អ្វីដែលយើងគួរចាំទុកនោះគឺគ្រប់គ្នាកើតមក
មិនមាននរណាពេញលក្ខណៈ មិនមាននរណាល្អបំផុត មិនមាននរណាពូកែបំផុតនោះទេ
ហើយក៏មិនមាននរណាដែលមានជីវិតយ៉ាប់យ៉ឺនរហូតនោះដែរ។ គ្រប់យ៉ាងគឺផ្លាស់ប្ដូរ ហើយមានតែការផ្លាស់ប្ដូរប៉ុណ្ណោះដែលមិនផ្លាស់ប្ដូរ។
គ្រប់គ្នាសុទ្ធតែមានទាំងចំណុចល្អ ចំណុចអាក្រក់ ខ្វះខាត ប្លែកៗពីគ្នា
តែការដែលធ្វើខ្លួនយើងឲ្យពេញលេញកាន់តែខ្លាំងឡើងបាន ជាដំបូងគឺត្រូវរកឲ្យឃើញចំណុចខ្វះខាតខ្លួនឯងដើម្បីមកផ្លាស់ប្ដូរជាមុនសិន។
នៅពេលដែលដឹងច្បាស់ហើយ គឺត្រូវចំណុចខ្លាំងមកអភិវឌ្ឍឲ្យកាន់តែប្រសើរ
ឯចំណុចខ្សោយត្រូវកែប្រែ ប្ដូរវិធីគិត វិធីធ្វើសារថ្មី។ ការផ្លាស់ប្ដូរថ្មី
នឹងធ្វើឲ្យយើងឃើញនូវសកម្មភាពថ្មី វិធីសាស្ត្រថ្មី ដើម្បីរៀបចំដំណើរជីវិតថ្មី
លើវិថីជោគជ័យថ្មី។ ទស្សនៈមួយលើកឡើងថា បើអ្នកចង់ផ្លាស់ប្ដូរពិភពលោក
ជាដំបូងអ្នកត្រូវតែផ្លាស់ប្ដូរ<ជំនឿចិត្ត>អ្នកជាមុនសិន។
អ្នកដែលមិនធ្លាប់ខុសគឺជាមនុស្សដែលមិនធ្លាប់ធ្វើអ្វីសោះ។
ជីវិតយើងមានសារៈសំខាន់ខ្លាំងណាស់ចំពោះការគិត
មានន័យថាគ្រប់ការគិតទាំងអស់តែងតែផ្ដោតលើជីវិត។ ការគិតដែលល្អគឺការគិតវិជ្ជមាន
គិតក្នុងគំនិតដ៏ត្រឹមត្រូវ គិតរកច្រកដំណោះស្រាយ គិតរកផ្លូវឈ្នះបញ្ហា។
យើងអាចសួរសំណួរមួយថា បើជ្រុលជាគិតហើយ ហេតុអ្វីមិនគិតក្នុងផ្លូវដែលនាំឲ្យខ្លួនឯងមានក្ដីសុខ? មានទស្សនៈមួយលើកឡើងថា
ជីវិតគឺជាអ្វីដែលអ្នកគិត។ បើអ្នកគិតវិជ្ជមាន អ្នកនឹងទទួលបានផលវិជ្ជមាន
បើអ្នកគិតរឿងមិនល្អ អ្នកនឹងទទួលបានផលមិនល្អដូចគ្នា។ វាគឺជាមេដែកដែលស្រូបទាញ និង
អាចនិយាយថាជា ច្បាប់ស្រូបទាញផងដែរ។ សូមចាំថា ការគិតរបស់យើង វាមានឥទ្ធិពលលើជីវិតយើងខ្លាំងណាស់។
ការគិតប្រកបដោយភាពច្បាស់លាស់មួយ
នឹងនាំមកនូវការផ្លាស់ប្ដូរយ៉ាងសម្បើម។ គិតឲ្យធំតែសូមចាប់ផ្ដើមពីតូចទៅ
