ខ្ញុំចងចាំពាក្យមួយឃ្លារបស់ សាក់ឡូ ( Charles Spencer Chaplin
)ដែលលោកពោលថា " ជីវិតគឺជាសុខនាថកម្មដែលមើលពីទីជិត
តែជីវិតគឺជាសោកនាថកម្មបើមើលពីទីឆ្ងាយ " តែព្រះពុទ្ធទ្រង់សម្ដែងថា "
ជីវិតដែលមានទុក្ខ គឺជាជីវិតរបស់ជនល្ងង់ខ្លៅ " ល្ងង់ខ្លៅទើបមានទុក្ខ
មានបញ្ញាទើបភ្លឺស្វាង ។
នៅពេលដែលជីវិតរុញយើងទៅមុខកាន់តែឆ្ងាយ
យើងក៏បានឃើញទិដ្ឋភាពប្លែកៗនៃជីវិតកាន់តែច្រើន ។ ឃើញកាន់តែច្រើន
យើងកាន់តែដឹងថាការប្រឹងប្រែងដើម្បីរស់ គឺសំខាន់ប៉ុនណា ។
ដ្បិតជីវិតគឺជាសមុទ្ទនៃសេចក្ដីទុក្ខ
តែការប្រឹងប្រែងដើម្បីរស់គឺជាការរើបម្រះពីទុក្ខលំបាក ។ ទុក្ខលំបាករមែងកើតឡើង
នៅពេលតម្រូវការជីវិតមិនមានតុល្យភាពទៅនឹងតម្រូវការប្រចាំថ្ងៃ ។
តម្រូវការប្រចាំថ្ងៃមិនមានតុល្យភាពទៅនឹងជីវិត ក៏ព្រោះតែការរស់នៅនោះ គឺខ្វះចំណេះដឹង
។ ខ្វះចំណេះដឹង គឺមកពីមិនព្រមរៀនសូត្រ ឬមិនមានឱកាសបានរៀនសូត្រ
ម្លោះហើយទើបទ្រឹស្ដីពុទ្ធនិយមតែងអះអាងថា " ការរស់នៅអស់កាលដ៏ខ្លីជាមួយជីវិតដែលមានបញ្ញា
ប្រសើរជាងអាយុវែងតែរស់ទាំងល្ងង់ខ្លៅ " ។ លោកប្រធានាធិបតីអាមេរិក
អាប្រាហាម លីន ខុន ក៏បានរម្លឹកផងដែរថា " ជីវិតដែលមានតម្លៃ
មិនមែនសម្រេចលើចំនួនថ្ងៃដែលអ្នករស់់នៅទេ តែវាអាស្រ័យចំនួននៃគុណតម្លៃរបស់អ្នក
" ។ រស់នៅបានយូរឬឆាប់ មិនអាចកំណត់បានទេ ក៏មិនអាចដឹងមុនដែរ
ម្លោះហើយដើម្បីឲ្យជីវិតមានគុណតម្លៃ យើងគួរប្រឹងប្រែងសាងសមិទ្ធផលជីវិតឲ្យបានច្រើន ។
ក្នុងលោកនេះមានអាវុធតែមួយគត់ដែលអាចជម្នះឧបសគ្គជីវិតនោះគឺ " បញ្ញា "
ដើម្បីទទួលបានបញ្ញា ត្រូវប្រឹងប្រែងរៀនសូត្រ ព្រោះមានតែចំណេះដឹងទេ
ទើបជាបញ្ញាពិតប្រាកដ ហើយវាក៏ជាថាមពលដ៏មានអនុភាពនៃជីវិតផងដែរ ៕
Cr. Sun Veasna
No comments:
Post a Comment