Wednesday, May 29, 2019

មេដឹកនាំដែលស្តែងគុណធម៌



ខ្ញុំគោរពមនុស្សក្នុងនាមជាមនុស្សពិត ហើយខ្ញុំរឹតតែគោរពមនុស្សណាដែលអាចដឹកនាំមនុស្សដទៃឲ្យដើរតាមខ្លួនចេញពីចិត្តបាន ចេញពីការស្ម័គ្រចិត្ត និងដោយក្តីអំណររីករាយ។ ការដឹកនាំអ្នកដទៃដ៏ត្រឹមត្រូវ គឺត្រូវនាំមនុស្សដោយប្រើប្រាស់នូវកម្លាំងដែលខ្លួនបានកសាង ទៅធ្វើការងារក្នុងនាមប្រយោជន៍រួម។ មនុស្សណាដែលអាចដឹកនាំអ្នកដទៃបាន ឲ្យដើរតាមខ្លួនបាន ក៏ពុំមែនជាបុគ្គលធម្មតាប៉ុន្មានដែរ។ ក្នុងន័យ ពុំធម្មតា នេះ គឺខ្ញុំចង់សំដៅដល់ខ្លឹមសារពីរយ៉ាង៖ ទី១. មនុស្សពូកែបោក ក្លែងក្លាយ និងមនុស្សធ្វើការងារយកមុខមាត់, និងទី២. មនុស្សធ្វើការងារក្នុងន័យប្រយោជន៍រួមពិតប្រាកដ

មុននឹងយើងសម្រេចចិត្តថា ទៅទីណាជាមួយអ្នកណា គឺយើងត្រូវសួរបុគ្គលនោះថា តើអ្នកនាំខ្ញុំទៅណា? ធ្វើដើម្បីអ្នកណា? ដើម្បីប្រយោជន៍យើង ឬដើម្បីប្រយោជន៍អ្នក ឬដើម្បីប្រយោជន៍រួម? បើក្នុងលក្ខខណ្ឌប្រយោជន៍បុគ្គល, មួយបូកមួយ គឺត្រូវស្មើនឹងពីរ (ប្រយោជន៍ចែកដោយសមភាពគ្នា ដ្បិតបើអ្នកប្រឹងបានច្រើន ហើយអ្នកខ្ចិលបានតិច ដោយពុំអាចកេងប្រវ័ញ្ចគ្នាឡើយ)។ ប៉ុន្តែបើក្នុងលក្ខខណ្ឌប្រយោជន៍រួម គឺត្រូវមានចិត្តលះបង់ទាំងអស់គ្នា។ ក្នុងនាមជាមេដឹកនាំ គឺត្រូវយល់ពីលក្ខខណ្ឌទាំងអស់នេះឲ្យបានច្បាស់លាស់ ដ្បិតបើមិនដូច្នេះទេ យើងនឹងក្លាយទៅជាមេដឹកនាំដែលស្តើងគុណធម៌ និងលម្អៀង។

មិនថាមេដឹកនាំល្អ ឬមេដឹកនាំអាក្រក់ទេ គឺត្រូវតែមានគុណធម៌ជាប់ខ្លួនជានិច្ចដែរ។ មេដឹកនាំល្អមានគុណធម៌ជាមួយនឹងកូនចៅ ហើយមេដឹកនាំអាក្រក់ ក៏ត្រូវមានគុណធម៌ជាមួយនឹងកូនចៅដែរ ដ្បិតបើគ្មានគុណធម៌ទេ ឬគុណធម៌ស្តើងពេក គឺគ្មានអ្នកណាចង់នៅក្បែរឡើយ។ បើគ្មានកម្លាំង គឺគ្មានអំណាច ហើយការងារធំពុំអាចសម្រេចបានឡើយ។ មួយឆ្នាំកន្លះជាងមកហើយ ដែលខ្ញុំចេះតែសិក្សាពីផ្នត់គំនិតដឹកនាំរបស់មេដឹកនាំចិនសព្វថ្ងៃ គឺ ស៊ី ជីនពីង។ តើមេដឹកនាំចិន ស៊ី ជិនពីង មានផ្នត់គំនិតបែបណាទាក់ទងនឹងគុណធម៌នេះ? មុននឹងលើកឡើងពីទស្សនៈមេដឹកនាំចិន ស៊ី ជិនពីង, ខ្ញុំសូមរម្លឹកទៅដល់ ខុង ជឺ និងឡៅ ជឺ ដែលជាមនុស្សល្បីល្បាញក្នុងនាមជាអ្នកចេះដឹង និងជាអ្នកប្រាជ្ញចិននាសម័យបុរាណសិន។

