Friday, May 31, 2019

ដើរបញ្ច្រាសសច្ចភាព



ខ្ញុំមិនស្មោះត្រង់ទេ ព្រោះខ្ញុំមិនដែលតាំងខ្លួនជាមនុស្សស្មោះត្រង់ ។ ខ្ញុំមិនត្រឹមត្រូវទេ ព្រោះខ្ញុំមិនដែលតាំងខ្លួនជាមនុស្សត្រឹមត្រូវ ។ ខ្ញុំមិនគួរឲ្យចូលចិត្តទេ ព្រោះខ្ញុំមិនដែលរស់នៅផ្គាប់ចិត្តអ្នកដទៃ ។ ខ្ញុំមិនមានមុខមានមាត់ណាស់ណាទេ ព្រោះខ្ញុំមិនចេះអែបអប យកចិត្តយកថ្លើមអ្នកដទៃ ។ ខ្ញុំមិនរួសរាយទេ ព្រោះខ្ញុំមិនអាចញញឹមដាក់មនុស្សដែលមើលមិនឃើញតម្លៃរបស់ខ្ញុំ ។ ខ្ញុំមិនចូលចិត្តពឹងគេទេ ព្រោះខ្ញុំមិនចង់ជំពាក់គុណអ្នកណា ។ ខ្ញុំគ្មានបក្ខពួកទេ ព្រោះខ្ញុំមានសន្ដិភាពនៅក្នុងបេះដូងរបស់ខ្ញុំ ។ ខ្ញុំមិនលើកលែងឲ្យអ្នកដែលធ្វើខុសចំពោះខ្ញុំទេ ព្រោះខ្ញុំតែងសងសឹកគេតាមរយៈការអភិវឌ្ឍសមត្ថភាពខ្លួនឯង ។ ហើយខ្ញុំជឿថាមានមនុស្សជាច្រើន មានចរិតនិស្ស័យដូចខ្ញុំ ។

គ្រប់យ៉ាងដែលកើតឡើង វាតែងមានហេតុមានផល ពេលខ្លះដោយសារតែយើងមិនយល់ពីគេ ទើបយើងចេះតែវាយតម្លៃគេផ្ដេសផ្ដាស ។ វាមិនអាចទៅរួចឡើយ ដែលមនុស្សម្នាក់ ចង់ឲ្យដូចមនុស្សម្នាក់ផ្សេងទៀត ។ សុភាសិតចិនមួយឃ្លាបានប្រដៅថា " វាមិនអាចទៅរួចទេ ដែលផ្លែឈើពេញមួយដើម ត្រូវតែមានរសជាតិដូចគ្នា " មនុស្សម្នាក់ៗមានរបៀបរស់នៅផ្សេងគ្នា ។ រូបមន្ដជីវិតមិនមែនត្រូវតែ 4+4=8 នោះទេ ។ មានរឿងខ្លះយើងយល់មិនដល់ មានលំហាត់ខ្លះយើងធ្វើមិនត្រូវ ។

មានមនុស្សជាច្រើនបានព្យាយាមណែនាំអ្នកដទៃ ច្រើនជាងណែនាំខ្លួនឯង ។ មានអ្នកស្នេហាសង្គមជាច្រើនបានជេរប្រមាថអ្នកដទៃ ដើម្បីវឌ្ឍនភាពសង្គម ។ មានអ្នកបង្កអសន្ដិសុខសង្គមជាច្រើនបានព្យាយាមបង្កើតបក្ខពួករបស់ខ្លួន ។ មានអ្នកតាំងខ្លួនជាអ្នកស្នេហាជាតិជាច្រើន បានប្រកាន់វប្បធម៌រើសអើង ។ មានមនុស្សជាច្រើនដើរបញ្ច្រាសសច្ចភាព ដើម្បីស្វែងរកសច្ចភាព ។ ហើយមានមនុស្សតែមួយប្រភេទគត់ដែលដើរលើមាគ៌ាត្រឹមត្រូវ នោះគឺបុគ្គលសន្ដិភាពដែលពេញដោយគុណធម៌ និងចំណេះដឹង ។ ខ្ញុំប្រើពាក្យជាច្រើន គឺមិនមែនទាំងអស់ទេ ៕

Cr. Sun Veasna

No comments:

Post a Comment