អ្នកខ្លះចង់ក្លាយជាមិត្តរបស់យើងនៅលើបណ្ដាញសង្គម
ប៉ុន្តែវាមិនមានន័យថាគេពិតជាចង់ក្លាយជាមិត្តពិតប្រាកដរបស់យើងនៅក្នុងជីវិតពិតឡើយ។
នៅលើបណ្ដាញសង្គមវាងាយស្រួលទេ ព្រោះគេបានបង្កើតជម្រើសច្រើនសម្រាប់យើង។
នៅពេលនរណាម្នាក់ស្នើសុំ ប្រសិនបើយើងមិនពេញចិត្តទេ យើងមិនទទួលក៏បាន
ហើយបើទទួលហើយថ្ងៃក្រោយយើងក៏អាចលុបចោលវិញបាន។
ប៉ុន្តែក្នុងជីវិតពិតវាគ្មានជម្រើសងាយៗបែបនេះសម្រាប់ឲ្យយើងជ្រើសរើសទេ។
រាល់ពេលបើកហ្វេសប៊ុក ហើយអូសចុះឡើង
តើភាគច្រើនយើងបានឃើញអ្វីនៅលើ New Feed របស់យើង? អ្វីដែលយើងបានឃើញវាជាអ្វីដែលយើងខ្លួនឯងជាអ្នកជ្រើសរើស។
បើភាគច្រើនយើងឃើញព័ត៌មានបំពុលសង្គម នោះមានន័យថាយើងខ្លួនឯងជាអ្នកចូលចិត្ត
និងជ្រើសរើសតាំងពីដំបូង។ នៅក្នុងជីវិតពិតក៏មិនខុសពីគ្នានេះប៉ុន្មានដែរ។
តើភាគច្រើនស្ថានភាពជីវិតរបស់យើងវិជ្ជមាន ឬក៏អវិជ្ជមាន? ទាំងនេះវាក៏មកពីការជ្រើសរើសរបស់យើង។
មនុស្សដែលយើងរាប់អានសេពគប់ គំនិតដែលយើងគិត សកម្មភាពដែលយើងធ្វើ
វាមានការទាក់ទងគ្នាជានិច្ច។ បើយើងជាមនុស្សដែលចូលចិត្តមានគំនិតអវិជ្ជមានច្រើន
មនុស្សភាគច្រើននៅជុំវិញយើងគឺដូចគ្នា ប៉ុន្តែបើភាគច្រើនពួកគេផ្ទុយពីយើង
(មានគំនិតវិជ្ជមាន)
នោះមិនយូរឡើយគេក៏នឹងទាញយើងឲ្យទៅគិតនៅក្នុងផ្លូវវិជ្ជមានបានដូចគេ។
មនុស្សម្នាក់តែងមានឥទ្ធិពលទៅលើមនុស្សម្នាក់ផ្សេងទៀតបើមិនតិចក៏ច្រើន
ហើយឥទ្ធិពលវិជ្ជមាន ឬអវិជ្ជមានវាក៏ឱ្យផលទៅតាមនោះដែរ។
បើយើងចូលចិត្តចែករំលែកចំណេះដឹងល្អៗ
មនុស្សភាគច្រើនដែលនៅជុំវិញខ្លួនយើងគឺជាមនុស្សដែលចង់ចេះចង់ដឹង ចង់ទទួលយកចំណេះដឹង
ហើយក៏ចង់ចែករំលែកដូចដែលយើងបានធ្វើ។ បើយើងចូលចិត្តរិះគន់
មនុស្សភាគច្រើននៅជុំវិញយើងចូលចិត្តរិះគន់។ ត្រឡប់មកវិញ
នៅពេលមានអ្វីមួយខុសឆ្គងកើតឡើង អ្នកដែលយើងត្រូវងាកមកមើលមុនគេបង្អស់គឺយើងខ្លួនឯង។
សូមងាកមកពិនិត្យលើចិត្តរបស់យើង លើពាក្យសម្ដីរបស់យើង លើទង្វើរបស់យើង
ហើយចុងក្រោយគឺលទ្ធផលវិជ្ជមាន ឬអវិជ្ជមានដែលមានចំណែករបស់យើងក្នុងនោះ៕
Cr. កូន ចាបមាស
No comments:
Post a Comment