Thursday, May 30, 2019

ចាក់ឫសឲ្យជ្រៅ



គ្មានដើមរុក្ខជាតិណាដែលបែកមែកសាខានិងអាចចង្អុលវេហាបាន ដោយពុំបានចាក់ឫសជ្រៅជាប់នឹងដីនោះទេ។ បើសិនជាយើងយល់ថាកន្លែងដែលយើងបានឈរជើង វាជាកន្លែងត្រឹមត្រូវហើយ ចូរយើងឈរឲ្យជាប់ ទប់ខ្លួនឲ្យនឹង និងកុំរំជើបរំជួលព្រោះខ្យល់ខ្លាំងឲ្យសោះ។

បើយើងយល់ថាសេចក្តីល្អ វាជាច្បាប់អមតៈនៃជីវិតហើយ ចូរយើងឈរនៅខាងសេចក្តីពិតនិងភាពត្រឹមត្រូវជានិច្ចចុះ។ បើយើងយល់ថាការតស៊ូជាពន្លឺនៃជីវិតហើយ សូមយើងឈរនៅខាងការតស៊ូខិតខំប្រឹងប្រែងរហូតទៅ និងកុំដូរគំនិតឲ្យសោះ។ សូមឲ្យមនុស្សល្អទាំងអស់ អាចស៊ូទ្រាំនឹងភាពលំបាក ឬអាចឈ្នះលើឧបសគ្គជីវិតទាំងឡាយ។

សូមឲ្យមនុស្សល្អទាំងឡាយក្លាយជាមនុស្សខ្លាំង ទោះបីមេឃរលំភ្នំរលាយនៅចំពោះមុខក៏ដោយ។ សូមកុំបាក់ស្មារតីក្នុងការប្រយុទ្ធតស៊ូឲ្យសោះ។ មានជីវិត មានសង្ឃឹម។ មានសង្ឃឹម អាចឈ្នះ។ ជ័យជម្នះ គឺការមិនបោះបង់។ ការមិនបោះបង់នឹងឈ្នះដល់ទីបញ្ចប់។ បើមិនទាន់ឈ្នះ នោះមានន័យថាមិនទាន់ដល់ទីបញ្ចប់ទេ។ បើមិនទាន់ដល់ទីបញ្ចប់ គឺមិនត្រូវបោះបង់ មិនត្រូវឈប់ ហើយបើមិនទាន់ឈប់ មិនទាន់បោះបង់ យើងនឹងមិនចាញ់ឡើយ៕

Cr. ប្រតិទិនទស្សនៈ៣៦៥ថ្ងៃ

No comments:

Post a Comment