បរមគ្រូ ខុង ជឺ ពោលថា “សុភាពរាបសា
គឺជាគ្រឹះដ៏រឹងមាំនៃគុណធម៌ទាំងអស់”។ មនុស្សអស្ចារ្យ
តែងតែចេះដាក់ខ្លួន តែមនុស្សដែលប្រឹងលើកខ្លួនឡើង
គឺប្រហែលជាដោយសារតែខ្លួនគ្មានភាពអស្ចារ្យក្នុងខ្លួនពិតប្រាកដ។
ចាស់បុរាណប្រដៅថា “កុំជិះចង្អេរ
លើកខ្លួនឯង”។
មនុស្សដែលសុភាពរាបសា គឺជាបុគ្គលដែលចេះដាក់ខ្លួន ឱនអង្គ បន្ទន់ប្រាណទៅរកធម៌សុចរិត
និងចេះឱនកាយគោរពអ្នកដទៃក្នុងនាមជាមនុស្សដូចគ្នា។ មនុស្សឆ្លាត
ត្រូវចេះទម្លាក់អំនួតចោល ហើយនៅតែរក្សានូវភាពសុចរិតទៀងត្រង់ក្នុងខ្លួនជានិច្ច។
បុរាណខ្មែរពោលថា “ងើយស្កក
ឱនដាក់គ្រាប់”។ ប៉ុន្តែ
បើទោះបីជាយ៉ាងណាក៏ដោយ បើចង់ងើយ យើងអាចងើយខ្លះបាន តែកុំងើយខ្ពស់ពេក។ បើចង់ឱន
យើងអាចឱនបានខ្លះ តែកុំឱនទាបពេក។
បើឱនទាបពេក មនុស្សធម្មតានឹងគិតថាយើងអន់ពេក
តែបើងើយខ្ពស់ពេក មនុស្សអស្ចារ្យនឹងគិតថាយើងអំនួតពេក។ ការចេះបន្ទន់ឥរិយាបថ
គឺជាចិត្តគំនិតរបស់មនុស្សដែលគ្មានអំនួត។ មនុស្សល្ងង់ដែលដឹងថាខ្លួនល្ងង់
តែងឆ្លាតជាងមនុស្សល្ងង់ដែលមិនដឹងថាខ្លួនឯងល្ងង់។ ក្នុងជីវិតនេះ
យើងពុំគួរយល់ថាខ្លួនឯងខ្ពង់ខ្ពស់ជាងអ្នកដទៃ ឬក៏យល់ថាខ្លួនឯងអន់ជាងអ្នកដទៃនោះដែរ
ដ្បិតបើធ្វើបែបនេះ វាប្រៀបដូចជាបែងចែកវណ្ណៈសង្គមពេក។ ប៉ុន្តែអ្វីដែលយើងត្រូវរក្សាទុកក្នុងចិត្តគំនិត
គឺស្មារតីនៃចិត្តសុភាពរាបសា និងភាពមិនឆ្មើងឆ្មៃចំពោះមនុស្សគ្រប់រូប។
កាលខ្ញុំនៅសិក្សាព្រះគម្ពីរ
ខ្ញុំចាំបានខគម្ពីរមួយដែលតែងតែរលឹកខ្ញុំគ្រប់ពេលវេលាថា “សេចក្តីឆ្មើងឆ្មៃ
វាតែងនាំទៅរកសេចក្តីវិនាសហិនហោច ហើយចិត្តព្រហើនកោងកាច វាតែងនាំទៅរកការអាប់ឱន”។
ចិត្តសុភាពរាបសា វាតែងធ្វើឱ្យមនុស្សចេះគោរពគ្នាទៅវិញទៅមក
តែបើមនុស្សមិនចេះគោរពឱ្យតម្លៃគ្នាទៅវិញទៅមកទេ មនុស្សក៏ពុំខុសពីសត្វដែរ។ មនុស្សយើង
បើគ្មានទឹកចិត្តគោរពគ្នាទៅវិញទៅមកទេ តើមានអ្វីខុសពីសត្វ? អ្នកប្រាជ្ញម្នាក់លើកឡើងថា
“អំនួតធ្វើឱ្យទេវតាក្លាយទៅជាបិសាច
ហើយចិត្តរាបទាប វាធ្វើឱ្យមនុស្សក្លាយទៅជាទេវតា”។
ក្នុងសង្គមខ្មែរ ត្រូវការមនុស្សដែលចេះ តែមិនអំនួត៕
“Humility is the solid foundation of all
virtues.”- Confucius
____
Cr. ប្រតិទិនទស្សនៈ ២២២ថ្ងៃ
No comments:
Post a Comment