សេចក្តីស្ងប់ពុំមែនជាការនៅធ្មឹងរឹងខ្លួន ដោយឥតសកម្មភាពនោះទេ
តែគឺជាការមិនធ្វើប្រតិកម្មតបទៅនឹងអកុសលកម្មទាំងឡាយ ដែលកើតឡើងចំពោះយើងផង និង
ចំពោះសង្គម ដែលយើងកំពុងរស់នៅផង ។ មានន័យថា
សេចក្តីស្ងប់គឺជាការធ្វើការងារយ៉ាងសកម្មទៅលើទង្វើជាកុសល
ដែលនឹងឆ្ពោះទៅរកសន្តិភាពផ្លូវចិត្តពិតប្រាកដ ។
តាមធម្មតាយើងចូលចិត្តរិះគន់សង្គមនៅពេលមានបញ្ហា
ហើយតែងតែមើលរំលងប្រព្រឹត្តកម្មរបស់ខ្លួនឯងចំពោះសង្គម ។ គេនិយាយយ៉ាងសុះសាយទៅហើយថា "បើបុគ្គលពុំមានសន្តិភាព
សង្គមក៏នឹងគ្មានសន្តិភាព" ។ សូម្បីគ្រប់និកាយសាសនាក៏មិនដែលរំលង ឬ
ខាននិយាយរឿងនេះដែរ ។ ក៏ប៉ុន្តែ បើបុគ្គលជ្រើសរើសសន្តិភាព ដោយគេចវេះគ្រប់បញ្ហា
នោះគឺជាការខុសឆ្គងធ្ងន់ធ្ងរណាស់ ។
បើគ្រាន់តែនៅធ្មឹង
ដោយធ្វើមិនដឹងមិនឮគ្រប់បញ្ហា ដែលកើតឡើងក្នុងសង្គម ហើយអាចធ្វើឲ្យសង្គមមានសន្តិភាពបាន
ប្រហែលជាព្រះពុទ្ធមិនត្រូវលំបាកត្រាច់ចរទេសនាគ្រប់ទីកន្លែង
នៅក្រោយពេលព្រះអង្គបានត្រាស់ដឹងដល់ទៅជាង ៤០ឆ្នាំនោះទេ ។ សេចក្តីពិត
សន្តិភាពអាចសម្រេចទៅបាន គឺដោយការប្រឹងប្រែងដ៏ខ្លាំងក្លាបំផុត ។
____
No comments:
Post a Comment