ជនបរទេសមួយរូបបានសរសេររឿងពិត
និងចំណុចពិសេសរបស់ព្រះពុទ្ធសាសនា ១៩ ចំណុចដែលមានចំណុចផ្សេងពីសាសនាដទៃដែលគួរឲ្យចាប់អារម្មណ៍។
១- ព្រះពុទ្ធសាសនា ជាសាសនាមួយបដិសេធថា
មិនមានអ្នកបង្កើតលោកទេ ដោយប្រកាន់ថា ជំនឿនេះគ្មានសារៈ ហើយលោកនេះកកើតឡើងពីធាតុទាំង៤
គឺធាតុដី ទឹក ភ្លើង និងខ្យល់តែប៉ុណ្ណោះ ។
២- ព្រះពុទ្ធសាសនា
មិនមែនជាប្រព័ន្ធជំនឿដែលប្រើពាក្យថា Religion ទេ ព្រោះពាក្យនេះ
មានន័យថា ត្រូវមានជំនឿលើព្រះជាម្ចាស់អ្នកបង្កើតលោក ។
៣- គោលដៅចុងក្រោយរបស់ព្រះពុទ្ធសាសនា
គឺលះកិលេសឲ្យអស់ ឲ្យរួចផុតពីការវិលកើតវិលស្លាប់ ឬវដ្ដសង្សារ មិនមែនត្រឹមតែទៅកើតលើឋានសួគ៌ប៉ុណ្ណោះទេ
។
៤- ព្រះពុទ្ធជាម្ចាស់ មិនមែនជាបុគ្គលអ្នកស្រោចស្រង់រំដោះសត្វលោកទេ
សត្វលោកត្រូវជួយខ្លួនឯង ដើម្បីឲ្យខ្លួនឯងរួចផុតពីកិលេសនិងវដ្ដសង្សារមួយនេះ។
៥- សម្ព័ន្ធភាពរវាងព្រះពុទ្ធ និងសាវក
គឺគ្រូ និងសិស្ស មិនមែនអ្នកតំណាងព្រះជាម្ចាស់ និងអ្នកបម្រើទេ។
៦- ព្រះពុទ្ធជាម្ចាស់
មិនធ្លាប់ឲ្យសាវកប្រើជំនឿ ដោយប្រាសចាកបញ្ញាមកកាន់សាសនានេះទេ
ព្រះអង្គទ្រង់បង្រៀនឲ្យប្រើបញ្ញា ពិចារណាពាក្យបង្រៀនរបស់ព្រះអង្គមុននឹងជឿ
ឲ្យឃើញសច្ចភាពដោយខ្លួនឯង
បុគ្គលដែលជាសាវកត្រូវនាំយកពាក្យបង្រៀនទាំងនេះទៅប្រព្រឹត្តប្រតិបត្តិដើម្បីឲ្យរួចផុតទុក្ខដោយខ្លួនឯង
ហើយក៏មិនមានអ្នកណាមួយជួយខ្លួនឲ្យរួចផុតបានក្រៅពីខ្លួនឯងឡើយ
ព្រោះព្រះអង្គគ្រាន់តែជាអ្នកណែនាំចង្អុលផ្លូវដ៏ត្រឹមត្រូវឲ្យខ្លួនដើរទៅតែប៉ុណ្ណោះ
។
៧- ពាក្យបង្រៀនរបស់ព្រះពុទ្ធជាម្ចាស់ ជាសច្ចភាពប្រចាំលោក
ដែលកើតមានរួចស្រេចមកហើយ ព្រះពុទ្ធជាម្ចាស់គ្រាន់តែជាអ្នកស្រាវជ្រាវរកឃើញ ឬពិសោធឃើញតែប៉ុណ្ណោះ
ព្រះអង្គគ្រាន់តែជាអ្នកបង្កើតទ្រឹស្ដីបង្រៀនបង្ហាញឡើង។
៨- នរកក្នុងព្រះពុទ្ធសាសនា
មិនមែនជាទីកន្លែងដែលឃុំឃាំងសត្វជានិរន្តរ៍ទេ បុគ្គលធ្វើបាបហើយ ស្លាប់ទៅកើតក្នុងនរក
ពេលណារួចបាបកម្មរបស់ខ្លួនហើយ ក៏អាចត្រឡប់ទៅកើតក្នុងភពល្អប្រសើរជាងនេះបាន។
