Thursday, May 23, 2019

ចិត្តអវិជ្ជា



ចំណេះដឹង វាអាចជាចំណងចងខ្លួនមនុស្ស ឬអាចប្រើសម្រាប់ស្រាយចំណងបាន។ នេះជាលក្ខណៈចំណេះដឹងមុខពីរ។ មនុស្សខ្លះមោហៈបាំងដោយសារតែជឿលើចំណេះដឹងជ្រុលពេក ឬលង់នឹងរឿងហេតុផលតក្កវិជ្ជាហួសប្រមាណ។ រីឯចំណែកមនុស្សខ្លះទៀតវង្វេងនឹងការពាល់តាមរយៈអារម្មណ៍ដែលជាអំណាចនៃចិត្ត រហូតបង្កើតភាពស្រមើស្រមៃផ្តេសផ្តាសខុសការពិតនិងកាលៈទេសៈ។ ការអប់រំដ៏ត្រឹមត្រូវសម្រាប់មនុស្ស គឺត្រូវអប់រំទាំងខួរក្បាល និងអប់រំចិត្ត ដែលភាសាមួយទៀតហៅថា Self knowledge Self education។ នេះជាការអប់រំថ្នាក់ពិសោធចិត្តនិងខួរក្បាល។

សុភមង្គលក្នុងជីវិត គឺជាតុល្យភាព/ថ្លឹងស្មើរគ្នារវាងចិត្ត (បេះដូង/អារម្មណ៍) និងគំនិត (ខួរក្បាល/ចំណេះដឹង)។ ប៉ុន្តែសង្គមមនុស្សបច្ចុប្បន្ន គឺមិនទទួលបានការអប់រំសោះពីរឿងបេះដូង។ ដូច្នេះហើយទើបធ្វើឱ្យចិត្តចេះតែប្រែប្រួល រំជើបទប់ខ្លួនស្ទើរតែមិនជាប់។ ឧទាហរណ៍៖ បើជាអ្នកនយោបាយ គឺជាអ្នកនយោបាយជ្រុលខ្លួនតាមក្បួនយុទ្ធសាស្រ្តដែលសត្រូវរៀបចំទុកឱ្យដើរចូល។ បើជាយុវជនស្រឡាញ់សង្គម គឺនឹងក្លាយទៅជាយុវជនដែលទំនងជ្រុលនិយម អារម្មណ៍រំជើបរំជួលឆេះជួលក្តៅ។ បើជាអ្នកធ្វើការងារសង្គម គឺនឹងក្លាយទៅជាអ្នកដែលធ្វើដោយអំនួត មានចិត្តមើលបំណាំគ្នា និងគិតថាគ្មានអ្នកណាប្រឹងបម្រើការងារសង្គមដូចខ្លួនឡើយ។

បើជាមេដឹកនាំទៀតសោត ហើយបើវ័យនៅក្មេងទៀតសោត គឺងាយនឹងរងគ្រោះដោយសារសត្រូវ ដ្បិតព្រោះតែចិត្តជាចិត្តអវិជ្ជា (មានចំណេះដឹងពេញខួរក្បាល តែបេះដូងទទេ)។ នេះជាការទប់ខ្លួនមិនជាប់ឡើយ។ បើជាបព្វជិតក្នុងសាសនា គឺនឹងអាចពិបាកទប់ខ្លួនក្នុងកាមារម្មណ៍និងតណ្ហា (Karma) នៅពេលណាដែលមោហៈបាំងម្តងៗ។ ដូច្នេះហើយទើបបានជាសាសនាខ្លះពុំអនុញ្ញាតឱ្យមានអ្នកបួសជានារីភេទនៅក្បែរអ្នកបួសជាបុរស។ លក្ខណៈដែលរៀបរាប់ខ្លះខាងលើ វាសុទ្ធតែជាអ្វីដែលកើតចេញមកពីចិត្តដែលគ្មានការអប់រំ ឬហៅថា ចិត្តអវិជ្ជា។ ព្រះពុទ្ធសម្តែងថា ចិត្តជាប្រធាន។ ខួរក្បាលឆ្លាតក្នុងថ្នាក់បញ្ញាយ៉ាងណាក៏ដោយ ប៉ុន្តែពេលណាដែលចិត្តអវិជ្ជាហើយ គឺមោហៈនឹងបាំង លែងដឹងខុសត្រូវ វង្វេង។

