Friday, December 7, 2018

ឥទ្ធិពលក្នុងភាពជាអ្នកដឹកនាំ



បណ្ឌិត ចន ស៊ី ម៉ាក្សវ៉ែល (John C. Maxwell) ពោលថា “ភាពជាអ្នកដឹកនាំគឺជាឥទ្ធិពល ដ្បិតឋានៈតួនាទីពុំមានតម្លៃគ្រប់គ្រាន់ក្នុងការដឹកនាំមនុស្សឡើយ”។

ឥទ្ធិពលគឺជាធាតុសំខាន់មួយក្នុងភាពជាអ្នកដឹកនាំ។ មនុស្សដែលមានឥទ្ធិពល អាចដឹកនាំមនុស្សដទៃបានដោយពុំចាំបាច់មានឋានៈតួនាទីតាមបែបអាជ្ញាឡើយ។ ឥទ្ធិពលនេះ វាអាចកើតឡើងទៅបាន លុះត្រាណាតែមនុស្សចេះសន្សំអំណាចក្នុងខ្លួនជាមុនសិន។ តើមេដឹកនាំអាចកសាងអំណាចក្នុងខ្លួនបានដោយរបៀបណា?

មនុស្សដែលមានឥទ្ធិពលខ្លាំងបំផុត គឺជាបុគ្គលដែលពូកែបត់បែនតាមកាលៈទេសៈជាក់ស្តែងបំផុត។ ចេះបត់បែនកាន់តែខ្លាំង គឺមានន័យថាឥទ្ធិពលកាន់តែខ្លាំង ហើយឥទ្ធិពលកាន់តែខ្លាំង គឺមានន័យថាភាពជាអ្នកដឹកនាំកាន់តែខ្ពស់។ មនុស្សម្នាក់ៗ តែងមានចរិត ឥរិយាបថ ការយល់ឃើញ និងគំនិតខុសៗគ្នា។ ការបត់បែនក្នុងន័យនេះ គឺមានន័យថា “ជួបមនុស្ស ១០នាក់ អាចសម្របខ្លួនបត់បែនបានជាមួយមនុស្សទាំង ១០នាក់”។ ប៉ុន្តែចំពោះមនុស្សដែលខ្សោយលើវិជ្ជាបត់បែននេះ គឺមានន័យថា “ទម្រើសក្នុងការទំនាក់ទំនងជាមួយមនុស្ស (រើសមនុស្សដែលមានលក្ខណៈសម្បត្តិស្រដៀង/ដូចខ្លួន)”។

ក្នុងបរិបទខ្មែរ អ្នកខ្លះបានឱ្យនិយមន័យនៃពាក្យ “បត់បែន” ថាជាភាពឆ្លាត។ អ្នកខ្លះទៀតបានឱ្យនិយមន័យ “មនុស្សឆ្លាត” ថាជាអ្នកពូកែក្រឡិចក្រឡុច ឬអ្នកខ្លះផ្សេងទៀតយល់ថា “ឆ្លាត” គឺមានន័យថាបត់បែនទាន់កាលៈទេសៈ ឬចេះក្រឡិចក្រឡុច ឬចេះបោកប្រាសក៏ថាបាន (តាមគំនិតមិនទាន់ ជាន់កែងមិនត្រូវ)”។ ប៉ុន្តែមែនទែនទៅ ពាក្យថា “បត់បែនក្នុងភាពជាអ្នកដឹកនាំ” គឺសំដៅទៅលើការបត់បែនដែលត្រឹមត្រូវ មិនខុសច្បាប់ មិនក្បត់សីលធម៌ គិតប្រយោជន៍ធំជារួម និងឈរលើគោលការណ៍ឈ្នះ-ឈ្នះគ្រប់ភាគីជាចម្បង។ មេដឹកនាំអាក្រក់ ដឹងផលនៃទង្វើអាក្រក់ តែនៅតែជ្រើសរើសប្រព្រឹត្តអាក្រក់ តែមេដឹកនាំល្អ ចេះបត់បែនក្នុងផ្លូវត្រូវ។ អ្នកណាដែលចង់ក្លាយទៅជាមេដឹកនាំពិតប្រាកដ ត្រូវចេះសន្សំភាពត្រឹមត្រូវ សន្សំគុណធម៌ក្នុងខ្លួន និងសន្សំសមត្ថភាព ហើយមុននិងក្រោយ មនុស្សទាំងឡាយនឹងដើរតម្រង់មករក៕

“Leadership is influence, titles don't have much value when it comes to leading.” – John C. Maxwell

___
Google picture



No comments:

Post a Comment