ពីកុមារធម្មតាម្នាក់ក្លាយទៅជាកំពូលមនុស្សក្នុងប្រវត្តិសាស្ត្រពិភពលោក
ពុំមែនជារឿងងាយស្រួលទេ ប៉ុន្តែអធិរាជ ណាប៉ូលេអុង បូណាប៉ាត (Napoleon Bonaparte) អាចធ្វើទៅបានដោយគ្មាននរណាអាចបដិសេធបានចំពោះសមិទ្ធផលដ៏សម្បើមរបស់គាត់។
កិច្ចការដែលគាត់ធ្វើនីមួយៗសុទ្ធតែទទួលបានមកដោយការចំណាយយ៉ាងគួរឲ្យខ្លាច
និងសឹងតែមិនអាចមានជីវិតមកវិញផងក៏មាន។
ការណ៍នេះ
ក៏ព្រោះតែជំនឿចិត្តយ៉ាងរឹងមាំចម្លែករបស់គាត់តែម្ដង គឺថាគាត់មិនដែលនិយាយពាក្យថា «មិនអាច» (Can't) ឡើយ ដូចពាក្យសម្ដីមួយឃ្លាដែលគាត់បានពោលហើយក្លាយជាភាសិតដ៏ល្បីល្បាញក្នុងសម័យកាលក្រោយមកទៀតយ៉ាងដូច្នេះថា
«មិនអាចទៅរួច
គឺជាពាក្យដែលមានតែនៅក្នុងវចនានុក្រមរបស់មនុស្សល្ងង់តែប៉ុណ្ណោះ។» (Impossible is a word
to be found only in the dictionary of fools.)
បើមនុស្សគ្រប់គ្នាប្រកាន់យកឃ្លាសម្ដីនេះមកប្រតិបត្តិ
នោះលទ្ធផលនៃកិច្ចការដែលជាគោលដៅរបស់យើងច្បាស់ជាស្ថិតនៅក្នុងរង្វង់នៃជ័យជម្នះ។
ចុះឧបមាថាបើសិនជាប្រើឃ្លានេះរួច ត្រូវបរាជ័យវិញ? ហឹស! គ្មានអ្វីគួរឲ្យអាម៉ាស់សោះ
ផ្ទុយទៅវិញ នោះគឺជាបរាជ័យយ៉ាងល្អមើលនិងគួរឲ្យកោតសរសើរបំផុត។
វាប្រសើរជាងមនុស្សដែលមិនដែលធ្លាប់ស្គាល់រសជាតិបរាជ័យទៀតផង។ គ្រាន់តែកុំច្រឡំថា
ការប្ដេជ្ញាតស៊ូជម្នះក្នុងការប្រព្រឹត្តរឿងអាក្រក់ៗក្នុងសង្គម
គឺជាការតាំងចិត្តដ៏ប្រពៃ ឬជាការឈ្លាសវៃក្នុងការលុបពាក្យថា «មិនអាច» ចេញឲ្យសោះ។
តើភ្នំ ឬសមុទ្រ ព្រះអាទិត្យឬផែនដី...
ដែលធំជាងគេក្នុងលោកនោះ?
ខ្ញុំថាមិនមែនដូច្នោះទេដឹង។ «ចិត្តមនុស្ស» ទៅវិញទេដែលធំលើសវត្ថុទាំងអស់នោះនាចក្រវាឡយើងនេះ។
រាងកាយមនុស្សមិនធំលើសដំរីទេ តែទំហំដួងចិត្តវិញធំហួសនឹងបរិយាយបាន។
រាល់ពេលនរណាជឿយ៉ាងមុតមាំថាដៃជើងរបស់គេអាចធ្វើទៅរួច គេកម្រអស់សង្ឃឹមដោយសារតែជំនឿនោះណាស់
សំខាន់ឲ្យតែជាជំនឿនៅក្នុងកិច្ចការដែលត្រឹមត្រូវ។ តែនរណាដែលចូលចិត្តពោលមកកាន់ខ្លួនឯងថា
«ការងារនេះខ្ញុំមិនអាចធ្វើកើតទេ» អ្នកនោះនឹងទទួលបានបរាជ័យជារង្វាន់
ទាំងដែលមិនទាន់បានចាប់ផ្ដើមម្ល៉េះ
ហើយវាក៏ជាភាពអាម៉ាសដែលសាកសមសម្រាប់ឋានៈដូចជារូបគេហើយ។
Cr. Yuong So Da
No comments:
Post a Comment