពេលនោះកូននឹងរកសុភមង្គលឲ្យគេបានហើយ។ ពិភពលោកនេះ
មានស្រីស្អាតៗជាច្រើន តែបើរៀបការហើយ កុំរលៀម ខិលខូច លួចលាក់មានស្នៀត
ហើយកុំយកប្រពន្ធរបស់កូន ប្រៀបធៀបនឹងស្រីដទៃ។ ជីវិតរបស់មនុស្សយើង
កើតមកក្នុងមជ្ឈដ្ឋានខុសៗគ្នា ដូចនេះ ការចិញ្ចឹម
បីបាច់ ថែរក្សា និងចំណង់ចំណូលចិត្ដវាមិនដូចគ្នាទេ។ ទោះបីរៀបការហើយក្ដី
ក៏ចំណង់ចំណូលចិត្ត និងអត្តចរិតនៅតែកប់ជាប់នៅក្នុងចិត្តដដែល។ ដូចនេះ
ពេលកូនរៀបការហើយ ចូរកូនកុំអារកាត់សេចក្ដីត្រូវ
ឬខុស ទៅលើភាពផ្ទុយគ្នារបស់គេដោយយកចំណង់ចំណូលចិត្ត និងអត្តចរិតរបស់កូនជាមូលដ្ឋានគោលឡើយ។
ឪពុកសង្ឃឹមថា...
កូននឹងព្យាយាមផ្លាស់ប្ដូរខ្លួនកូនជាមុនសិន មុននឹងកូនផ្លាស់ប្ដូរគេ។
សង្គមយើងបច្ចុប្បន្ន មិនថាស្រី ឬក៏ប្រុសទេសុទ្ធតែមានការងារធ្វើដូចគ្នា ហត់នឿយដូចគ្នា
ចូរកូនកុំមើលរំលងការងារក្នុងផ្ទះ ត្រូវចេះជួយធ្វើគ្នា
កុំបណ្ដោយឲ្យនាងធ្វើការតែម្នាក់ឯង។ សាកគិតទៅមើល! ប្រសិនបើថ្ងៃណាមួយ
មានមនុស្សប្រុសម្នាក់ មកស្រឡាញ់ប្រពន្ធកូនជាងខ្លួនកូន តើកូនអាចទប់ទល់នឹងបញ្ហាដែលកើតឡើងហ្នឹង
តាមក្រោយបានដែរទេ? ការរៀបការ
គឺជារឿងដែលសំខាន់បំផុតនៅក្នុងជីវិត គឺជាពេលដែលត្រូវចាប់ដៃគ្នា
មករួមរស់ជាមួយគ្នា ក្រោមដំបូលផ្ទះតែមួយ កសាងគ្រួសារថ្មីជាមួយគ្នា
ការយល់ចិត្តថ្លើមគ្នាគឺជារឿងសំខាន់បំផុត។
មានមនុស្សជាច្រើន
ដែលបានលែងលះគ្នាដោយសារការមិនយល់ពីគ្នាទៅវិញទៅមក ដោយសារតែមានអ្នកទីបី
និងមូលហេតុផ្សេងៗជាច្រើនទៀត តែកូនត្រូវតែចាំថា...ការរៀបការមិនមែនជារឿងមួយដែលធ្វើឡើងដើម្បីធានាបាននូវភាពឋិតថេរនៃស្នេហារបស់កូនឲ្យគង់រហូតនោះទេ
មានតែការចេះស្រឡាញ់ស្មើចុងស្មើដើម ការមិនធ្វើឲ្យម្នាក់ៗមានអារម្មណ៍ថា ក្ដីស្រឡាញ់ដែលធ្លាប់បានទទួលមិនថយចុះ
ការយោគយល់ចិត្តគ្នាទៅវិញទៅមកគឺជាកាតព្វកិច្ចដែលកូនទាំងពីរត្រូវតែបំពេញ ដើម្បីសុភមង្គលគ្រួសាររបស់កូនឲ្យឋិតថេរជានិរន្ដរ៍៕
សូមកុំភ្លេចចែករំលែកក្រោយពេលអ្នកអានចប់...
ប្រភពវីដេអូ៖
Uy Rithy -
page2
No comments:
Post a Comment