Wednesday, May 29, 2019

កុំល្អតែខាងក្រៅ



យើងតែងតែចង់ស្លៀកសម្លៀកបំពាក់ទាន់សម័យស្អាតៗ ដោយគ្រាន់តែបានឃើញម៉ូតស្អាតៗដែលគេតាំងបង្ហាញ ប៉ុន្ដែពេលខ្លះសម្លៀកបំពាក់នោះមិនសមនឹងរាងរៅរបស់យើងឡើយ ហើយបើយើងនៅតែបន្ដស្លៀក វានឹងធ្វើឲ្យយើងក្លាយជាអាក្រក់មើលលើសមុន ។ របស់ខ្លះដ្បិតវាស្អាត ដ្បិតវាមើលទៅគួរឲ្យចង់បាន ប៉ុន្ដែមិនប្រាកដថាវាសមនឹងយើងទេ ។ យើងចង់ស្លៀកឈុតស្អាត ទាំងដែលយើងមិនបានសម្រករាងឲ្យសមនឹងឈុត ។ យើងតែងតែចង់បានរបស់ល្អៗលម្អជីវិត ទាំងដែលពេលខ្លះយើងភ្លេចធ្វើខ្លួនឲ្យមានតម្លៃ ។ មានមនុស្សទាន់សម័យស្លៀកពាក់ស្អាតៗ ប្រើរបស់ប្រេនៗ ជិះឡានទំនើប ហ៊ឺហារ ប៉ុន្ដែពេលខ្លះពួកគេចោលសំរាមផ្ដេសផ្ដាស់ និយាយសម្ដីអសីលធម៌ ធ្វើរឿងស្មោគគ្រោក ជំពាក់លុយគេមិនសង ឬធ្វើជាមនុស្សពុំត្រឹមត្រូវ ពុំសមនឹងតម្លៃដែលគេបានសម្ញែងសោះឡើយ ។ ដ្បិតគ្មាននរណាល្អឥតខ្ចោះ តែយ៉ាងហោចណាស់យើងគួរតែល្អឲ្យបានលើសពី ៥០ ដែរ ។

យើងមិនអាចក្រោកឈរដោយគ្មានជើងជាន់ដីដ៏កខ្វក់បានទេ ដ្បិតជើងដ៏កខ្វក់ជាអ្នកទ្រខ្លួនប្រាណ ។ ងើយមើលទៅលើតែកុំភ្លេចមើលក្រោម គិតរឿងស៊ីវិល័យ ហ៊ឺហារ តែកុំភ្លេចអប់រំចរិតឲ្យថ្លៃថ្នូរផង ។ យើងមិនអាចមានតម្លៃដោយគ្រាន់តែមានរបស់ថ្លៃៗ ហើយប្រើជីវិតបែបថោកទាបបានទេ ។ មិនថាកាលៈទេសៈណាទេ ការរស់នៅដែលមានតម្លៃ ពុំគ្រាន់តែថ្លៃថ្នូរសម្បកក្រៅឡើយ សំខាន់ខាងក្នុងត្រូវតែស្អាតផងដែរ ។ ដ្បិតការរស់នៅត្រូវការសម្ញែងខ្លះ ប៉ុន្ដែបើមិនសមតម្លៃជាមនុស្សល្អទេ នោះការសម្ញែងនោះនឹងប្ដូរមកវិញនូវការសើចចំអកពីក្រោយខ្នងវិញជាមិនខាន ថាមិនត្រូវយើងអាចនឹងត្រូវគេលួចតិះដៀលទៀតផង ។ ធ្វើជាមនុស្សត្រូវមានតម្លៃ ហើយដើម្បីមានតម្លៃយើងគួរតែល្អទាំងក្នុងទាំងក្រៅ ហើយដើម្បីល្អទាំងក្នុងទាំងក្រៅបាន យើងគួររស់នៅប្រកបដោយគុណធម៌

Cr. Sun Veasna

No comments:

Post a Comment