Sunday, March 3, 2019

តើខ្ញុំរស់នៅលើលោកដើម្បីអ្វី ?



ឃើញអ្នកសរសេរកាន់តែច្រើន ស្របពេលឃើញអ្នកនិយាយកាន់តែច្រើន ហើយក៏ស្របពេលដែលខ្ញុំកាន់តែដឹងថាខ្លួននៅល្ងង់ ល្ងង់ព្រោះសង្គមសំបូរមនុស្សបង្អួតចំណេះ ។ អ្នកខ្លះចេះត្រឹម ក តែនិយាយដល់ ខ ។ អ្នកខ្លះទៀតចេះត្រឹម ក តែអាចអប់រំមនុស្សដែលមិនចេះអ្វីសោះរហូតពួកគេអាចរកឃើញតម្លៃល្អជាងមនុស្សដែលមានចំណេះដឹងកម្រិត ខ ។

សូក្រាតបង្រៀនថា " ស្គាល់ខ្លួនឯង គឺជាមនុស្សឆ្លាតបំផុត " តែខ្ញុំស្គាល់មនុស្សកាន់តែច្រើន ខ្ញុំកាន់តែដឹងថាខ្លួនល្ងង់ ។ កាន់តែដឹថាខ្លួនល្ងង់ ខ្ញុំស្គាល់ខ្លួនឯងកាន់តែច្បាស់ ។ ស្គាល់កាន់តែច្បាស់ ខ្ញុំកាន់តែដឹងថាមានរឿងជាច្រើន ដែលមនុស្សជាច្រើនមិនដែលដឹង ហើយមានចំណេះដឹងខ្លះ វាមិនបានឋិតក្នុងកម្រិតខួរក្បាលទេ តែត្រូវប្រើចិត្តទៅពាល់។ មានតែអ្នកពាល់ទេ ទើបយល់ពីជម្រៅនៃធម្មជាតិពិតប្រាកដ ។ យល់ច្បាស់ពីជ្រៅធម្មជាតិ យើងនឹងដឹងកាន់តែច្បាស់ថាអ្វីមានតម្លៃ អ្វីអត់តម្លៃ ហើយក៏កាន់តែដឹងថា អ្វីដែលយើងគួរលះបង់ដើម្បីវា និងអ្វីដែលមិនគួរឲ្យតម្លៃ ។ ស្គាល់ពីជម្រៅធម្មជាតិ យើងនឹងដឹងថាយើងមកពីណា ហើយរស់នៅទីនេះដើម្បីអ្វី ? មិនមែនដើម្បីទ្រព្យ មិនមែនដើម្បីភាពអស្ចារ្យ ប៉ុន្ដែគឺដើម្បីអ្វីដែលយើងយល់ថាមានតម្លៃ ហើយអ្វីៗទាំងនោះ គឺជាការកំណត់ពីធម្មជាតិ ដែលមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែដឹង ។

ក្នុងសម័យកាលនៃការប្រជែង មានតែមនុស្សដែលមិនប្រជែងទេ ទើបជាអ្នកឈ្នះ ពិតប្រាកដ ។ កំពូលមហាសេដ្ឋីអាមេរិក លោក ប៊ីលហ្គែត បានបង្ហើបថា " ចង់ជោគជ័យក្នុងជីវិត កុំធ្វើការយកបរិមាណ តែត្រូវធ្វើការយកគុណភាព " ព្រះពុទ្ធក៏ទ្រង់សម្ដែងថា " សត្រូវដ៏សាហាវ គឺចិត្តច្របូកច្របល់ " ។ ចង់ឈ្នះកុំប្រជែងឈ្នះ តែត្រូវប្រជែងយកគុណតម្លៃ ។ ចង់ក្លាយជាមនុស្សមានតម្លៃ ត្រូវហ៊ានលះបង់ដើម្បីបង្កើតតម្លៃ ។ មិនថាក្នុងបរិបទណាទេមនុស្សមានតម្លៃ គឺជាមនុស្សដែលមានគុណតម្លៃក្នុងចិត្តអ្នកដទៃ ហើយមនុស្សដែលលះបង់ដើម្បីគុណតម្លៃ គឺតែងតែមានជីវិតរស់នៅដ៏មានតម្លៃជានិច្ច

ខ្ញុំមិនប្រជែងធ្វើមនុស្សមានតម្លៃទេ តែខ្ញុំចង់ធ្វើជាមនុស្សដែលអាចដកដង្ហើមបានស្រួល និងអាចរស់នៅសុខសប្បាយដល់ចាស់ ព្រោះថាមនុស្សខ្លះ ប្រហែលគ្មានសំណាងនេះទេ ដោយសារមនុស្សជាច្រើនបានប្រើជីវិតរបស់គេបញ្ច្រាស់ធម្មជាតិ ។ មានតែមនុស្សដែលមានបញ្ញាប៉ុណ្ណោះ ទើបឈ្នះរនាំងជីវិត ។ គេអាចមិនមែនជាអ្នកសរសេរ អ្នកនិយាយ ឬមនុស្សមានតម្លៃ តែគេអាចជាមនុស្សស្ងប់ម្នាក់ ដែលរស់នៅដើម្បីអ្នកដទៃដ៏ស្ងៀមស្ងាត់ ។ ខ្ញុំប្រើពាក្យគេ និងខ្ញុំ តែគេមិនមែនខ្ញុំទេ ៕

Cr. Sun Veasna

No comments:

Post a Comment