ខុង ជឺ ពោលថា គុណធម៌ វាសំខាន់ជាងធម្មធាតុទឹកនិងធម្មធាតុភ្លើងដែលមនុស្សត្រូវការទៅទៀត។ ឡៅ ជឺ បង្រៀនសិស្សឲ្យខ្វល់ខ្វាយពីរឿងគុណធម៌ តែដល់ខ្មែរយើងខ្លះយល់ច្រឡំគំនិតរបស់ឡៅ ជឺ ថាឲ្យ ចេះបត់បែនក្រឡិចក្រឡុចដូចសភាពនៃទឹក។ ខ្ញុំមិនដឹងថាតើការបកស្រាយបែបនេះ មានមូលដ្ឋានឈរលើការសិក្សាស៊ីជម្រៅ ឬបែបណាទេ។ ប៉ុន្តែបើតាមគោលការណ៍ពិតប្រាកដរបស់ឡៅ ជឺ ពុំបានបង្រៀនបែបនេះទេ។ អ្នកដែលត្រូវការឯកសារ ខ្ញុំអាចចែករំលែកជូនគម្ពីរតៅ (Tao Te Ching) ជាភាសាបរទេសឲ្យអានបាន។

រឿងគុណធម៌នេះ ដោយមិនថាមេដឹកនាំល្អឬអាក្រក់ទេ គឺសុទ្ធតែត្រូវការប្រើគុណធម៌ ដ្បិតវាអាចជួយពង្រឹងស្មារតីក្រុម និងផ្តល់ទំនុកចិត្តដល់អ្នកដើរតាម។ មេដឹកនាំអាក្រក់យ៉ាងណាក៏ដោយ ក៏ត្រូវចេះសម្តែងធ្វើចិត្តល្អ ចេះប្រើគុណធម៌ល្អ ដាក់កូនចៅដែរ។ បើមិនចេះសម្តែងគុណធម៌ដាក់អ្នកក្រោមទេ តើអាចដឹកនាំម្តេចកើត។ ខ្ញុំប្រើពាក្យថា នៅជាមួយមិត្ត ឲ្យប្រើភាពស្មោះត្រង់ គុណធម៌ ធ្វើសេចក្តីល្អដាក់គ្នា

ផ្ទុយទៅវិញ បើនៅជាមួយមនុស្សដែលមិនមែនជាមិត្ត (សត្រូវ) គឺត្រូវប្រើយុទ្ធសាស្រ្ត។ នេះជាទ្រឹស្តី ឆ្មាសឆ្មាខ្មៅ សំខាន់ឲ្យតែចាប់កណ្តុរបាន របស់ តេង ស៊ីវពីង។ មិត្តឬសត្រូវ វាមិនសំខាន់ទេ តែសំខាន់ គឺប្រយោជន៍។ ស៊ី ជិនពីង ពោលថា យើងពុំគួរបារម្ភអំពីឋានៈរបស់ខ្លួនធំតូចពេកទេ តែត្រូវបារម្ភថាតើខ្លួនបានពង្រឹងគុណធម៌របស់ខ្លួនបានកម្រិតណា។ មានរឿងមួយទៀតដែលមេដឹកនាំគួរចាំ គឺ សច្ចភាពមិនអាចបាំងជិត ការពិតមិនអាចលាក់បានយូរ។ ភាពត្រឹមត្រូវ តែងឈ្នះទង្វើអាក្រក់។ ធ្វើជាមេដឹកនាំល្អ ប្រសើរជាងមេដឹកនាំខ្លាំងក្នុងផ្លូវខុស

We should not worry whether our status is high enough, but whether our moral cultivation needs to be improved. Xi Jinping

No comments:

Post a Comment