ខណៈពេលដែលយើងនិយាយប្រាប់ខ្លួនឯងថា
សម្លៀកបំពាក់យើងមិនស្អាត មានមនុស្សជាច្រើនណាស់កំពុងស្លៀកសម្លៀកបំពាក់អន់ជាងយើង ហើយពេលខ្លះអាក្រក់មើលជាងយើងទៅទៀត។
ខណៈពេលដែលយើងមានវែនតាថ្លៃមើលឃើញច្បាស់ពាក់នៅលើភ្នែក រួចយើងនិយាយថាភ្នែកមិនល្អពិបាកមើល
ឬវែនតាថោកមិនស៊ីវិល័យ មានមនុស្សជាច្រើនណាស់កំពុងពិការភ្នែកដែលពួកគេគ្មានសំណាងសូម្បីតែបានពាក់វែនតាដូចយើង។
ខណៈពេលដែលយើងកំពុងនិយាយថាខ្លួនឯងកម្សត់ជិះកង់កញ្ចាស់ យើងត្រូវក្រឡេកមើលស្បែកជើងរបស់អ្នកដទៃជាមុនសិន
ចាំវិនិច្ឆយខ្លួនឯងជាខាងក្រោយ យើងមានកង់ជិះប្រសើរជាជាងយើងដើរថ្មើរជើងដែរ។
កុំគិតថាយើងនៅក្រោមកម្ដៅថ្ងៃយើងក្ដៅជាងគេ
មានមនុស្សជាច្រើនណាស់កំពុងនៅហាលថ្ងៃក្ដៅ ពេលខ្លះគេក្ដៅជាងយើងទៅទៀត ប៉ុន្ដែគេចេះទ្រាំ។
កុំគិតថាយើងនៅក្រោមភ្លៀងខ្យល់ព្យុះយើងកម្សត់ជាងគេ មានមនុស្សខ្លះគ្មានផ្ទះសំបែងផង
ហើយគេអាចរងាជាងយើងទៅទៀត ប៉ុន្ដែគេចេះទ្រាំ ។ "មនុស្សយើង
បើគ្រាន់តែលំបាកតិចតួចស្រែកថាលំបាកខ្លាំង យើងគ្មានថ្ងៃឆ្លងផុតការលំបាកទេ "។
ការលំបាកមិនបានចូលមក ដើម្បីបំផ្លាញសេចក្ដីសុខយើងឡើយ ប៉ុន្ដែវាចូលមកដើម្បីបង្រៀនយើងពីចំណុចខ្លះៗនៃរបត់ជីវិតតែប៉ុណ្ណោះ។
ការមុតបន្លា ធ្វើឲ្យយើងស្គាល់បន្លា ហើយចេះប្រុងប្រយ័ត្ន។
ការបរាជ័យធ្វើឲ្យយើងស្គាល់មេរៀនថ្មី ហើយធ្វើវាម្ដងទៀតអមជាមួយមេរៀនថ្មីៗ។
អ្វីៗដែលនៅចំពោះមុខយើង វាកំពុងបង្រៀនយើងពីរបត់ជីវិត គ្រាន់តែពេលខ្លះយើងត្រូវឈ្វេងយល់ដោយខ្លួនឯង
ទើបដឹងថាវាយ៉ាងណាម៉េច ដូចពុទ្ធដីកាថា “គ្មានអ្នកណាស្គាល់ច្បាស់ជាងខ្លួនយើង
ខ្លួនឯងនោះទេ ”៕
No comments:
Post a Comment