និងចាប់ផ្ដើមលើផ្លូវដែលត្រូវបោះជំហានមុនគេ។ ចាប់ផ្ដើមគិតអ្វីដែលអាច ដែលងាយៗ
ដែលខ្លឹមៗ ដើម្បី<ដើរទន្ទឹម>នឹងសកម្មភាពវិជ្ជមាន ឲ្យ <ស្រប>នឹងឥរិយាបថវិជ្ជមានដែលត្រូវបានបង្កើតនៅក្នុងខួរក្បាល។
មិនថានៅក្នុងស្ថានការណ៍បែបណាទេ
ចូរស្វែងរកអ្វីដែលល្អៗ ថ្មីៗ ហើយកុំស្វែងរករឿងអាក្រក់ ឈប់ផ្ដោតលើបញ្ហា។ មនុស្សដែលជោគជ័យតែងតែស្វែករករឿងល្អនៅក្នុងគ្រប់បញ្ហា
តែមនុស្សបរាជ័យតែងតែស្វែងបញ្ហានៅក្នុងគ្រប់រឿងល្អ។ ចងចាំថា នៅក្នុងសំណាងអាចមានគ្រោះ
ក្នុងគ្រោះក៏អាចមានសំណាង គ្រោះនិងសំណាងមានស្មើគ្នា
តែអ្វីដែលសំខាន់តើអ្នកស្វែងរកមួយណា? បើមានរឿងអាក្រក់សូមកុំបារម្ភព្រោះវាគង់តែប្រែប្រួលទេ
ហើយបើមានរឿងល្អក៏សូមកុំបារម្ភ ព្រោះវាគង់តែប្រែប្រួលដូចគ្នា។ ពេលវេលាជាអ្នកសម្រួលឲ្យទឹកថ្លាបាន។
មនុស្សយើងច្រើនតែប្រកាន់ខ្ជាប់នឹងគំនិតដដែលៗដែលវាបានលងបន្លាចយើងរហូតមក។
សូមផ្លាស់ប្ដូរវាចេញហើយគិតប្លែកពីគំនិតដើមណាដែលមិនល្អ។ មិនល្អមានន័យថាមិនបានធ្វើឲ្យយើងរីកចម្រើនទៅមុខទេ។
បរាជ័យធំបំផុតគឺមិនបានគិត ហើយមិនហានធ្វើ ថែមទាំងទន្ទេញថា បរាជ័យ មិនផ្លាស់ប្ដូរ។
អ្នកដែលជោគជ័យគឺជាអ្នកដែលធ្លាប់បរាជ័យស្ទើរតែរាប់មិនអស់។ ទស្សនៈមួយនិយាយថា ខ្ញុំសុខចិត្តធ្វើជា
វីរៈបុរសបរាជ័យ ដែលយ៉ាងហោចណាស់ក៏ខ្ញុំបានសាកល្បងផ្លាស់ប្ដូរដែរ។
សូមគិតឲ្យល្អក្នុងបច្ចុប្បន្ន
ហើយបំភ្លេចអតីតកាលដែលមិនល្អចោល។ អតីតកាលគឺជាបាយផ្អូម
បច្ចុប្បន្នគឺបាយដាំឆ្អិនថ្មី ឯអនាគតគឺអង្ករពុំទាន់ក្លាយជាបាយនៅឡើយទេ។
សូមកុំគិតហួងហែងដោយរស់នៅក្នុងអតីតកាលខ្លាំងពេក ផ្លាស់ប្ដូរវាចេញទៅ។
បើអ្នកមិនផ្លាស់ប្ដូរ គឺមានន័យថា អ្នកប្រឆាំងនឹងសច្ចៈភាពនៃធម្មជាតិ
ព្រោះក្នុងធម្មជាតិគឺផ្លាស់ប្ដូរជានិច្ច។
No comments:
Post a Comment