Monday, June 3, 2019

គ្មានរឿងត្រូវចិត្តគ្រប់ពេលទេ


ដោយសារតែខ្ញុំស្អប់ភាពរអ៊ូរទាំ ទើបខ្ញុំមិនដែលរអ៊ូរទាំ ។ បើទើសភ្នែក ខ្ញុំសុខចិត្តធ្វើម្នាក់ឯងដោយស្ងៀមស្ងាត់ ។ ខ្ញុំមិនយល់ពីមនុស្សដែលចូលចិត្តរអ៊ូរទាំទេ ម៉េចបានជាពួកគេចូលចិត្ត ហើយពេលខ្លះពួកគេនិយាយដដែលៗទៀតផង ។ រឿងខ្លះមិនគួររអ៊ូរទាំសោះ តែបែរជាធ្វើឲ្យកើតរឿង ។ តើរអ៊ូដើម្បីអ្វី ? តើដើម្បីបញ្ចេញកំហឹង ឬដើម្បីធ្វើឲ្យមានរឿងមិនសប្បាយចិត្តកើតឡើង ? ខ្ញុំតែងឃើញអ្នករអ៊ូ មិនដែលខ្វះរឿងរអ៊ូសោះ ដោយសារតែការរអ៊ូរទាំគឺមិនបានផល ទើបពួកគេរអ៊ូស្ទើររាល់ថ្ងៃ ។

ជីវិតរស់នៅជាមួយគ្នា វាមិនខុសពីអណ្ដាត និងធ្មេញឡើយ ក៏មិនខុសពីចានក្នុងរាវដែរ ។ ការរស់នៅជាមួយគ្នា មិនថាគ្រួសារ ឬមិត្តភក្ដិទេ បញ្ហាធំៗដែលបានកើតឡើង ភាគច្រើនគឺបណ្ដាលមកពីរឿងតូចតាច ខ្វះការយោគយល់គ្នា ។ លើលោកនេះពុំមាននរណាម្នាក់ចង់ស្ដាប់ពាក្យមិនពីរោះរបស់យើងទេ សូម្បីតែយើងខ្លួនឯង ។ រស់នៅជាមួយគ្នា ត្រូវចេះអធ្យាស្រ័យគ្នា បើឃើញទើសភ្នែកយើងគ្រាន់តែណែនាំគ្នាធម្មតាៗទៅបានហើយ ការយកកំហឹងមកដាក់មុខ វាមិនដែលហុចផលល្អមកឲ្យយើងទេ

បើយើងនិយាយគ្នាដោយស្រួល គេក៏ស្រួលស្តាប់ ការរស់នៅក៏ល្អប្រសើរទៅតាមហ្នឹងដែរ តែបើយើងហារមាត់ឡើងរអ៊ូ តើមានមនុស្សប៉ុន្មាននាក់ចង់ស្ដាប់ទៅ ? សូម្បីតែយើងខ្លួនឯង ពេលខ្លះធ្វើតម្រូវចិត្តខ្លួនឯងមិនត្រូវផង ចុះទម្រាំអ្នកដទៃលែងអីនឹងខុស ? ។ ភាសារអ៊ូមិនពីរោះស្ដាប់ទេ ការនិយាយគ្នាតាមសម្រួលទើបជាភាសាពីរោះពិតប្រាកដ ។

Cr. Sun Veasna

No comments:

Post a Comment