សត្វដែលស្លាប់ទៅកើតក្នុងភពនានា មានភពទេវតា មនុស្ស ប្រេត
តិរច្ឆានក៏អាចត្រឡប់ទៅកើតក្នុងនរកវិញទៀតបានដូចគ្នា ។
៩- ព្រះពុទ្ធសាសនា
មិនបានបង្រៀនទ្រឹស្ដីរឿងបាបជាប់ខ្លួនបុគ្គល ដូចដែលសាសនាទេវនិយមបង្រៀនទេ
តែបង្រៀនរឿងច្បាប់នៃកម្ម ដែលមានទាំងកម្មល្អ កម្មអាក្រក់ និងកម្មអព្យាកត ។
១០- ព្រះពុទ្ធសាសនាបង្រៀនថា មនុស្ស
និងទេវតាទាំងឡាយ មានសមត្ថភាពនឹងអាចសម្រេចធម៌បាន
ប្រការសំខាន់គឺត្រូវប្រើសេចក្ដីព្យាយាមក្នុងការប្រតិប័តន៍
ដើម្បីជម្រះកិលេសឲ្យផុតពីចិត្តខ្លួនបាន
ព្រះពុទ្ធជាម្ចាស់ក៏ជាមនុស្សសាមញ្ញធម្មតាដែលអាចរួចផុតទុក្ខបាន
ព្រោះការប្រព្រឹត្តសន្សំបារមីអស់ច្រើនជាតិជាអនេក។
១១- ច្បាប់នៃកម្មរាល់រូបធាតុទាំងឡាយ
ជាអ្នកបកស្រាយថា ហេតុអ្វីមនុស្សកើតមកផ្សេងៗគ្នា។ ច្បាប់កម្មជាអ្នកបកស្រាយអំពីភពភូមិដែលពពួកសត្វនាំគ្នាទៅកើត
។
១២- ព្រះពុទ្ធសាសនា
ឲ្យផ្សាយក្ដីមេត្តាករុណាទៅដល់សព្វសត្វ គ្រប់ភូមិភព
ព្រះអង្គទ្រង់បង្រៀនឲ្យលះបង់អំពើបាបទាំងឡាយទាំងពួង គឺអកុសលកម្មបថ ១០
និងឲ្យប្រព្រឹត្តតែកុសលកម្មបថ ១០ជំនួសវិញ ។
១៣- ព្រះធម៌របស់ព្រះពុទ្ធ ទុកដូចជាក្បូន
ក្រោយពីការបំពេញសេចក្ដីព្យាយាមរហូតដល់បានរំលត់ទុក្ខហើយ អាស្រ័យនៅលើបុណ្យ
និងបាប
ព្រះធម៌ទាំងឡាយទាំងពួងមិនត្រូវប្រកាន់មាំឡើយ ។
១៤- មិនមានសង្រ្គាមស័ក្ដិសិទ្ធិ៍ក្នុងទស្សនព្រះពុទ្ធសាសនាទេ
ការសម្លាប់សត្វផ្ដាច់បង់អាយុជីវិត ការបៀតបៀនអ្នកដទៃដោយចេតនា។
បុគ្គលអ្នកធ្វើត្រូវមកទទួលផលកម្មនោះដោយខ្លួនឯង ទាល់តែរួចផុតពីវដ្ដសង្សារនេះ។
ការកាប់សម្លាប់ក្នុងនាមសាសនា រឹតតែធ្វើមិនបានឡើយក្នុងព្រះពុទ្ធសាសនា ។
១៥- ព្រះពុទ្ធជាម្ចាស់ទ្រង់បង្រៀនថា
កំណើតសង្សារវដ្ដនេះ មិនមានខាងដើម ហើយក៏មិនមានខាងចុងដែរ ប្រសិនបើសត្វនៅដំណើរការជីវិតទៅតាមអំណាចកិលេស
ដែលមានអវិជ្ជាជាគ្រឿងឃាំង មានតណ្ហាជាគ្រឿងចង រមែងត្រូវវិលកើតវិលស្លាប់បន្តរហូត ។
១៦- ព្រះពុទ្ធជាម្ចាស់
ទ្រង់ជាព្រះសព្វញ្ញូ (បុគ្គលដឹងសព្វដែលទ្រង់ចង់ដឹង)