ប៉ុន្មានអាទិត្យមុន ខ្ញុំបានអានកម្រងរឿងនិទានអប់រំ២០០ទំព័រជាង ដែលមានចំណងជើងថា រឿងនិទានមុនពេលចូលគេង នៃលទ្ធិស៊ិកនិយម (Sikhism)។ រឿងនេះនិយាយអំពីសិល្បៈការរស់នៅ និងវីធីសាស្រ្តរស់នៅប្រកបទៅដោយសេចក្តីសុខក្នុងជីវិត។ កាលបរមគ្រូ ណាណៈ (Guru Nanak) នៅវ័យ ៧ឆ្នាំ, គ្រូក្នុងថ្នាក់រៀនរបស់ណាណៈបានសួរថា តើហេតុអ្វីអ្នកមិនរៀននូវមេរៀនទាំងអស់នេះ? បរមគ្រូ ណាណៈ តបថា ជម្រាបប្រសាសន៍លោកគ្រូ! មេរៀនទាំងអស់នេះ វាពុំបានបង្រៀនពីវីធីរួចរំដោះចិត្តចេញពីចំណង់ តណ្ហា លោភៈ មោហៈទេ។ ការអប់រំពិតប្រាកដត្រូវតែជាចំណេះដឹងដែលដុតកម្ទេចភាពជាប់ជំពាក់ចេញពីចិត្តគំនិត និងអាចរួចរំដោះខ្លួនចេញពីភាពភ័យខ្លាចស្លាប់និងខ្លាចកើត

ជាចុងក្រោយ ក្នុងនាមជាអ្នកសិក្សាដូចគ្នា ធ្លាប់ឆ្លងកាត់វ័យឈាមរាវដូចគ្នា, ខ្ញុំសូមផ្តល់ជាគំនិតខ្លះថា យុវជនទាំងឡាយណាដែលចង់ដើរចេញឱ្យពីផុតពីលក្ខណៈជាយុវជនធម្មតា តម្រង់ទៅរកការគ្រប់គ្រងចិត្តខ្លួនឯងបាន និងមានភាពចាស់ទុំហួសប្រមាណ គឺសូមធ្វើជាអ្នកសិក្សាដែលផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការពិសោធផ្ទាល់។ តើពិសោធទ្រឹស្តីរបៀបយ៉ាងដូចម្តេច? សម្រាប់ខ្ញុំ ការពិសោធគឺត្រូវធ្វើតាមរបៀបពីរយ៉ាង៖ ១. ធ្វើដោយយកទ្រឹស្តីទៅអនុវត្តន៍, ២. អង្គុយសមាធិនៅស្ងៀមដោយយកទ្រឹស្តីមកពិចារណា ឬដាក់ទ្រឹស្តីឱ្យបេះដូងឆ្លើយ (លំហូរនៃចិត្ត)។ ក្នុងលក្ខខណ្ឌនេះ យើងនឹងក្លាយទៅជាអ្នកអានតិច រៀនតិច តែចេះដឹងច្រើន ចេះដឹងក្នុងថ្នាក់ស៊ីជម្រៅ មិនត្រឹមតែថ្នាក់បញ្ញាសើៗទេ ប៉ុន្តែជាកម្រិតជ្រាបដល់ថ្នាក់ចិត្តទៀតផង។ ខ្ញុំសង្កេតឃើញយុវជនជាច្រើន រំជើបខ្លាំងណាស់ នៅពេលណាដែលខ្លួនឡើងបានមួយកម្រិត និងពីការផ្លាស់ប្តូរមួយទៅការផ្លាស់ប្តូរមួយទៀត។ ដំណើរឡើងបែបនេះ វាងាយនឹងធ្លាក់មកវិញខ្លាំងណាស់។ គ្រោះថ្នាក់៕

No comments:

Post a Comment