អារម្មណ៍ក្នុងចិត្តតែងប្រែប្រួលមិនទៀងពីមួយខណៈទៅមួយខណៈ។
យើងតែងនាំគ្នានិយាយថា “មនុស្ស១០
ចិត្ត១០” តែខ្ញុំយល់ថា
“ពេលខ្លះ
មនុស្ស១០ ចិត្ត១០០”។ មិនថាមនុស្សបែបណាទេ
ឱ្យតែគ្មានគោលការណ៍ គឺហៅថាមនុស្សប្រើអារម្មណ៍។
សុខក៏ដោយសារតែចិត្ត
ទុក្ខក៏ដោយសារតែចិត្ត តែមនុស្សខ្លាំងពិតប្រាកដ គិតគោលការណ៍ជាធំ។
ព្រះពុទ្ធសម្តែងថា “ចិត្តជាប្រធាន”។ ចង់ឈ្នះមនុស្សម្នាក់
ត្រូវសម្លាប់ចិត្ត។ ចង់លេបយកសង្គមមួយ ត្រូវធ្វើឱ្យចិត្តមនុស្សក្នុងសង្គមវក់វី
វង្វេង ភ្លេចខ្លួន សប្បាយដាច់បង្ហៀរ ទុក្ខផ្តាច់សង្ខារ។
មិនថាក្នុងរឿងនយោបាយឬរឿងបុគ្គលទេ
ជោគជ័យពិតប្រាកដ គឺមើលគោលដៅជាធំ
តែពុំមែនចាប់អារម្មណ៍រឿងឥតបានការណ៍តាមផ្លូវទៅរកគោលដៅនោះទេ។
នាយករដ្ឋមន្ត្រីអង់គ្លេស វីនស្តុន ឆើឈីល (Winston Churchill) បានពោលថា “យើងនឹងពុំអាចទៅដល់គោលដៅបានឡើយ
បើសិនជាយើងរវល់តែចំណាយពេលយកដុំថ្មគប់សត្វឆ្កែដែលព្រុសយើង”។
ក្នុងលក្ខខណ្ឌយុទ្ធសាស្រ្ត
បើខ្ញុំដឹងថាសត្រូវរបស់ខ្ញុំជាមនុស្សប្រើអារម្មណ៍ ខ្ញុំនឹងបង្កើតឆ្កែ ១០០០ក្បាល
ដើម្បីរំខានសត្រូវរបស់ខ្ញុំឱ្យវក់វីនឹងរឿងនេះ។
ចុងក្រោយខ្ញុំនឹងធ្វើឱ្យសត្រូវរបស់ខ្ញុំបរាជ័យឥតដល់គោលដៅដោយសារតែអារម្មណ៍។ មហាត្មៈ
គន្ធី លើកឡើងពី “នយោបាយដោយគ្មានគោលការណ៍
(Politics
Without Principle)”។
ខ្ញុំសង្កេតឃើញអ្នកនយោបាយខ្មែរខ្លះ ដូចជាខ្វះយុទ្ធសាស្រ្តស្រូបមនុស្ស
ខ្វះភាពជាអ្នកដឹកនាំ និងខ្វះគោលការណ៍។ បើត្រឹមតែត្រូវគេជេរពីរបីម៉ាត់ ក៏ដកដាវដែរ
នោះមិនចាត់ទុកថាអ្នកក្លាហានទេ។
យុវជនខ្មែរគួរតែរៀនគ្រប់គ្រងអារម្មណ៍នេះ
ដោយកុំរំជើបរំជួលតាមព្រឹត្តិការណ៍ដែលគេបង្កើតឡើង
តែត្រូវផ្តោតសំខាន់ទៅការងារដែលចាំបាច់។ ការងារចំបាច់សម្រាប់អ្នកខ្សោយ
គឺប្រឹងរៀន។ ការងារចាំបាច់សម្រាប់អ្នកចេះ គឺផ្សព្វផ្សាយចំណេះដឹងពិត៕
“You will never reach your destination if you
stop and throw stones at every dog that barks.” – Winston Churchill
___
Cr. ប្រតិទិនទស្សនៈ ២២២ថ្ងៃ
No comments:
Post a Comment