ព្រះពុទ្ធជាម្ចាស់មិនមែនព្រះអទិទេពអ្នកមានអំណាចទល់មេឃផុតដីបង្កើតធម្មជាតិផ្សេងៗឲ្យកើតឡើងទេ។
១៧-
ការអប់រំធ្វើសមាធិសំខាន់ណាស់ក្នុងព្រះពុទ្ធសាសនា
សូម្បីសាសនាដទៃក៏មានបង្រៀនឲ្យមនុស្សមានសមាធិដែរ ក៏ប៉ុន្តែមានតែព្រះពុទ្ធសាសនាប៉ុណ្ណោះដែលបង្រៀនពីរបៀបធ្វើវិបស្សនា
ដែលជាបច្ច័យដ៏សំខាន់ឲ្យដឹងច្បាស់ថា រាល់រូបធាតុទាំងឡាយមានការកើត និងមានការរលត់ ។
១៨- លក្ខណ៍គោលបង្រៀនរឿង សុញ្ញតា
ឬនិព្វានជាលក្ខណៈពិសេសមួយក្នុងព្រះពុទ្ធសាសនា ចាត់ទុកថា
ជាពាក្យបង្រៀនមានកម្រិតខ្ពស់របស់ព្រះពុទ្ធសាសនាផង ព្រោះថារាល់រូបធាតុទាំងឡាយក្នុងលោកទាំងមូលនេះ
គ្មានរូបធាតុណាមួយទៀងទាត់ឋិតថេរជានិរន្តរ៍ទេ មានតែបច្ច័យគឺដី ទឹក ភ្លើង ខ្យល់
ប្រកបផ្សំគ្នាឡើងមក។ រូបធាតុទាំងឡាយក្នុងលោកនេះ ទើបធ្លាក់ចុះក្នុងសភាពអនិច្ចំ ទុក្ខំ
និងអនត្តាដូចៗគ្នាទាំងអស់។ ព្រះពុទ្ធសាសនាទើបមិនទោទន់ទៅតាមទស្សនសាសនាទេវនិយម
ឬតាមទស្សនរូបធាតុនិយម ដែលមានអវិជ្ជាជាគ្រឿងឃាំង មានតណ្ហាជាគ្រឿងចង ត្រូវវិលកើតវិលស្លាប់ទេ
តែសាវកត្រូវបដិបត្តិហ្វឹកហាត់អប់រំចិត្តខ្លួនតាមសមាធិ និងវិបស្សនា
រហូតដល់បានសម្រេចមគ្គផលជាន់ខ្ពស់ រំលត់ទុក្ខស្ងប់ត្រជាក់ចូលកាន់ព្រះនិព្វាន ។
១៩- វដ្ដចក្រ ឬសង្សារវដ្ដ
ជាពាក្យបង្រៀនរបស់ព្រះពុទ្ធសាសនាដរាបណាដែលសព្វសត្វមិនទាន់បានរួចផុតពីកិលេសនឹងវិលកើតស្លាប់ពីភពមួយទៅភពមួយទៀត
ទៅតាមកម្លាំងបង្វិលរបស់កម្ម រកទីបំផុតគ្មាន រហូតដល់បានសម្រេចធម៌ ដូច្នោះ
ទើបសព្វសត្វត្រូវជួយខ្លួនឯង ដើម្បីអប់រំក្នុងត្រៃសិក្ខា ឲ្យរួចផុតពីលោភៈ ទោសៈ
និងមោហៈ ឬអវិជ្ជា ដើម្បីឲ្យខ្លួនរួចផុតពីវដ្ដសង្សារមួយនេះបាន ៕
តែក៏គួរឲ្យសោកស្ដាយផងដែរ
ដែលមិនបានស្គាល់ឈ្មោះជនជាតិបរទេសអ្នកសរសេរចំណុចទាំង ១៩ នេះ តែស្ដែងឲ្យដឹងថា
ជាអ្នកឈ្វេងយល់បានច្រើនជាងអ្នកកាន់ព្រះពុទ្ធសាសនាដែលអះអាងខ្លួនថាជាអ្នករាប់អានគោរពព្រះពុទ្ធសាសនាទៀតផង
។ សូមផ្ដល់ការគោរពរាប់អាន និងលើកសរសើរជាពន់ពេកស្មោះអស់ពីចិត្តពីអ្នកបកប្រែ ។
គោលគំនិតល្អដើម្បីជីវិត
No comments:
Post a Comment