ទ្រឹស្តីដើមអាចនឹងល្អ
ក៏ប៉ុន្តែរបៀបអនុវត្តអាចមិនល្អដូចទ្រឹស្តីឡើយ ។
អ្នកប្រាជ្ញបារាំងម្នាក់កាលពីសតវត្សទី 18 ឆាល ដឺ ម៉ុងតិសគីយើ (Charle
de Montesquieu/1689-1755) ជាប្រវត្តិវិទូ និង
ជាអ្នកនិពន្ធប្រលោមលោក ដែលត្រូវបានគេទទួលស្គាល់ថាជាស្ថាបនិកម្នាក់ផ្នែកសង្គមវិទ្យា
និង ជាបិតាទស្សនវិជ្ជានយោបាយ បាននិពន្ធស្នាដៃដ៏ល្បីល្បាញមួយគឺ The Spirit
of Law ។ លោកបានផ្តួចផ្តើមគំនិតដ៏ល្បីល្បាញមួយ
គឺការបែងចែកអំណាចរដ្ឋជាបី មាននីតិប្រតិបត្តិ នីតិបញ្ញត្តិ និង
តុលាការឱ្យដាច់ស្រឡះពីគ្នា ដែលក្រោយមកមានអង់គ្លេស និង អាមេរិកបានយកទៅអនុវត្តដំបូងៗគេ
។
បច្ចុប្បន្ននេះ
សង្គមដែលអាចទទួលស្គាល់ថាជាសង្គមទំនើបបាន លុះត្រាតែមានការបែងចែកអំណាចជាបី
ស្របតាមទ្រឹស្តីរបស់ ម៉ុងតិសគីយើ ។ តាមរយៈទ្រឹស្តីនេះ
ពិភពលោកចាប់ផ្តើមស្គាល់នូវការរីកចម្រើន ហើយបានធ្វើឱ្យសង្គមជាច្រើនមានរបៀបរៀបរយ និង
មានសណ្តាប់ធ្នាប់ ។
ទោះបីទ្រឹស្តីនេះត្រូវបានគេយកទៅអនុវត្តយ៉ាងសុះសាយពេញពិភពលោក
តែលទ្ធផល ដែលទទួលបានគឺមិនដូចគ្នានោះទេ ពោលគឺ ប្រទេសខ្លះបានប្រគល់អំណាចទាំង៣នេះ
ទៅឱ្យមនុស្សតែម្នាក់ជាអ្នកកាន់កាប់ ឬថាមិនបានប្រគល់ទេ
តែសុខចិត្តនៅក្រោមឥទ្ធិពលរបស់បុគ្គលនោះតែម្តង។
អ្នកនយោបាយមិនអាចបំពេញតួនាទីរបស់ខ្លួនឱ្យបានល្អ
គឺព្រោះតែខ្លាចបាត់បង់ប្រជាប្រិយភាព ។ ព្រោះតែគិតពីប្រជាប្រិយភាពនេះឯង
ទើបពួកគេមិនអាចបំពេញការងារឱ្យបានពេញដៃ ពេញជើងសម្រាប់សង្គម
ហើយយូរៗទៅក៏កាន់តែឃ្លាតឆ្ងាយពីទ្រឹស្តីដើម ។
ទ្រឹស្តីខ្លះមិនជាល្អណាស់ណាទេ តែដោយហេតុថាអ្នកអនុវត្តជាជនមានឧត្តមគតិ
និង គុណធម៌ ក៏គង់ធ្វើឱ្យមានលទ្ធផលល្អដល់សង្គមបាន ។ មែនទែនទៅ ទ្រឹស្តីល្អ និង
អាក្រក់សុទ្ធតែអាស្រ័យលើអ្នកប្រើប្រាស់ទាំងអស់
ពោលបើយកទៅប្រើក្នុងផ្លូវអាក្រក់វានឹងអាក្រក់
ហើយបើប្រើក្នុងផ្លូវល្អវានឹងផ្តល់ប្រយោជន៍ជាច្រើនដល់សង្គមជាតិ ។
____
No comments:
Post a Comment